យាន​ស្រាវជ្រាវ​របស់​ចិន​រកឃើញ​សារធាតុ​ដូច “​ជែ​ល​ទន់ៗ​” នៅ​ផ្នែក​ងងឹត​នៃ​ឋាន​ព្រះ​ចន្ទ​

457
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១​កញ្ញា​ថា ដោយមាន​ការភ្ញាក់ផ្អើល​ចំពោះ​ការរកឃើញ​នេះ ក្រុម​ត្រួតពិនិត្យ​នៃ​យាន​បើក​លើ​ឋាន​ព្រះ​ចន្ទ Yutu-2 របស់​ចិន បាន​ហៅ​អ្នកជំនាញ​មក​បន្ថែមទៀត​និង​ពន្យារ​ការស្រាវជ្រាវ​ដែល​បាន​គ្រោងទុក​ដើម្បី​ពិនិត្យមើល​វត្ថុ​ចម្លែក​នេះ​ឱ្យ​កាន់តែ​កៀក​ថែមទៀត​។​

​យានអវកាស​សម្រាប់​ស៊ើបអង្កេត​ឋាន​ព្រះ​ចន្ទ Chang’e-4 ដែល​បង្ហោះ​នៅ​ថ្ងៃទី ៧ ខែធ្នូ​ឆ្នាំ ២០១៨ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ការ​ចុះចត​នៅលើ​អឌ្ឍគោល​ខាងត្បូង ដែលមាន​ទីតាំង​ស្ថិតនៅ​ចុង​ព្រះ​ចន្ទ​នៅ​ថ្ងៃទី ៣ ខែមករា​ឆ្នាំ ២០១៩ ។​

​នៅក្នុង​បេសកកម្ម​វិទ្យាសាស្ត្រ​ដែល​កំពុង​បន្ត​នេះ យាន Yutu-2 បាន​រកឃើញ​វត្ថុ​ធាតុ​ពីរ​ប្រភេទ​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​។ យោងតាម​កាសែត The Daily Express ក្រុមការងារ​របស់​យា​ន​អវកាស Chang’e-4 បាន​កំពុង​ត្រៀម​បិទ​ម៉ាស៊ីន​របស់​យាន Yutu-2 នៅ​ថ្ងៃទី ២៨ ខែកក្កដា​សម្រាប់​ការផ្អាក​រយៈពេល​មួយថ្ងៃ​នៅលើ​ព្រះ​ចន្ទ​ដើម្បី​ការពារ​ឧបករណ៍​ពី​វិទ្យុសកម្ម​ព្រះអាទិត្យ​។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ​ចិន​ម្នាក់​បាន​ប្រទះឃើញ​រូបភាព​ប្លែកៗ​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ធំ​របស់​យាន Yutu-2 ដែល​ពណ៌នា​អំពី​រណ្តៅ​ឋាន​ព្រះ​ចន្ទ​តូច​មួយ​ពោរពេញ​ទៅដោយ​សារធាតុ​មិនអាច​ពន្យល់បាន គឺមាន​សភាព​អន្ធិលៗ ខុសគ្នា​ពី​បរិយាកាស​ជុំវិញ​ព្រះ​ចន្ទ​។​

The Daily Express បាន​និយាយថា យានអវកាស​ចិន​បាន​ចូល​ទៅជិត​វត្ថុ​ចម្លែក​នៅក្នុង​រណ្ដៅ​ព្រះ​ចន្ទ​ដោយ​ប្រុងប្រយ័ត្ន ហើយ​បន្ទាប់មក​បាន​តម្រង់​គោលដៅ​ទៅរក​វត្ថុ​ធាតុ​នោះ ដែល​គេ​ពណ៌នា​ថា​មាន​លក្ខណៈ​ដូច “​ជែ​ល​ទន់ៗ​”​។ យោងតាម​កាសែត Daily Express យាន​នោះ​បន្ទាប់មក បាន​ពិនិត្យ​តំបន់​នោះ​ជាមួយ​កាំរស្មី VNIS ដែលមាន​សមត្ថភាព​ស្វែងរក​ពន្លឺ​តាមរបៀប​មួយ អាច​ប្រាប់​ពី​ការកកើត​របស់​វត្ថុ​ធាតុ​នោះ​។​

​តាម​សេចក្តីរាយការណ៍ អ្នកវិទ្យាសាស្ត្រ​ចិន​មិនបាន​ផ្តល់​ការពន្យល់​អំពី​លក្ខណៈ​នៃ​សារធាតុ​ដូច​ជែ​ល​នោះទេ​។​

​ទោះយ៉ាងណា យោងតាម​កាសែត​អង់គ្លេស​ដដែល​នេះ ដែល​ស្រង់​សម្តី​ក្រុម​អ្នកវិទ្យាសាស្ត្រ ការរកឃើញ​នេះ​អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​កញ្ចក់​រលាយ ដែល​បង្កើតឡើង​ពី​អាចម៍ផ្កាយ ដែល​វាយប្រហារ​លើ​ផ្ទៃ​ព្រះ​ចន្ទ​។​

​ការវាស់ស្ទង់​និង​ការពិសោធន៍​គ្រោងទុក​បន្ថែមទៀត ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​នឹង​ធ្វើឡើង​ដោយមាន​ជំនួយ​ពី​យាន Yutu-2 អាច​ផ្ទៀងផ្ទាត់​ទ្រឹស្តី​ផ្សេងៗ ដែល​ពណ៌នា​អំពី​ការកកើត​ព្រះ​ចន្ទ​៕ ដោយ៖ កញ្ញាដាលីស

យាន Yutu-2 រកឃើញ​សារធាតុ​អន្ធិល​ដូច​ជែ​ល​នៅ​ផ្នែក​ងងឹត​នៃ​ឋាន​ព្រះ​ចន្ទ