យានអវកាស​របស់​ណា​សា​ផលិតឡើង​ដើម្បី​រុញច្រាន​គន្លង​របស់​អាច​ម៍​ផ្កាយ​កុំឱ្យ​ហោះ​បុក​ផែនដី ឈានដល់​ដំណាក់កាល​ពិសោធន៍​ចុងក្រោយ ហើយ​គ្រោង​នឹង​បង្ហោះ​នៅ​ឆ្នាំ​២០២០

1408

​ផែនការ​របស់​អង្គការ​ណា​សា​ដើម្បី​បាញ់​បង្ហោះ​យានអវកាស​ដែលមាន​សមត្ថភាព​បំ​បុក​ចូលក្នុង​អាចម៍ផ្កាយ​ដើម្បី​បង្វែរ​គន្លង​របស់​វា​កុំឱ្យ​ហោះ​បុក​ផែនដី បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​។​

​ទីភ្នាក់ងារ​អវកាស​មួយ​នេះ​គ្រោង​នឹង​បាញ់​បង្ហោះ​ប្រព័ន្ធ DART របស់ខ្លួន​នៅ​ឆ្នាំ ២០២០ ដែល​ថ្ងៃ​ណាមួយ​គេ​នឹង​កោះហៅ​វា​ដើម្បី​សង្គ្រោះ​ភពផែនដី​។​

​យានអវកាស DART គ្រោង​នឹង​ផ្តោត​គោលដៅ​ទៅលើ​អាចម៍ផ្កាយ​ភ្លោះ​ឈ្មោះ Didymos ដើម្បី​សាកល្បង​ប្រព័ន្ធ​របស់ខ្លួន បន្ទាប់ពី​ត្រូវបាន​អនុម័ត​ពី​អង្គការ​ណា​សា​កាលពី​ចុងខែ​សីហា​។​

​ទោះបីជា​គោលដៅ​រាង​ដូច​ស៊ុត ដែល​គេ​ស្គាល់​ផងដែរ​ថា អាចម៍ផ្កាយ “Didymoon” មាន​ប្រវែង​ត្រឹមតែ ១៦០ ម៉ែត្រ​ក៏ដោយ ក៏ប៉ុន្តែ​ការធ្វើ​តេស្ត​នេះ​នឹង​បញ្ជាក់ថា​តើ​បច្ចេកទេស​នេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​បង្វែរ​ទិសដៅ​របស់​អាចម៍ផ្កាយ​ធំ​ជាង​នេះ​ដែល​គំរាមកំហែង​បំផ្លាញ​អារ្យធម៌​របស់​មនុ​ស្សបាន​ដែរ​ឬ​អត់​។​

​ប្រព័ន្ធ DART កំពុង​ត្រូវបាន​រចនា​ឡើង កសាង និង​គ្រប់គ្រង​ដោយ​មន្ទីរពិសោធន៍​រូប​វិទ្យា​អនុវត្តន៍​ច​ន​ហប់​គីន (APL) នៅ​ទីក្រុង​លូ​រែ​ល រដ្ឋ​ម៉ា​រី​លែ​ន​។​

​បេសកកម្ម​រួមគ្នា​របស់​អាមេរិក​និង​អឺរ៉ុប​នឹង​បុក​យាន​នេះ​ទៅក្នុង​អាចម៍ផ្កាយ​តូច​ទាំង​២​ដើម្បី​តេស្ត​មើលថា​តើ​គន្លង​របស់​វា​អាច​ផ្លាស់ប្តូរ​ដោយ​យានអវកាស​នេះ​ឬ​អត់​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​យានអវកាស DART នឹងត្រូវ​យកទៅ​បំ​បុក​អាចម៍ផ្កាយ​ភ្លោះ Didymos ដើម្បី​តេស្ត​មើលថា​តើ​គន្លង​របស់​វា​អាច​បង្វែរ​ទិសដៅ​បាន​ឬ​អត់