យានអវកាស​ចិន​ចុះចត​នៅ​ចុង​ឆ្ងាយ​នៃ​ព្រះ​ចន្ទ​ជា​លើកដំបូង​លើ​ពិភពលោក​

623
ចែករម្លែក

​យានអវកាស​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​របស់​ចិន​បាន​ចុះចត​នៅ​ចុង​ដ៏​ឆ្ងាយ​នៃ​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា​នេះ​ជា​លើកដំបូង​បង្អស់​លើ​ពិភពលោក ដែល​ជំរុញ​មហិច្ឆតា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ក្លាយជា​មហាអំណាច​អវកាស​។​

​ទីភ្នាក់ងារ​អវកាស​ជាតិ​របស់​ចិន​បាន​និយាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា យាន Chang’e-4 បាន​ចុះចត​និង​បញ្ជូន​រូបថត​នៃ “​ផ្នែក​ងងឹត​” របស់​ព្រះ​ចន្ទ​ទៅកាន់​ផ្កាយរណប Queqiao ដែល​នឹង​បញ្ជូនបន្ត​នូវ​បណ្តាញ​ទូរគមនាគមន៍​មកកាន់​អ្នកបញ្ជា​នៅលើ​ផែនដី​។​

​ប៉េកាំង​កំពុង​ចាក់​បញ្ចូល​លុយរាប់​ពាន់​លាន​ចូលក្នុង​កម្មវិធី​អវកាស​ដំណើរការ​ដោយ​យោធា ដោយ​សង្ឃឹមថា​នឹងមាន​ស្ថានីយ​អវកាស​នៅ​ឆ្នាំ ២០២២ ហើយ​ទីបំផុត​នឹង​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​ចន្ទ​។​

​បេសកកម្ម​របស់​យាន Chang’e-4 ដែល​ដាក់ឈ្មោះ​តាម​ព្រះ​នាង​គង​ស៊ី​អ៊ី​ម​ក្នុង​រឿង​ទេវ​កថា​របស់​ចិន ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខែធ្នូ​ពី​មជ្ឈមណ្ឌល​ស៊ី​ចាង​។​

​វា​គឺជា​យាន​ស្រាវជ្រាវ​ចិន​ទី​២​ដែល​បាន​ចុះចត​នៅលើ​ឋាន​ព្រះ​ចន្ទ បន្ទាប់ពី​បេសកកម្ម​របស់​យាន Jade Rabbit ក្នុង​ឆ្នាំ ២០១៣​។​

​ខុសពី​ផ្នែក​ជិត​នឹង​ព្រះ​ចន្ទ ដែល​ផ្តល់នូវ​តំបន់​រាបស្មើ​ច្រើន​ដើម្បី​ចុះចត ផ្នែក​នៅ​ខាងចុង​ដ៏​ឆ្ងាយ​គឺ​សម្បូរ​ដោយ​តំបន់ភ្នំ​និង​ទីទួល​។​

​ព្រះ​ចន្ទ​ពុំ​វិល​ជុំវិញខ្លួន​វា​ទេ ដូច្នេះ​បានន័យថា ផ្នែក​ដដែល​របស់​វា​គឺ​បែរមុខ​មករក​ផែនដី​រហូត​។​

​យាន Chang’e-4 នឹងធ្វើ​ការពិសោធន៍​ចំនួន​៦​ពី​ប្រទេស​ចិន​និង​៤​ទៀត​ពី​បរទេស​រួមទាំង​ការសិក្សា​អំពី​តារាសាស្ត្រ​ដែលមាន​ប្រេកង់​វិទ្យុសកម្ម​ទាប ក្នុង​គោលបំណង​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ការ​កង្វះ​នៃ​ការ​ជ្រៀត​ចូលទៅ​ចុង​ឆ្ងាយ​នៃ​ព្រះ​ចន្ទ​។​

​រដ្ឋបាល​អវកាស​ជាតិចិន​បាន​និយាយថា យាន​នេះ​នឹងធ្វើ​តេស្ត​រុករក​រ៉ែ​និង​រកមើល​ជាតិ​វិទ្យុសកម្ម​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

យាន Chang’e-4 ចុះចត​នៅ​ចុង​ឆ្ងាយ​បំផុត​នៃ​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍
យាន Chang’e-4 ចុះចត​នៅ​ចុង​ឆ្ងាយ​បំផុត​នៃ​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍