យាន​ស្រាវជ្រាវ​អវកាស​ជប៉ុន​ទៅដល់​ផ្កាយព្រះគ្រោះ​មួយ​ដើម្បី​ប្រមូលយក​សំណាក​

1858
ចែករម្លែក

យានស្រាវជ្រាវជប៉ុនមួយកាលពីថ្ងៃពុធទី២៧មិថុនាបានទៅដល់ផ្កាយព្រះគ្រោះមួយ ក្រោយពីវាបានធ្វើដំណើរអស់៣ឆ្នាំកន្លះនិងឥឡូវចាប់ផ្តើមការងារជាក់ស្តែងរបស់វាគឺព្យាយាមបំផ្ទុះបង្កើតមាត់រណ្តៅមួយដើម្បីប្រមូលគំរូប៉ាន់និងនាំយកមកកាន់ផែនដី។

ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុនបាននិយាយថា យានអវកាសHayabusa2បានទៅដល់មូលដ្ឋាននៃប្រតិបត្តិការរបស់វានៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីផ្កាយព្រះគ្រោះនោះនិងនៅចម្ងាយប្រមាណ២៨០លានគីឡូម៉ែត្រពីផែនដី។

នៅមួយឆ្នាំកន្លះទៅមុខ យានអវកាសនេះនឹងព្យាយាមចុះចតរួចឡើងវិញរយៈពេលខ្លីចំនួន៣ដងដើម្បីប្រមូលសំណាកថ្មនៃផ្កាយព្រះគ្រោះ។បើការយកសំណាកនិងដំណើរនេះទទួលជោគជ័យ វត្ថុធាតុផ្កាយព្រះគ្រោះអាចផ្តល់តំរុយនៃប្រភពដើមរបស់ប្រព័ន្ធព្រះអាទិត្យនិងជីវិតនៅលើភពផែនដី។

ទោះជាយ៉ាងណា បេសកកម្មនេះជួបការប្រឈមណាស់។យានរ៉ូបូតនេះនឹងចំណាយពេលប្រហែល២ខែស្វែងរកកន្លែងចុះចតសមស្របនៅលើផ្ទៃដែលមិនរាបស្មើ។ដោយសារតែសីតុណ្ហភាពលើផ្ទៃថ្មអវកាសខ្ពស់ វានឹងចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះនៅពេលចុះចតម្តងៗ។

ផ្កាយព្រះគ្រោះឈ្មោះRyuguនេះមានទំហំប្រមាណ៩០០ម៉ែត្រ។ក្នុងរូបភាពបញ្ចេញដោយទីភ្នាក់ងារអវកាសជប៉ុនJAXA វាទំនងជាមានរាងបួនជ្រុងជារាងមូល។មាត់រណ្តៅធំៗមួយចំនួនអាចត្រូវគេឃើញផងដែរ។

មុនការចុះចតដំបូងគ្រោងធ្វើនៅខែកញ្ញាឬតុលា យានHayabusa2 នឹងទម្លាក់ស៊ីឡាំងធំមួយដែលនឹងត្រូវចុចបំផ្ទុះនៅពីលើផ្កាយព្រះគ្រោះ ដោយបាញ់គ្រឿងផ្ទុះទម្ងន់២គីឡូក្រាមទម្លុះចូលផ្ទៃរបស់វាដើម្បីបង្កើតរណ្តៅមួយ។Hayabusa2នឹងលាក់ខ្លួនទៅផ្នែកម្ខាងនៃដុំថ្មអវកាសនេះដើម្បីការពារខ្លួនពីកំលាំងផ្ទុះនិងបន្ទាប់មកចុះចត
នៅជិតមាត់រណ្តៅដើម្បីប្រមូលវត្ថុធាតុក្រោមដីដែលត្រូវបានបំផ្ទុះចេញ។

យាននេះក៏នឹងបញ្ជូនចេញយានគ្មានកង់៣គ្រឿងតែអាចលោតនៅលើផ្ទៃផ្កាយដើម្បីធ្វើការស្រាវជ្រាវ។

ផ្កាយព្រះគ្រោះ(Asteroids)ដែលហោះជុំវិញព្រះអាទិត្យតែតូចជាងផែនដីរបស់យើងស្ថិតចំណោមវត្ថុចាស់បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ពួកវាអាចពន្យល់អំពីថាតើផែនដីវិវត្តបែបណា រួមទាំងការកកើតសមុទ្រនិងការចាប់ផ្តើមមានជីវិត។

Hayabusa2 ត្រូវបានបាញ់បង្ហោះកាលពីខែធ្នូឆ្នាំ២០១៤ និងត្រូវវិលមកកាន់ផែនដីនៅចុងឆ្នាំ២០២០។អង្គការណាសាអាមេរិកក៏មានបេសកកម្មសិក្សាផ្កាយព្រះគ្រោះដោយយានអវកាសOsiris-Rexរបស់វាត្រូវរំពឹងថាទៅដល់ផ្កាយព្រះគ្រោះឈ្មោះBennuនៅពេលបន្ទាប់នៅឆ្នាំនេះនិងនាំយកគំរូប៉ាន់ថ្មមកកាន់ផែនដីវិញនៅឆ្នាំ២០២៣៕ដោយ៖វាសនា

រូបកំព្យូទ័រផ្តល់ដោយទីភ្នាក់ងារអវកាសជប៉ុន បង្ហាញយានHayabusa2ចុះចតនៅមាត់រណ្តៅដែលបានបានបំផ្ទុះឡើង
យានគ្មានមនុស្សបើកHayabusa2បានទៅដល់ផ្កាយព្រះគ្រោះមួយនៅចម្ងាយ២៨០លានគីឡូម៉ែត្រពីផែនដីកាលពីថ្ងៃពុធ

កាលពីឆ្នាំ២០១៤ ជប៉ុនបង្ហាញយានHayabusa2ដល់អ្នកសារព័ត៌មានមុនពេលបាញ់បង្ហោះវា