យាន​គ្មាន​មនុស្ស​បើក​របស់​ជប៉ុន​ត្រូវបានបាញ់​បង្ហោះ​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ​

326
ចែករម្លែក

​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​មួយ​និយាយថា ជប៉ុន​នៅ​ថ្ងៃ​ពុធ​ទី​២៥​កញ្ញា​នេះ​បាន​បាញ់​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​បើក​ឆ្ពោះទៅ​ស្ថានីយ​អវកាស​អន្តរជាតិ បន្ទាប់ពី​អគ្គិភ័យ​មួយ​នៅ​ដើមខែ​នេះ​បាន​ពន្យារពេល​បេសកកម្ម​នេះ​។​

​ក្រុមហ៊ុន Mitsubishi Heavy Industries បាន​និយាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា រ៉ុក្កែត H-2B បានចេញ​ដំណើរ​នៅ​ម៉ោង ១ និង ៥ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ពុធ​នេះ​ជាមួយ​យាន​ដឹកទំនិញ​ឈ្មោះ Kounotori8​។​

​ការបាញ់​បង្ហោះ​នេះ​ធ្វើឡើង​ពី​មជ្ឈមណ្ឌល Tanegashima របស់​ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន​នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន​។​

​ក្រុមហ៊ុន Mitsubishi Heavy បាន​និយាយថា “​ដូចដែល​បានគ្រោង​ទុក យាន​ដឹកទំនិញ​បាន​ផ្តាច់​ចេញពី​រ៉ុក្កែត​” នៅ​ប្រហែល ១៥ នាទី​ក្រោយ​។​

​អគ្គិភ័យ​មុនពេល​ថ្ងៃ​រះ​កាលពី​ថ្ងៃទី ១១ ខែកញ្ញា​បាន​ពន្យា​ពេល​បាញ់​បង្ហោះ​ចេញពី​កោះ Tanegashima ។​

​ទូរទស្សន៍​សាធារណៈ NHK បាន​ដកស្រង់​សម្តី​របស់​ក្រុមហ៊ុន Mitsubishi Heavy ដោយ​និយាយថា អគ្គិភ័យ​នោះ​ទំនងជា​ត្រូវបាន​បញ្ឆេះ​ឡើង​ដោយ​ចរន្តអគ្គិសនី​អាកាស ដែល​កើតឡើង​នៅពេល​អុកស៊ីសែន​រាវ​ចេញពី​រ៉ុក្កែត​ប៉ះ​ជាមួយ​វត្ថុ​ធាតុ​ធន់​នឹង​កម្តៅ​នៅលើ​បន្ទះ​បាញ់​បង្ហោះ​។​

​ទូរទស្សន៍ NHK បាន​និយាយថា វត្ថុ​ធាតុ​នោះ​ត្រូវបាន​គ្រប​ដោយ​សន្លឹក​អាលុយមីញ៉ូម​ដើម្បី​ការពារ​ការឆាបឆេះ​ជាថ្មី​ម្តងទៀត​។​

​យាន​ឥត​មនុស្ស​បើក Kounotori8 មានបំណង​បញ្ជូន​ការផ្គត់ផ្គង់​ប្រមាណ ៥,៣ តោន​ដល់​អវកាសយានិក​នៅឯ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) រួមទាំង​អាហារ​ស្រស់​និង​ទឹក​ក៏ដូចជា​អាគុយ​និង​ឧបករណ៍​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ការពិសោធន៍​។​

​នៅក្នុង​វីដេអូ​ផ្សព្វផ្សាយ​មួយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន ទីភ្នាក់ងារ​អវកាស​ជប៉ុន (JAXA) បានចាត់ទុក​យាន Kounotori8 ជា “​យានអវកាស​ដឹកទំនិញ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​”​។​

​ប្រទេស​ជប៉ុន​បានចាប់ផ្តើម​បេសកកម្ម​ដឹកទំនិញ​ជាច្រើនលើក​ទៅកាន់ ISS ជាង​មួយ​ទសវត្សរ៍​មកហើយ​៕ ដោយ៖ កញ្ញាដាលីស

យាន Kounotori8 ដឹកទំនិញ​ផ្គត់ផ្គង់ ៥,៣ តោន​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ