យី​ង​ឡាក់ ទទួលបាន​ទិដ្ឋាកា​១០​ឆ្នាំ​ពី​អង់គ្លេស​

4187
ចែករម្លែក
  • 1.4K
    Shares

​យី​ង​ឡាក់ ស៊ីណា​វ៉ាត ត្រូវបាន​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​ផ្តល់​ទិដ្ឋាការ​ជូន​រយៈពេល​១០​ឆ្នាំ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​BBC Thai​។​

BBC Thai ដែល​ស្រង់​ប្រភព​មួយ​បាន​និយាយ​ជា​ភាសា​ថៃ​ថា​”​លោកស្រី​អាច​ចូល​និង​ចាក​ច​ញ​ពី​អង់គ្លេស​នៅពេលណា​ក៏បាន តែ​ការ​ស្នាក់នៅ​ម្តងៗ​ក្នុង​ព្រះរាជា​ណា​​ចក្រ​នេះ​មិនត្រូវ​លើស​៦​ខែ​”​។​

​សូមបញ្ជាក់ថា រាល់​ការធ្វើដំណើរ​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ចាប់តាំងពី​ពេល​លោកស្រី​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ឆ្នាំមុន តែង​ជា​កម្មវត្ថុ​នៃ​ការតាមដាន​​នៅ​ថៃ ខណៈ​បណ្តា​ទីភ្នាក់ងារ​អនុវត្តន៍​ច្បាប់​ថៃ​បាន​ប្រាប់​សាធារណជន​ថា ពួកគេ​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​នាំ​អតីត​នាយករដ្ឋមន្ត្រី​ស្រី​ដំបូង​នេះ​មក​បំពេញ​ការជាប់​​ទោស​។​

​ទោះជា​យ៉ាងណា នៅពេលនេះ​ពួក​មន្ត្រី​អង់គ្លេស​បាន​បដិសេធ​មិន​ព្រមធ្វើ​អត្ថាធិប្បាយ​អំពី​ការចេញ​ទិដ្ឋាការ​អោយ​យី​ង​ឡាក់​នេះ​ទេ ដោយយោង​ដល់​គោលនយោបាយ​​ស្តង់ដា​អំពី​ភាព​ឯកជន​នៃ​ព័ត៌មាន​បុគ្គល​។​

​ពួក​មន្ត្រី​ថៃ កាលពីមុន​បាន​អះអាងថា យី​ង​ឡាក់ មាន​លិខិតឆ្លងដែន​ម៉ុង​តេ​ណេ​ហ្គ្រោ​និង​នី​កា​រ៉ា​ហ្គ័​រ ដូច​បងប្រុស​របស់លោក​ស្រី​ដែរ គឺ​លោក​ថាក់ស៊ីន បន្ទាប់ពី​លោក​ចាក​ចេញពី​ប្រទេស​ថៃ​។​

​កាលពីមុន មាន​ពាក្យ​ចចាមអារ៉ាម​ថា លោកស្រី​យី​ង​ឡាក់ ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​អង់គ្លេស​ថែមទៀត​។​

​យី​ង​ឡាក់ ត្រូវបាន​គេ​លួច​នាំ​ចេញពី​ប្រទេស​កាលពី​ថ្ងៃ​២៤​សីហា​ឆ្នាំមុន នៅមុន​តុលាការ​កំពូល​សំរេច​ថា​តើ​លោកស្រី​មានទោស​ដែរ​ឬ​អត់​អំពី​ការធ្វេសប្រហែស​ភារកិច្ច​​ជុំវិញ​គំរោង​រដ្ឋ​ប្រមូល​ទិញស្រូវ​ពី​កសិករ​។​ក្រោយ​រត់​ចេញពី​ប្រទេស​ទាំង​ប្រផុតប្រផើយ តុលាការ​បាន​កាត់​កំបាំងមុខ​អោយ​លោកស្រី​ជាប់គុក​៥​ឆ្នាំ​៕​ដោយ​៖​វាសនា​

​យី​ង​ឡាក់ ស៊ីណា​វ៉ាត និង​បងប្រុស ថាក់ស៊ីន នៅ​ក្រុង​តូ​ក្យូ សម្រាប់​ការឃោសនា​ការចេញលក់​សៀវភៅ​មួយ​របស់​មិត្ត​របស់​អ្នក​ទាំងពីរ​កាលពី​ថ្ងៃ​៣០​មីនា​