យាយ​អាយុ​ជិត ១០០ ឆ្នាំ​ក្លាយជា​ស្ត្រី​ចំណាស់​បំផុត​ដែល​ចាក់​សាក់​ដោយសារ​ហេតុផល​មួយ​

363
ចែករម្លែក

​យាយទួត​ម្នាក់​អាយុ ៩៤ ឆ្នាំ​ដែល​គេ​ជឿថា​ជា​ស្ត្រី​ចំណាស់​បំផុត​ដែល​ទើបតែ​ចាក់​សាក់​នៅ​ចក្រភព​អង់គ្លេស នៅលើ​កដៃ​របស់គាត់​ដើម្បី​រំឭក​ដល់​ប្ដី និង​កូនប្រុស​ដែល​បាន​ចែក​ឋាន​ទៅ​។

​លោកយាយ ហ៊ីល​ដា វ៉េ​ស (Hilda West) បាន​ទៅ​ចាក់​សាក់​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​នៅ​ហាង​ចាក់​សាច់​ក្បែរ​មណ្ឌល​ចាស់ជរា​ដែល​គាត់​ស្នាក់នៅ​ខេ​នី​ល​វ៉ស (Kenilworth) តំបន់​វ៉​វី​ក​សៀ (Warwickshire) ប្រទេស​អង់គ្លេស​។

​លោកយាយ​និយាយ​អំពី​ការចាក់​សាក់​នេះ​ថា គាត់​ចង់​ធ្វើ​អ្វី​ពិសេស​ម្យ៉ាង​ដើម្បី​រំឭក​ដល់​ថ្ងៃកំណើត​របស់​ប្ដី​គាត់​ឈ្មោះ អឺ​ណេ​ស (Ernest) ដែល​ដល់​នៅ​ខែ​នេះ និង​កូនប្រុស​របស់គាត់​ឈ្មោះ ដេវីដ (David) ដែល​បាន​ស្លាប់ទៅ​។ លោកយាយ និង​ប្ដី​របស់គាត់​បានរួមរ​ស់​ជាមួយគ្នា​អស់​រយៈពេល ៧០ ឆ្នាំ តែ​ជា​អកុសល​លោកតា​បាន​ចែក​ឋាន​ទៅមុន​គាត់​ក្នុង​ឆ្នាំ​២០១៤​។

​លោកយាយ​បាន​បន្តថា “​ថ្ងៃកំណើត​របស់​តា អឺ​ណេ​ស គឺ​ខែ​នេះ អ៊ីចឹង​ហើយ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ពិសេស​ម្យ៉ាង​សម្រាប់​រឿងនេះ​។ ពួកយើង​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ៧០ ឆ្នាំ ហើយ​ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំងណាស់​។ ខ្ញុំ​មើល​ស្នាម​សាក់​ទាំងនេះ​រាល់ថ្ងៃ ហើយ​រាល់ពេល​មើល​វា ខ្ញុំ​តែងតែ​នឹកឃើញ​ដល់​ប្ដី និង​កូនប្រុស​ខ្ញុំ​”៕ ប្រែ​សម្រួលៈ​ខុម​