យុគ​ឌីជីថលៈ ទេវតា​មាន​ភ្នែក កុំ​ចេះតែ​ព្រហើន​!

589
ចែករម្លែក

​ករណី​ប៉េអឹម វាយ និង​យក​កាំភ្លើង​ភ្ជង់​យុវជន​ពីរ​នាក់​នៅ​ខេត្តកំពង់ចាម បាន​ចូល សារភាព ហើយ​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ តុលាការ​បាន​ចោទប្រកាន់ និង​សម្រេច​បញ្ជូនទៅ​ឃុំឃាំង​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​។ ដោយឡែក ប៉ូលិស នៅ​ខេត្តព្រៃវែង ដែល​បាន​បាញ់សម្លាប់​បុរស​អ្នកបើកបរ​រថយន្ត ដោយ​ចោទថា ជា​ចោរលួច​រថយន្ត ក៏​ត្រូវបាន​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា​ផងដែរ​។​

​នោះ​គឺ​នៅ​ខេត្តកំពង់ចាម បន្ទាប់ពី​ចូល​សារភាព ហើយ​ត្រូវបាន​សាកសួរ កាលពី​ល្ងាច ថ្ងៃទី​២៥ ខែមីនា រួចមក ជនសង្ស័យ ឈ្មោះ សាន្ត សុខុម មុខងារ​ជាម​ន្ត្រី​កង​រាជ អាវុធហត្ថ ខេត្តក្រចេះ ពាក់​សក្តិ​បួន ដែល​បាន​វាយ និង​យក​កាំភ្លើង​ភ្ជង់​គំរាម​យុវជន ពីរ​នាក់ នៅ​ទី​រួម​ខេត្តកំពង់ចាម ត្រូវបាន​ព្រះរាជអាជ្ញា ចោទប្រកាន់ ពីបទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ និង​បទ​ប្រើប្រាស់ អាវុធ ដោយ​គ្មាន​ការអនុញ្ញាត​។ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ចៅក្រម​ស៊ើបសួរ​តុលាការ ខេត្តកំពង់ចាម បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ប៉េអឹម​រូបនោះ នៅ​ពន្ធនាគារ ខេត្តកំពង់ចាម ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ​។​

​ដោយឡែក ករណី​បាញ់សម្លាប់​អ្នកបើករថយន្ដ​ម្នាក់ ដោយ​ចោទប្រកាន់ថា ជា​ចោរ លួច​រថយន្ដ នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​យប់​ថ្ងៃទី​២៣ ខែមីនា គឺ​មកដល់​ថ្ងៃទី​២៦ ខែមីនា ជន​ពាក់ព័ន្ធ ជា​ប៉ូលិស និង​ជន​ស៊ីវិល ចំនួន​ប្រាំមួយ​នាក់ ត្រូវបាន​ចាប់ខ្លួន កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ កាត់ទោស​តាមផ្លូវ​ច្បាប់​។

​ក្នុងនោះ រួមមាន ប៉ូលិស​ពីរ​នាក់​ជា​មេ​ប៉ូលិស និង​ប៉ូលិស​ប៉ុស្តិ៍ ព្រមទាំង​យុវជន​បីនាក់ ជាដើម ប ណ្តឹ​ង ដែល​បាន​ប្តឹង​ប៉ូលិស​ថា ជនរងគ្រោះ ជា​ចោរលួច​ឡាន​។ ប៉ុន្តែ​តាមពិត ករណី​បាញ់ប្រហារ ដោយ​ចោទថា ជា​ចោរលួច​ឡាន​នោះ កើតឡើង​ដោយសារតែ ជនរងគ្រោះ​ទិញ​ឡាន​បង់​រំលស់ ហើយ​បង់លុយ​មិន​គ្រប់​ចំនួន នាំ​ឲ្យ​កើតជា​ជម្លោះ ហើយ​ចោទប្រកាន់ថា បុរស​នោះ​ជា​ចោរលួច​ឡាន​។​

​ក្នុងចំណោម​មនុស្ស​ខាងលើ​ជនដៃដល់​ម្នាក់ ឈ្មោះ ជឹម រតនៈ ដែលជា​មន្ដ្រីនគរបាល ស្រុក​ព្រះស្តេច និង​ជា​កូន​ឧកញ៉ា ជឹម សុខ នៅ​ខេត្តព្រៃវែង ត្រូវបាន​ចាប់ខ្លួន​កាលពី រសៀល​ថ្ងៃទី​២៦ ខែមីនា​។​

​ក្នុង​សំណុំរឿង​នៅ​ខេត្តព្រៃវែង​នេះ​ប៉ូលិស​ដៃដល់​មាន​ពីរ​នាក់​គឺ​ឈ្មោះ ជឹម រតនៈ និង​បងប្អូន​ជីដូនមួយ ឈ្មោះ ជឹម វិ​ន​។ រីឯ​មេ​ប៉ូលិស​ប៉ុស្តិ៍​ម្នាក់ទៀត ជា​អ្នក​បើកឡាន ឲ្យ​ប៉ូលិស​ទាំងពីរ ដើម្បី​ស្ទាក់ និង​បាញ់ប្រហារ​សម្លាប់​ជនរងគ្រោះ​។​

​ជាការ​ពិត​ការ​បំបែកសំណុំរឿង​កងកម្លាំង​ប្រដាប់អាវុធ ប្រព្រឹត្ត​បទល្មើស​ទាំងពីរ​នេះ បានកើត​ឡើង ភ្លាមៗ ក្រោយពី​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ព្រមាន​ដក​ស័ក្តិ​របស់​ឪពុក​ជនល្មើស​ទាំងពីរ ដែលជា​មេ​ប៉េអឹម និង​ជា​មេ​ប៉ូលិស កាលពី​ថ្ងៃទី​២៥ ខែមីនា ។​

​បន្ទាប់ពី​សម្តេច​ប្រកាស​ព្រមាន​នោះ​រួចមក​ភ្លាមៗ នៅ​ថ្ងៃទី​២៥ ខែមីនា ជនបង្ក​ជា​កូន មេ​ប៉េអឹម ខេត្តក្រចេះ បាន​ចូល​សារភាព​នៅ​ខេត្តកំពង់ចាម​។ រីឯ​ប៉ូលិស​នៅ​ខេត្ត ព្រៃវែង​ក៏បាន​ចេញ នៅ​ថ្ងៃទី​២៦ ខែមីនា ។​

​ជា​រឿង​ខុសច្បាប់​ទាំងស្រុង​ហើយ ដែល​អាង​ខ្លួន​ជា​កងកម្លាំងប្រដាប់អាវុធ​បាន​ប្រើ អំណាច វាយ​ជន​ស៊ីវិល ដោយមាន​ទាំង​ដក​កាំភ្លើង​ភ្ជង់​ជនស្លូតត្រង់​គំរាម​បាញ់សម្លាប់ ថែមទៀត​។ នេះ​ជា​បទល្មើស ដែល​កើតចេញពី​ការ​អាង​អំណាច​ទាំង​អំណាច​ខ្លួនឯង ជា​ប៉េអឹម​ផង និង​ទាំង​អំណាច​ឪពុក ជា​មេ​ប៉េអឹម ផង​។ នេះ​ជា​ករណី​របស់​ប៉េអឹម ដែល​ប្រព្រឹត្ត​បទល្មើស នៅ​ខេត្តកំពង់ចាម​។​

​រីឯ​ករណី​ប៉ូលិស​ស្រុក​ព្រះស្តេច ដេញតាម​ជនសង្ស័យ ដែល​ត្រូវបាន​ចោទប្រកាន់ថា ជា​ចោរលួច​ឡាន នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ក៏​រឹតតែ​មិនត្រូវ និង​ហាក់ដូចជា​ប៉ូលិស មិនបាន​ចូល​សាលា​បណ្តុះបណ្តាល ឆ្លងកាត់​វិជ្ជាជីវៈ ក្រមសីលធម៌​អ្វី​សោះឡើយ​។ ករណី​ផ្ទុះអាវុធ បើតាម​ច្បាប់ គឺ​ទាល់តែ​ជនល្មើស មាន​អាវុធ​បាញ់​តដៃ​ប៉ូលិស​ទើប ឈានដល់​សមត្ថកិច្ច ផ្ទុះអាវុធ ដើម្បី​ការពារ​ខ្លួន ឬក៏​បាញ់​គំរាម បំភ័យ​ជនល្មើស​។​

​ប៉ុន្តែ​ករណី​នៅ​ខេត្តព្រៃវែង​នេះ ប៉ូលិស​គ្រាន់តែ​ទទួល​បណ្តឹង​ពី​បុរស​បីនាក់ ដែល​អះ អាង​ថា ជា​ម្ចាស់​ឡាន ហើយ​ចោទ​ទាំង​បំពាន​ថា មាន​ចោរលួច​ឡាន ដោយ​មិនដឹង រឿង​ច្បាស់​ផង បែរជា​ប៉ូលិស​ស្រុក និង​ប៉ូលិស​ឃុំ បើក​ប្រតិបត្តិការ បាញ់ប្រហារ សម្លាប់​ជនសង្ស័យ​ទៅហើយ​។ ចុះបើ​មាន​ជន​ណា​ផ្សេង ស្អប់​បុគ្គល​ណា​ម្នាក់ ហើយ​ចោទ​អ្នកនោះ​ថា ជា​ចោរលួច ចោរប្លន់ ឬ​ចោរឆក់ ហើយ​ពេល​ប៉ូលិស​ចុះ ប្រតិបត្តិ​ចាប់​ជនសង្ស័យ ជនជាប់ចោទ ឲ្យ​តែ​ឃើញ​បាញ់ចោលៗ ដូច្នេះ មិន​ងាប់​គេ ងាប់​ឯង​អស់ហើយ​?

​ឆ្លងតាម​បទពិសោធន៍​នេះ គ្រប់​កងកម្លាំង​សមត្ថកិច្ច ត្រូវតែ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ត្រឹមត្រូវ ហើយក៏​ត្រូវ​ជ្រើសរើស​ដោយ​តម្លាភាព មិនមែន​ចេះតែ​ចាប់​ចូលៗ តាម​ខ្សែ និង​តាម​ការ​សូកប៉ាន់ ដោយ​មិនបាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ហើយ​ចេញទៅ ធ្វើ​ប៉ូលិស ប៉េអឹម និង​ធ្វើ​ទាហាន​នោះឡើយ​។​

​សរុបមក​កងកម្លាំង​ប្រដាប់អាវុធ គួរតែ​គោរព​វិជ្ជាជីវៈ ក្រមសីលធម៌ និង​ច្បាប់ ដោយ​មិន ត្រូវយក​អំណាច បុណ្យស័ក្តិ របស់ខ្លួន និង​របស់​ឪពុក ជាដើម ទៅ​ប្រព្រឹត្ត​បទល្មើស តាម​កំហឹង​របស់ខ្លួន ឬក៏​អនុវត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ ក្រម​ស៊ី​ល​ធម៌ វិន័យ និង​ច្បាប់​នោះ ឡើយ​។​

​ចូរ​នឹក​ឃើញថា ក្នុងនាម​ជា​អាជ្ញាធរ និង​ក្នុងនាម​ជា​កងកម្លាំងប្រដាប់អាវុធ មិន​ថា ប៉េអឹម ប៉ូលិស ឬ​ទាហាន​ទេ គឺ​តួនាទី​សំខាន់​ទី​១ ចម្បង​បំផុត​នោះ ជា​អ្នកការពារ​សន្តិសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ដែលជា​ជន​ស៊ីវិល ដោយ​មិន​ប្រកាន់​បក្ខពួក ឬ​រើសអើង ឡើយ​។ នៅពេល​ក្លាយជា​អាជ្ញាធរ រាប់ទាំង​ពី​សមាជិក​ភូមិ រហូតដល់​មេឃុំ​ចៅសង្កាត់ អភិបាលក្រុង​ស្រុក​ខណ្ឌ ចៅហ្វាយខេត្ត​រាជធានី រដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី គឺជា​អ្នក ដាក់ខ្លួន​បម្រើ ការពារ​ប្រជាពលរដ្ឋ​។ ដូច្នេះ​គួរតែមាន​ចិត្តធ្ងន់ ហើយ​គោរព​តួនាទី គោរព​ច្បាប់ និង​វិជ្ជាជីវៈ វិន័យ ដែល​ខ្លួន​បាន​ឆ្លងកាត់ នៅ​សាលារៀន​។​

​រីឯ​កងកម្លាំង​មាន​សមត្ថកិច្ច ពិសេស​តុលាការ គួរតែ​ចាត់វិធានការ​តាម​វិជ្ជាជីវៈ ជំនាញ និង​សមត្ថកិច្ច​របស់ខ្លួន តាម​នីតិវិធី​ច្បាប់ ចោទប្រកាន់ និង​ចាប់ខ្លួន​ជនល្មើស មិន​ថា ជា​សមត្ថកិច្ច ខ្នង​ខ្សែ​ក្រាស់​យ៉ាងណាទេ​។
​ពោលគឺ​មិនមែន​ទាល់តែ​សម្តេចនាយក​រដ្ឋមន្ត្រី​ប្រកាស​ទើប​សមត្ថកិច្ច​តុលា​ការខ្វែង​ដៃ ខ្វែង​ជើង ចាត់ការ​នោះឡើយ​។ សូម​ទុក​ឲ្យ​សម្តេច​តេ​ជោ មាន​ពេល​បំពេញការងារ ជាច្រើន សម្រាប់​ជាតិ មាតុភូមិ ព្រោះ​លោក​បាន​បំពេញការងារ​ច្រើន​មកហើយ​។ ម្យ៉ាងទៀត មន្ត្រី​ថ្នាក់ក្រោម កងកម្លាំង​សមត្ថកិច្ច និង​តុលាការ ជាដើម​ឲ្យ​តែ​នៅពេល ដុំថ្ម​ក្តៅ បែរជា​បោះ​ឲ្យ​នាយករដ្ឋមន្ត្រី​រហូត​អីចឹង តើ​មិន​អាណិត​សម្តេច​ខ្លះ​ទេ​ឬ​?​។​

​មេរៀន​មួយទៀត​ដែល​អ្នកប្រព្រឹត្តិ​ល្មើស​គួរ​ចងចាំ​គឺ សម័យនេះ​ជា​សម័យ​ឌីជីថល ឬ​យុគ​បណ្តាញ​ទំនាក់ទំនង​សង្គម​លាត​សន្ធឹក​ពេញ​ពិភពលោក ។​ដូចនេះ​សូមកុំ​គិតថា ធ្វើ​ខុស​ហើយ​គេ​មិនដឹង​ឬ​មានបំណង​បិទបាំង​កំហុស​ឲ្យ​សោះ​។​ទេវតា​មាន​ភ្នែក​!​កុំ​ចេះតែ​ហ៊ាន​៕ ដោយៈ ម៉េង​ឆៃ​