យានអវកាស Beresheet របស់​អ៊ីស្រាអែល​ធ្លាក់ អំឡុងពេល​ព្យាយាម​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​

165
ចែករម្លែក
  • 8
    Shares

​ទីបញ្ជាការ​បេសកកម្ម​បានប្រកាស​នៅក្នុង​ការផ្សាយ​ផ្ទាល់​ថា យានអវកាស Beresheet របស់​អ៊ីស្រាអែល​បាន​ធ្លាក់​អំឡុងពេល​ប៉ុនប៉ង​ចុះចត​នៅលើ​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា​។​

​កាលពី​ថ្ងៃទី ៥ ខែមេសា យានអវកាស Beresheet បាន​ចូលទៅក្នុង​គន្លង​របស់​ព្រះ​ចន្ទ​ដោយ​ជោគជ័យ ដោយ​បំពេញ​នូវ​បេសកកម្ម​ចាំបាច់​សម្រាប់​ការហោះហើរ​ទៅកាន់​ផ្កាយរណប​ធម្មជាតិ (​ព្រះ​ចន្ទ​) តែមួយគត់​របស់​ផែនដី​។ យាន Beresheet ដែលមាន​ទំហំ​ប៉ុន​ម៉ាស៊ីន​បោកគក់​និង​មាន​ទម្ងន់​ប្រហែល ៦០០ គីឡូក្រាម ត្រូវគេ​រំពឹងថា​នឹង​ហោះ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ក្នុង​កម្ពស់​ប្រហែល ៥០០ ម៉ែត្រ ដើម្បី​ថតរូប​ភាព​វែង​លាតសន្ធឹង​និង​វាស់​ដែន​ម៉ាញ៉េ​ទិច​របស់​ព្រះ​ចន្ទ​។​

​យោងតាម​របាយការណ៍​ដែល​ដកស្រង់​ពី​ទីបញ្ជាការ​បេសកកម្ម​បាន​ឱ្យដឹងថា យាន Beresheet ដំបូង​បាន​បាត់បង់​ការទាក់ទង​ជាមួយ​ផែនដី ហើយ​បន្ទាប់មក​បាន​ធ្លាក់​លើ​ផ្ទៃ​ព្រះ​ចន្ទ​។​

​មេបញ្ជាការ​ម្នាក់​នៃ​ទីបញ្ជាការ​បេសកកម្ម​បាន​និយាយ​ក្នុងអំឡុងពេល​ផ្សាយ​ផ្ទាល់​ថា “​គួរឱ្យ​សោកស្តាយ យើង​បាន​បរាជ័យ​ក្នុងការ​ចុះចត​យាន​នេះ​នៅលើ​ព្រះ​ចន្ទ​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា យាន Beresheet បាន​ទៅដល់​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា ប៉ុន្តែ​ការចុះ​ចត​តាម​ផែនការ ឬ ការ​ចុះចត “​សន្សឹមៗ​” បាន​បរាជ័យ​។ យានអវកាស​នេះ​មាន​បញ្ហា​បច្ចេកទេស​មួយចំនួន​អំឡុងពេល​ចុះចត​ចុងក្រោយ​របស់​វា​ទៅលើ​ផ្ទៃ​ព្រះ​ចន្ទ​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូបាន​សន្យាថា​នឹង​ព្យាយាម​ម្តងទៀត​ក្នុងការ​ចុះចត​នៅលើ​ព្រះ​ចន្ទ​ក្នុង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ទៀត បន្ទាប់ពី​ការធ្លាក់​យានអវកាស Beresheet ។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយថា “​យានអវកាស​អ៊ីស្រាអែល​នឹង​ចុះចត​នៅលើ​ព្រះ​ចន្ទ​ក្នុង​រយៈពេល ២​ឆ្នាំកន្លះ​ទៅ ៣​ឆ្នាំ​ទៀត​។ សូម​កត់ត្រា​វា​ទុក​ចុះ​”​។​

​ការ​ចុះចត​ដោយ​ជោគជ័យ​មួយ​អាច​នឹងធ្វើ​ឱ្យ​យាន Beresheet មិន​ត្រឹមតែ​យានអវកាស​ឯកជន​ដំបូង​គេ​ប៉ុណ្ណោះ​ទេ​ដែល​អាចបំពេញ​ការចុះ​ចត​នៅលើ​ឋាន​ព្រះ​ចន្ទ​បាន ប៉ុន្តែ​វា​ថែមទាំង​បានធ្វើឱ្យ​អ៊ីស្រាអែល​ក្លាយជា​ប្រទេស​ទី​បួន​នៅលើ​ផែនដី​ដែល​ទៅដល់​ផ្ទៃ​ព្រះ​ចន្ទ បន្ទាប់ពី​សហភាពសូវៀត សហរដ្ឋអាមេរិក និង ចិន​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

យាន Beresheet ធ្លាក់​នៅលើ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍