យានអវកាស​រុស្ស៊ី​ឡើងដល់​កណ្តាល​អាកាស​ក៏​ធ្លាក់ វិញ​តែ​អវកាសយានិក​មាន​សុវត្ថិភាព​

3742
ចែករម្លែក

ពួកមន្រ្តីរុស្ស៊ីកំពុងស៊ើបអង្កេតរកមូលហេតុនៃបញ្ហាម៉ាស៊ីយានអវកាសដែលបានបង្ខំអោយមានការចុះចតគ្រាអាសន្នក្រោយពីចេញដំណើរបានបន្តិចកាលពីថ្ងៃព្រហស្បតិ៍ទី១១តុលា។

សមាជិកអវកាសយានិក២នាក់ ម្នាក់ជាជនជាតិរុស្ស៊ីនិងម្នាក់ជាអាមេរិក មានសុខភាពល្អមិនមានគ្រោះថ្នាក់អ្វីទេបន្ទាប់ពីការចុះមកកាន់ផែនដីវិញ។ពួកគេបានកំពុងធ្វើដំណើរទៅកាន់ស្ថាននីយអវកាសអន្តរជាតិសំរាប់បេសកកម្ម៦ខែ ខណៈយានរបស់គេមានបញ្ហា។បន្ទប់យានដែលពួកគេជិះបានផ្តាច់ចេញពីរ៉ុក្កែតនិងធ្លាក់នៅចម្ងាយ៤០០គីឡូម៉ែត្រពីទីតាំងបាញ់បង្ហោះ។

តើជើងហោះហើររបស់គេមានអ្វីកើតឡើង?

ការបាញ់បង្ហោះទំនងជារលូន តែនៅ៩០វិនាទីក្រោយការចេញដំណើរ ទីភ្នាក់ងារអវកាសអាមេរិកNasaបានរាយការណ៍អំពីបញ្ហាមួយនៅម៉ាស៊ីនរ៉ុក្កែតនៅចន្លោះកំណាត់ទី១និងទី២។រូបវីដេអូ បង្ហាញអវកាសយានិកញ័រខ្លួនជាខ្លាំងដែលបង្កដោយបញ្ហាម៉ាស៊ីន។

នៅប្រមាណ១១៤វិនាទីនៃការហោះចេញ ប្រព័ន្ធគេចខ្លួនគ្រាអាសន្នបានរោទិ៍ឡើង ដោយផ្តាច់បន្ទប់អវកាសយានិកចេញពីរ៉ុក្កែតហើយបន្ទប់យានបានធ្លាក់ចុះមកផែនដីវិញ។បន្ទប់ដាក់អវកាសយានិកដែលក្រោយមកបានគ្រលាស់ឆត្រយោង បានប្រើពេល៣៤នាទីទើបធ្លាក់ដល់ដីនៅកាហ្សាក់ស្ថាន នៅចម្ងាយរាប់រយគីឡូម៉ែត្រពីកន្លែងដែលវាហោះចេញ។

បេសកកម្មសង្រ្គោះមួយត្រូវបានបង្កើតនិងបញ្ជូនចេញភ្លាម ដោយប្រើរថយន្តនិងទាហានត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់កន្លែងដែលបន្ទប់យានធ្លាក់នៅជិតទីក្រុងហ្សេកាហ្កាន៕ដោយ:វាសនា

អវកាសយានិកទាំង២ ត្រូវបាននាំមកជួបគ្រួសារក្រោយចេញដំណើររួចក៏ចុះមកវិញក្នុងគ្រាអាសន្ន