យានអវកាស​ជប៉ុន​ទម្លាក់​យាន​រ៉ូ​បូត​ទៅលើ​អាចម៍ផ្កាយ​ក្នុង​បេសកកម្ម​ស្វែងរក​ប្រភព​នៃ​ជីវិត​

904

យានអវកាសជប៉ុនមួយកាលពីថ្ងៃសុក្រទី២១កញ្ញាបានបញ្ចេញកងស្រាវជ្រាវមួយគូ ឆ្ពោះទៅកាន់អាចម៍ផ្កាយរាងដូចស៊ុតមួយ ដើម្បីប្រមូលប៉ាន់គំរូរ៉ែដែលអាចជួយពន្យល់អំពីប្រភពនៃប្រព័ន្ធព្រះអាទិត្យ។

យានHayabusa2 បានទម្លាក់រ៉ូបូតរាងមូលឈ្មោះថាMinerva ទៅកាន់អាចម៍ផ្កាយRyugu នេះបើតាមទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន(JAXA)។បើបេសកកម្មនេះទទួលបានជោគជ័យ យានMinervaនឹងធ្វើការស្រាវជ្រាវដោយរ៉ូបូតចល័តលើកដំបូងក្នុងលោកនៅលើផ្ទៃអាចម៍ផ្កាយ។

ឆ្លៀតពេលអាចម៍ផ្កាយនេះមានទំនាញទាប ពួកវានឹងលោតពេញផ្ទៃអាចម៍ផ្កាយ កំពស់ដល់ទៅ១៥ម៉ែត្រ និងស្ថិតនៅក្នុងលំហអាកាសដលើទៅ១៥នាទីដើម្បីពិនិត្យមើលផ្ទៃរបស់អាចម៍ផ្កាយRyugu ដោយប្រើកាមេរ៉ានិងឧបករណ៍ស្ទង់។

យានរ៉ូបូត MINERVA-II1 និងគម្របរបស់វា

តាំងពីមុនមកវាដំណើរការបានល្អ និងទីភ្នាក់ងារJAXAត្រូវរង់ចាំយានHayabusa2 បញ្ជូនទិន្នន័យពីយានរ៉ូបូតទាំង២មកកាន់ផែនដី នៅមួយថ្ងៃឬ២ថ្ងៃទៀត ដើម្បីវាយតំលៃថាតើការបញ្ចេញពួកវាទៅលើផ្ទៃអាចម៍ផ្កាយនោះបានជោគជ័យដែរឬអត់។

យូអ៊ីជិ ស៊ូដា នាយកស្រាវជ្រាវរបស់JAXA បាននិយាយថា ” យើងមានសង្ឃឹមណាស់។យើងមិនមានការបញ្ជាក់អះអាងនៅឡើយទេ តែយើងមានសង្ឃឹមណាស់​។ខ្ញុំកំពុងរង់ចាំមើលរូបភាព”។

ការប្រកាសបែបប្រយ័ត្នប្រយែងនេះធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវស្រដៀងគ្នារបស់JAXAនៅឆ្នាំ២០០៥ បានបញ្ចេញយានមួយតែវាមិនបានធ្លាក់ដល់ផ្ទៃអាចម៍ផ្កាយមួយតាមផែនការទេ។

នៅខែក្រោយ យានHayabusa2នឹងទម្លាក់ឧបករណ៍impactorអោយផ្ទុះលើផ្ទៃអាចផ្កាយ មុនវាបាញ់គ្រាប់ស្ពាន់ទំងន់២គីឡូក្រាម ចូលក្នុងផ្ទៃអាចម៍ផ្កាយដើម្បីអោយផ្ទុះបង្កើតមាត់រណ្តៅពីរបីម៉ែត្រ។

ចេញពីមាត់រណ្តៅនេះ យានស្រាវជ្រាវនឹងប្រមូលវត្ថុធាតុថ្មីដែលមិនបានត្រូវខ្យល់និងធាតុវិទ្យុសកម្មដោយសង្ឃឹមទទួលបានចម្លើយមួយចំនួនចំពោះសំណួរជាមូលដ្ឋានខ្លះអំពីជីវិតនិងចក្រវាល រួមមានបញ្ហាថាតើសមាសធាតុមកពីអវកាសបានជួយអោយមានជីវិតនៅលើផែនដីឬយ៉ាងណា។

យានHayabusa2ទំហំប៉ុនទូរទឹកកកធំមួយ បំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ ត្រូវបានបាញ់បង្ហោះកាល​ពីខែធ្នូឆ្នាំ២០១៤ ហើយនឹងវិលមកកាន់ផែនដីវិញជាមួយសំណាករ៉ែអាចម៍ផ្កាយនៅឆ្នាំ២០២០៕ដោយ៖វាសនា