យុង​ដាម ឫ ភ្នំ​ក្បាល​នាគ គោលដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​នៅលើ​កោះ​ជេ​ជូ​

987
ចែករម្លែក

​ដោយៈ ពិស្តារ​/ជេ​ជូ​៖ យុង​ដាម (Yongduam) ដែលមាន​អត្ថន័យ​ថា ភ្នំ​ក្បាល​នាគ គឺជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​មួយ ដែល​កំពុងតែ​មានការ​ទាក់ទាញ​សម្រាប់​ពលរដ្ឋ​កូរ៉េ និង អ្នកទេសចរ​បរទេស នានា​ដែល​បានមក​ដល់​កោះ​ជេ​ជូ ។​

ក្រុមអ្នកសារព័ត៌មានអាស៊ាន ដឹកនាំដោយមូលនិធិកូរ៉េ ថតនៅរមណីដ្ឋាន
យុន​ដាម (Yongduam)

​រមណី​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​នេះ ត្រូវបាន​គេ​ដឹងថា គឺមាន​ទីតាំង​ស្ថិតនៅ ភាគ​ខាងជើង​នៃ​កោះ​ជេ​ជូ ហើយ​វា​បានកកើតឡើង​ដោយ​សំណល់​នៃ​ភ្នំភ្លើង​ចាស់​ដែល​បាន​សឹក​រិច​រិល នឹង មាន​សភាព​ដូចជា​ក្បាល​នាគ ប្រសិនបើ​គេ​មើល​វាពី​ចម្ងាយ ។ ទីនោះ​គឺមាន​សភាព​មិន​ខុស ពី​ភ្នំ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​នោះទេ ប៉ុន្តែ​លក្ខណៈពិសេស​របស់​វា គឺ​នៅត្រង់​សំណឹក​ដោយ​ធម្មជាតិ មាន​ទឹកសមុទ្រ និង​ទឹកភ្លៀង ព្រមទាំង​អាកាសធាតុ​ផ្សេងៗ នៅលើ​កោះ​នោះ គឺ​ធ្វើ​ឲ្យ​ទីនោះ ជា​កន្លែង​ដែលមាន​ទេសភាព​ស្រស់ស្អាត​មួយ ។​

​ទីនោះ​មានរឿង​និទាន​ច្រើន​ទាក់ទង​នឹង​ដើមកំណើត​របស់​វា ដែល​រឿងនិទាន​នោះ គឺ​ទាក់ ទង​នឹង​ជំនឿ និង រូបរាង របស់​វា ដែល​ស្រដៀង​គ្នា នឹង​រឿងព្រេង​ទាក់ទង​នឹង​ទីតាំង​រមណី​ដ្ឋា​ន​ធម្មជាតិ​នានា នៅក្នុង​ប្រទេស​កម្ពុជា ដូចជា ភ្នំ​សំពៅ ភ្នំ​ក្រពើ ភ្នំ​នា​ងក​ង្រី ដែល​បណ្តាល​ឲ្យ​ទីនោះ​មាន​រូបរាង​ដូច្នោះ ។​

​នៅពេលដែល​ទៅដល់​ទីនោះ ភ្ញៀវទេសចរ​អាច​នឹង​ធ្វើដំណើរ ដោយមាន​វត្ថុ​អនុស្សាវរីយ ផ្សេងៗ ដែល​ច្នៃប្រឌិត​ឡើង​តាម​វប្បធម៌​របស់​ជនជាតិ​កូរ៉េ រួមទាំង​រស់ជាតិ​ក្រូចឃ្វិច​ស្រស់ ដែល គេ​ដឹងថា គឺជា​ផលិត​កសិកម្ម​ដ៏​ចំបង និង ល្បីល្បាញ​នៅលើ​កោះ​នេះ ។ ក្រៅពីនេះ អ្នកទេសចរ ក៏​នឹង​អាច​ឃើញ​សំពៅ​បុរាណ​ដ៏​ធំ​មួយ ដែល​គេ​អះអាងថា គឺជា​អតីត​សំពៅ​ជនបរទេស ទីមួយ​ដែល​បាន​រសាត់អណ្តែត​ក្រោយ​ពេលដែល​ជួប​ព្យុះភ្លៀង​នៅ​សមុទ្រ ។​

​បន្ទាប់មក អ្នកទេសចរ​អាច​នឹង​បន្តដំណើរ​តាមផ្លូវ​ដែលមាន​ទីតាំងនៅ​ចង្កេះភ្នំ ក្រឡឹង​ជុំវិញ ទីនោះ មួយ​ជុំ ។ បើទោះបីជា​អាកាសធាតុ​នៅ​ដើមខែ មិថុនា នេះ មាន​សភា​ពរាង​ត្រជាក់​បន្តិច ប៉ុន្តែ​អាច​នឹង​បែកញើស ដែល​អាច​ចាត់ទុកថា ដំណើរ​ទេសចរណ៍​នេះ​ជា​សកម្មភាព​នៃ​ការហាត់​ប្រា​ញ​មួយ​ក៏បាន ។ ផ្លូវ​នៅ​រមណី​ដ្ឋា​ន​នេះ គឺមាន​សភាព​ជា​ធម្មជាតិ​ដែល​កើតឡើង​ពី​សំ​ណឹ​ង​ទឹករលក និង​ទឹកភ្លៀង ព្រមទាំង​ខ្យល់ ។ ហើយ​ក្រៅពីនោះ នៅក្នុង​ដំណើរ​នេះ អ្នក​ទេសចរណ៍ អាចនឹងទទួល​ទាន​គ្រឿង​សមុទ្រ ជា​មិ​ក ជា​ត្រី ជា​ខ្យង ដែល​អ្នកនេសាទ​ជនជាតិ​កូរ៉េ នេសាទ ឫ ចាប់បាន​ពី​សមុទ្រ​ថ្មីៗ ។ ជារួម អាហារ​នៅ​ទីនោះ គឺ​ស្រស់ ហើយ​គេ​អាច​ទទួលទាន​ដោយ​ឆៅ​តាមរបៀប​ជនជាតិ​កូរ៉េ លាយ ជាមួយនឹង​ស្រា បន្តិចបន្តួច ដើម្បី​កំដៅ ខ្លួន​នៅ​អាកាសធាតុ​ត្រជាក់ ។​

​បើសិន​ជាមាន​ពេលវេលា អ្នកទេសចរ ក៏​អាច​នឹង​នេសាទ​លេង​កំសាន្ត ផងដែរ ។ ហើយក៏ អាច​គយគន់​មើល​សក​ម្ម​ភាព​របស់​ស្ត្រី កូរ៉េ ដែល​ដើរ​រ​ខ្យង រក​គ្រឿង​សមុទ្រ​ផ្សេងៗ ។ នៅ​ទីនោះ ក៏មាន​ភោជនីយដ្ឋាន គ្រឿង​សមុទ្រ​ជាច្រើន និយាយ​រួម ។ ទីនោះ គឺជា​កន្លែង​ដ៏​ប្រពៃ​មួយ ដែល​គេ​អាច​នឹងធ្វើ​ដំណើរ​ទេសច​រណ៍​ក្រេប​ទឹកឃ្មុំ ដោយ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​នោះ ទើប នឹង​រៀប​ការណ៍ ជាដើម​។​

​នៅតាម​ដងផ្លូវ អ្នកទេសចរ​ក៏​អាច​នឹង​គយគន់ ឫ ក៏​ចុះ​ថតរូប នៅ​ផ្ការ​ព្រៃ​ដ៏​ស្រស់ត្រកាល នៅតាម​សងខាង​ផ្លូវ ទៅ និង ត្រឡប់មក​រមណី​ដ្ឋា​ន​មួយ​នេះ ។​

​គួររំលឹកថា កាលពី​ចុងខែ ឧសភា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ក្រុម​អ្នកសារព័ត៌មាន​អាស៊ាន ដោយ​រួមទាំង​អ្នកសារព័ត៌មាន​កាសែត​រស្មី​កម្ពុជា ដែល​ដឹកនាំ​ដោយ​មូលនិធិ​កូរ៉េ ក៏បាន​ទៅលេង​កំសាន្ត​និង​ស្វែងយល់​នូវ​សក្តានុពល​នៃ​រមណី​ដ្ឋា​ន​ទេសចរណ៍​នេះ​ផងដែរ ។