យានអវកាស​ជប៉ុន​ទម្លាក់​គ្រាប់បែក​នៅលើ​អាចម៍ផ្កាយ​ដើម្បី​បង្កើត​រណ្តៅ​មួយ​សម្រាប់​ប្រមូល​សំណាក​គំរូ​យកមក​វិភាគ​

473
ចែករម្លែក
  • 62
    Shares

​ទីភ្នាក់ងារ​អវកាស​របស់​ជប៉ុន​បាន​និយាយថា យានអវកាស Hayabusa2 របស់ខ្លួន​បាន​ទម្លាក់​គ្រាប់បែក​ដោយ​ជោគជ័យ ដែល​បង្កើតឡើង​ដើម្បី​បង្កើត​រណ្ដៅ​មួយ​នៅលើ​អាចម៍ផ្កាយ និង ប្រមូល​សំណាក​ក្រោម​ដី​ដើម្បី​ស្វែងរក​តម្រុយ​នៃ​ប្រភពដើម​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​។​

​បេសកកម្ម​ជីករណ្តៅ​នៅ​ថ្ងៃ​សុក្រ​ទី​៥​មេសា​នេះ​គឺជា​បេសកកម្ម​គ្រោះថ្នាក់​បំផុត​សម្រាប់​យាន Hayabusa2 ខណៈដែល​យាន​នេះ​ត្រូវ​ចាកចេញ​ភ្លាម ដូច្នេះ​វា​នឹងមិន​រង​ការវាយប្រហារ​ដោយ​កម្ទេចកម្ទី​ហោះ​ចេញពី​អាចម៍ផ្កាយ​។​

​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) បាន​និយាយថា យាន Hayabusa2 បាន​ទម្លាក់​គ្រាប់បែក​បង្កើត​រណ្តៅ​ខ្នាតតូច​ធ្វើ​ពី​ស្ពាន់​មួយ​គ្រាប់​ទៅលើ​អាចម៍ផ្កាយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ហើយ​ទិន្នន័យ​នោះបាន​បញ្ជាក់ថា យានអវកាស​នេះ​បាន​ចាក​ចេញផុត​ដោយ​សុវត្ថិភាព​។ JAXA កំពុង​វិភាគ​ទិន្នន័យ​ដើម្បី​ពិនិត្យ​មើលថា​តើ​គ្រាប់បែក​នោះបាន​បង្កើត​រណ្ដៅ​បាន​ឬ​យ៉ាងណា​។​

​ការផ្ទុះ​គ្រាប់​ស្ពាន់​នេះ​គឺ​ស្មើនឹង​ទំហំ​គ្រាប់បែក​ទម្ងន់ ២ គីឡូក្រាម​។ គ្រាប់​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទម្លាក់​ចេញពី​យាន​រាង​កោណ​។ ថាស់​ទង់​ដែក​មួយ​នៅ​បាត​យាន​ប្រែ​ក្លាយទៅជា​បាល់​មូល​អំឡុងពេល​គ្រាប់​នោះ​ចុះ​ទៅលើ​អាចម៍ផ្កាយ​ក្នុង​ល្បឿន ២ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។​

JAXA មាន​គម្រោង​បញ្ជូន​យាន Hayabusa2 ទៅ​ទីតាំង​អាចម៍ផ្កាយ​នេះ​វិញ​នៅពេល​ក្រោយ នៅពេលដែល​ធូលី​និង​កម្ទេចកម្ទី​ឈប់​ហុយ សម្រាប់​ការសង្កេត​ពី​ខាងលើ​និង​ដើម្បី​ប្រមូល​សំណាក​ពីក្រោម​ដី ដែល​មិន​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ឬ​កាំរស្មី​អវកាស​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា​សំណាក​គំរូ​ទាំងនោះ​នឹងមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការកំណត់​ប្រវត្តិ​នៃ​អាចម៍ផ្កាយ​និង​ភពផែនដី​របស់​យើង​។​

​ប្រសិនបើ​ទទួលបាន​ជោគជ័យ វា​នឹង​ក្លាយជា​លើកដំបូង​សម្រាប់​យានអវកាស​មួយ ដែល​អាច​ប្រមូលយក​សំណាក​គំរូ​របៀបៗ​នេះ​។ នៅក្នុង​បេសកកម្ម “​ទម្លាក់​គ្រាប់បែក​បង្កើត​រណ្តៅ​” ក្នុង​ឆ្នាំ ២០០៥ ទៅលើ​ផ្កាយដុះកន្ទុយ​មួយ អង្គការ​ណា​សាបាន​សង្កេតឃើញ​បំណែក​ជាច្រើន បន្ទាប់ពី​ការ​បំផ្ទុះ​នៅលើ​ផ្ទៃ​ផ្កាយដុះកន្ទុយ ប៉ុន្តែ​មិនបាន​ប្រមូលយក​សំណាក​ទាំង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

រូបភាព​ក្រាហ្វិក​កុំព្យូទ័រ​បញ្ចេញ​ដោយ JAXA បង្ហាញ​យាន Hayabusa2 កំពុង​ហោះ​នៅលើ​អាចម៍ផ្កាយ