យានអវកាស​ឥណ្ឌា​ចូលដល់​គន្លង​របស់​ឋាន​ព្រះ​ចន្ទ​

345
ចែករម្លែក

​យានអវកាស Chandrayaan 2 របស់​ឥណ្ឌា​បាន​ចូល​ទៅដល់​គន្លង​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​សីហា ដោយ​ឆ្លងកាត់​ការធ្វើដំណើរ​ដ៏​លំបាក​បំផុត​របស់ខ្លួន​នៅក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​។​

​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​បន្ទាប់ពី​ការធ្វើដំណើរ​តាម​គន្លង​ច្រើន​ដំណាក់កាល​អស់​រយៈពេល​៤​សប្តាហ៍ ឥឡូវ​យានអវកាស​នេះ​បានសម្រេច​នូវ​ការចូលទៅ​គន្លង​ព្រះ​ចន្ទ (LOI) តាម​ផែនការ ។​

​ទីភ្នាក់ងារ​អវកាស​ជាតិ​នេះ​បាន​និយាយថា ការចូល​ទៅដល់​គន្លង​ព្រះ​ចន្ទ​នេះ “​ធ្វើបាន​សម្រេច​ជោគជ័យ​នៅថ្ងៃនេះ (​អង្គារ​) នៅ​ម៉ោង ០៩:០២ ដូចដែល​បានគ្រោង​ទុក ដោយ​ប្រើ​ប្រព័ន្ធ​រុញ​នៅលើ​យាន​។ រយៈពេល​នៃ​ការបើក​ចូល​គន្លង​ព្រះ​ចន្ទ គឺ ១៧៣៨ វិនាទី​”​។​

​ឥណ្ឌា​កំពុង​ស្វះស្វែង​ក្លាយជា​ប្រទេស​ទី​បួន​បន្ទាប់ពី​រុស្ស៊ី​សហរដ្ឋ​អាម៉េរិក​និង​ចិន​ដែល​បាន​ចុះចត​យានអវកាស​នៅលើ​ឋាន​ព្រះ​ចន្ទ​។​

​ប្រសិនបើ​បេសកកម្ម​នៅសល់​ដំណើរការ​តាម​ផែនការ នោះ​យាន​ស៊ើបអង្កេត​របស់​ឥណ្ឌា​នឹង​ចុះចត​នៅលើ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​នៅ​ថ្ងៃទី ៧ ខែកញ្ញា​។​

​យាន Chandrayaan 2 ឬ Moon Chariot 2 បាន​ហោះ​ចេញពី​ស្ថានីយ​យានអវកាស​របស់​ឥណ្ឌា​នៅឯ​ទីក្រុង​ស្រី​ហារី​កូតា​ក្នុង​រដ្ឋ​អាន់​ដ្រា​ប្រា​ដេ​ស ភាគខាងត្បូង​កាលពី​ថ្ងៃទី ២២ ខែកក្កដា​។​

ISRO និយាយថា​បេសកកម្ម​នេះ​នឹង​ជួយ​អ្នកវិទ្យាសាស្ត្រ​ស្វែងយល់​កាន់តែច្បាស់​អំពី​ដើមកំណើត​និង​ការវិវត្ត​របស់​ព្រះ​ចន្ទ​ដោយ​ធ្វើការ​សិក្សា​អំពី​សណ្ឋាន​ដី​លម្អិត ការវិភាគ​រ៉ែ និង​ការពិសោធ​ផ្សេងៗ​ទៀត​។​

​ថវិកា​ប្រមាណ ១៤០ លាន​ដុល្លារ​ត្រូវបាន​ចំណាយ​សម្រាប់​ការត្រៀម​សម្រាប់​បេសកកម្ម​យាន​ស៊ើបអង្កេត​នេះ ដែលជា​តម្លៃ​តូច​ជាង បើ​ប្រៀបធៀប​ទៅនឹង​ប្រតិបត្តិការ​ស្រដៀង​គ្នា​របស់​ប្រទេស​ដទៃទៀត​៕ ដោយ៖ កញ្ញាដាលីស

យានអវកាស Chandrayaan 2 ចូលដល់​គន្លង​ព្រះ​ចន្ទ​នៅ​ថ្ងៃ​អង្គារ​នេះ
#