យុត្តិធម៌​នៅក្នុង​តុលាការ​ខ្មែរក្រហម​តាមរយៈ​ការទទួលស្គាល់​ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២

1106
ចែករម្លែក

ដោយ​: ផាត ចាន់​សុ​និ​តា​បុគ្គ​លិ​ស្ម័គ្រចិត្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញ​:
របប​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ហើយ​បាន​ដួលរលំ​ទៅវិញ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ នៅក្នុង​អំឡុង​ពេលដែល​របប​មួយ​នេះ កាន់អំណាច​ប្រជាជន​កម្ពុជា​ប្រមាណ​មួយ​ភាគ​បួន នៃ​ចំនួន​ប្រជាជន​សរុប ត្រូវបាន​បាត់បង់​ជីវិត​ដោយ​ការសម្លាប់​រង្គាល​តាមរ​យៈ ការឃុំ​ឃាំង ការធ្វើ​ទារុណកម្ម ការ​បង្អត់អាហារ និង​ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​។ ក្រោយពី​របប​ខ្មែរក្រហម​ដួលរលំ មាន​ប្រជាជន​កម្ពុជា​តែ​ប្រមាណ​ប្រាំ​លាន​ប៉ុណ្ណោះ​នៅ​រស់រានមានជីវិត ហើយ​ក្នុងចំណោម​នេះ​មាន​ប្រជាជន​កម្ពុជា​មួយចំនួន​បាន​ទៅ​រស់នៅ​បរទេស​។ ទោះបីយ៉ាងណា​សង្គ្រាមស៊ីវិល​ក្នុងប្រទេស​កម្ពុជា​នៅតែ​បន្ត​កើតឡើង​រវាង​រដ្ឋាភិបាល​ក្រុងភ្នំពេញ និង​ចលនា​តស៊ូ​ត្រីភាគី​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​។ រហូតដល់​ឆ្នាំ​១៩៩៨ ទើប​សង្គ្រាមស៊ីវិល​បានបញ្ចប់​នៅពេលដែល​រចនាសម្ព័ន្ធ នយោបាយ យោធា​របស់​ខ្មែរក្រហម​ត្រូវបាន​កម្ទេចចោល​។​

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ នី​កូ​ឡា គាំ​ចាន់ ធ្វើ​បទ​បង្ហាញ​ពី​ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម​ទៅកាន់​វាល​គ្មិ​ន និង​សាស្ត្រាចារ្យ​នៅក្នុង​សន្និសីទ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​

​ចាប់តាំងពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​អន្តរជាតិ​បង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ដើម្បី​រក​យុត្តិធម៌​ជូន​រងគ្រោះ គឺ​នៅ​មុនពេល​កងកម្លាំង​សេសសល់​របស់​ខ្មែរក្រហម​ទាំងអស់ បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល នៅ​ចុងឆ្នាំ​១៩៩៨​។ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៩៩ អ្នកជំនាញ​អង្គការសហប្រជាជាតិ​បាន​លើកសំណើ​អំពី​ការបង្កើត​តុលាការ​សិទ្ធិមនុស្ស​មួយ​នៅក្រៅ​ប្រទេស​កម្ពុជា ដោយ​យក​គំរូ​តាម​តុលាការ​ឧក្រិដ្ឋកម្ម​ប្រទេស​ដទៃ ព្រោះ​អ្នកជំនាញ​យល់ថា ការប្រព្រឹត្ត​របស់​ក្រុមខ្មែរក្រហម​នេះ​គឺជា​ចរិតលក្ខណៈ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​អន្តរជាតិ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​សំណើ​នោះ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​សុំ​ឲ្យ​តុលាការ​នេះ​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​មន្ត្រី​ចៅក្រម​កម្ពុជា​រួមជាមួយ​មន្ត្រី​ចៅក្រម​អន្តរជាតិ​។ កម្ពុជា​បាន​អញ្ជើញ​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​សហការ​ក្នុងការ​កាត់ក្តី ដើម្បី​ធានា​ឲ្យ​មាន​យុត្តិធម៌​ជា​លក្ខណៈ​អន្តរជាតិ​ព្រោះ​កម្ពុជា​យល់ឃើញថា ខ្លួន​នៅមាន​ភាពទន់ខ្សោយ​ផ្នែក​ប្រព័ន្ធ​ច្បាប់​។​

​នៅ​ឆ្នាំ​២០០១ រដ្ឋសភាជាតិ​កម្ពុជា​បានអនុម័ត​ច្បាប់​មួយ ដើម្បី​បង្កើត​តុលាការ​កាត់សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​បានកើត​ឡើង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏ប៉ុន្តែ​ពុំទាន់​ឈានដល់​កិច្ចព្រមព្រៀង​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​នៅឡើយ​។ នៅ​ឆ្នាំ​២០០៣ មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល កម្ពុជា​និង​អង្គការសហប្រជាជាតិ​ស្តីពី​ការបង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា ដែលជា​តុលាការ​ចម្រុះ​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​។ កម្ពុជា​អាចបង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា​តាម​លំនាំ​ច្បាប់​ក្នុងស្រុក ប៉ុន្តែ​តុលាការ​នេះ​ប្រព្រឹត្ត​ទៅតាម​បែបផែន​អន្តរជាតិ ព្រោះ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប កម្ពុជា​ប្រជាធិបតេយ្យ​បាន​ប្រព្រឹត្ត​ខុស​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ច្បាប់​ក្នុង ស្រុក​។ រហូតមកដល់​ឆ្នាំ​២០០៦ ទើប​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​និង​ចាប់ផ្តើម​ដំណើរការ​ដោយមាន​ការចូលរួម​ពី​សហគមន៍​អន្តរជាតិ​តាមរយៈ​អង្គការសហប្រជាជាតិ ដែល​នឹង​អនុវត្ត​ទៅតាម​ស្តង់ដារ​អន្តរជាតិ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​នូវ​ទីតាំង​មួយកន្លែង​សម្រាប់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។

រូប​រាប់​ពីស្តាំ ៖ ដើមបណ្តឹង​រដ្ឋប្បវេណី​នៅ​សាលាក្តី​ខ្មែរក្រហម ឃាន រ៉ាំ និង ម៉ន ម៉ៅ ផ្តល់​បទសម្ភាសន៍​ដល់​បុគ្គលិក​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​

​គោលបំណង​នៃ​ការបង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​តុលាការ​កម្ពុជា​នេះ​ឡើង​គឺ ដើម្បី​ផ្តល់​ការជំនុំជម្រះ​ក្តី​ស្របតាម​និយាម​យុត្តិធម៌​អន្តរជាតិ​ដោយ​ការប្រើប្រាស់​ច្បាប់​ជាតិ រួមមាន ៖ ការធ្វើ​ទារុណកម្ម​, អំពើ​មនុស្សឃាត និង​ការរើសអើង​ដោយ​មូលហេតុ​សាសនា ដែល​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ និង ច្បាប់​អន្តរជាតិ រួមមាន ៖ អំពើ​ប្រល័យពូជសាសន៍​, ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​, ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩, ការបំផ្លាញ​សម្បត្តិ​វប្បធម៌​ក្នុងអំឡុងពេល​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​ជន​ដែល​ត្រូវបាន​ការពារ​ដោយ​អនុសញ្ញា​ទីក្រុង​វី​យែ​ន ឆ្នាំ​១៩៦១ ស្តីអំពី​ទំនាក់ទំនង​ការបរទេស​។

​ច្បាប់​នេះ​រៀបចំឡើង​ដើម្បី​វិនិច្ឆ័យ​ទោស មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ និង​ជន​ទាំងឡាយណា​ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា ការរំលោភ​ទៅលើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ទម្លាប់​អន្តរជាតិ ព្រមទាំង​ការរំលោភ​លើ​អនុសញ្ញា​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា​ទទួលស្គាល់ ហើយ​ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុង​ថ្ងៃ​១៧ មេសា ១៩៧៥ ដល់​ថ្ងៃ​៦ មករា ១៩៧៩​។ គោលដៅ​សំខាន់​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា គឺ​នាំមក​នូវ​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា លើកកម្ពស់​ការផ្សះផ្សា​ជាតិ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​ចាប់តាំងពី​អង្គជំនុំជម្រះ​ចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​មក មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​ចំនួន​៣​រូប​ត្រូវបាន​កាត់ទោស និង​ផ្តន្ទាទោស​។ ក្នុងនោះ​រួមមាន នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ​ឌុ​ច ប្រធាន​មន្ទីរ​ស -២១ ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​, ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​, ទង្វើ​អមនុស្សធម៌ និង​ការ​បំពា​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩​។

​លោក នី​កូ​ឡា គាំ​ចាន់ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានលើកឡើង​នៅក្នុង​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ស្តីអំពី​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក​ថា មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រព្រឹត្តិ​កំហុស​យ៉ាងធ្ងន់ធ្ងរ​ដូចជា ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្សជាតិ​តាមរយៈ​ការវាយប្រហារ​ជា​ប្រព័ន្ធ​ទៅលើ​ជន​ស៊ីវិល​។ មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បានធ្វើ​ឲ្យ​ប្រជាជន​របស់ខ្លួន​ក្លាយទៅជា​ទាសករ ដែលមាន​ស្ថានភាព​រស់នៅ​លំបាក​វេទនា​ជាទីបំផុត​ក្នុង​ហេតុផល​បម្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ជាតិ​។ មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ មិនបាន​គិតគូ​ពី​អាយុជីវិត​របស់​ប្រជាជន​របស់ខ្លួន​ឡើយ ហើយ​ចាត់ទុក​ការសម្លាប់​រង្គាល​ទៅលើ​ប្រជាជន​គឺជា​រឿង​ធម្មតា​នៅក្នុង​ការដឹកនាំ​ប្រទេស​។ មេធាវី​ការពារ​ក្តី នួន ជា បាន​ពន្យល់​ពី​ហេតុផល​ដែល​ខ្មែរក្រហម ប្រព្រឹត្ត​ទៅលើ​ប្រជាជន​បែបនេះ ក្នុង​គោលបំណង​បោសសម្អាត​ខ្មាំង ដើម្បី​ការពារ​ប្រទេស​កុំ​ឲ្យ​ធ្លាក់​ទៅក្នុង​ការគ្រប់គ្រង​រប​ស់​វៀតណាម និង​សហរដ្ឋ​អាម៉េរិក​។ ប៉ុន្តែ​តាម​ការពិត​ជាក់ស្តែង ជនរងគ្រោះ​ភាគច្រើន​ដែល​ត្រូវបាន​សម្លាប់​សុទ្ធសឹងតែ​ជា​ប្រជាជន​សាមញ្ញ និង​កុមារ​ដែល​ពុំមាន​លទ្ធភាព​ក្នុង​ការតបត និង​ការពារ​ខ្លួន​ឡើយ​។ នៅក្នុង​ច្បាប់​អន្តរជាតិ​យើង​មិនអាច​សម្លាប់​ន​ណា​ម្នាក់​បានទេ ប្រសិនបើ​គ្មាន​ការវិនិច្ឆ័យ​ទោស​ត្រឹមត្រូវ​។ ការចាប់ខ្លួន​នៅក្នុង​មន្ទីរ​ស​-២១ ពុំមាន​លក្ខណៈ​ស្របច្បាប់​នោះទេ ព្រោះ​ជាការ​ចាប់ខ្លួន​ត​គ្នា​។​ការសម្លាប់​ទៅលើ​ជាតិ​សាសន៍​ណាមួយ​ក្នុង​ចេតនា​សម្លាប់​ទាំង​ក្រុម​ក៏​ត្រូវបាន​ចាត់ទុកថា ជា​អំពើ​ប្រល័យពូជសាសន៍​ដែរ​។ នួន ជា និង ខៀវ សំផន ត្រូវបាន​ជាប់ចោទ​ពីបទ​សម្លាប់​ជនជាតិភាគតិច​វៀតណាម និង​ជនជាតិភាគតិច​ចាម​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ តួនាទី​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា មិនមែន​គ្រាន់តែ​កាត់ទោស​ទៅលើ​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​កត់ត្រា​រឿងរ៉ាវ​ទាំងនោះ​ចងក្រង​ជា​ឯកសារ​ទុក​ឲ្យ​អ្នកសិក្សា​ជំនាន់​ក្រោយ​បាន​ស្វែងយល់​។ ជាពិសេស​តុលាការ​នេះ​បាន​ផ្តល់នូវ​ការព្យាបាល​របួស​ផ្លូវចិត្ត និង​ការផ្សះផ្សា​នៅក្នុង​សង្គម​កម្ពុជា​។​

​ឃាន រ៉ាំ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ គឺជា​ដើម​បណ្តឹងរដ្ឋប្បវេណី​ម្នាក់​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្នុងចំណោម​ដើមបណ្តឹង​រដ្ឋប្បវេណី​នៃ​សំណុំរឿង​០០២​សរុប​ចំនួន ៣៨៦៦​នាក់ បាន​លើកឡើងថា ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ក្នុង​សំណុំរឿង ០០២/០១ និង ០០២/០២ តាមរយៈ​អង្គការ​អាដហុក​នៅ​ឆ្នាំ​២០០៦​។ គោលបំណង​នៃ​ការដាក់​ពាក្យបណ្តឹង​គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​បងប្រុស ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ បងប្រុស​របស់ខ្ញុំ​ឈ្មោះ ឃាន សារឿន​។​គាត់​ជា​អតីត​ទាហាន លន់ នល់ ដែល​ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន​យកទៅ​សម្លាប់​ក្នុង​ឆ្នាំ ១៩៧៦ ដោយ​យោធា​ខ្មែរក្រហម​ចោទ​គាត់​ថា ជា​ខ្សែបណ្តាញ ស៊ី​.​អាយ​.​អេ​។ រហូតមកដល់​ពេលនេះ​ខ្ញុំ បានទទួល​នូវ​ការព្យាបាល​របួស​ផ្លូវចិត្ត​មួយចំនួនធំ ក្រោយពី​បាន​ចូលរួម​នៅក្នុង​ដំណើរការ​កាត់ទោស​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឲ្យ​ជាប់គុក​អស់​មួយជីវិត​។

ដើម​បណ្តឹងរដ្ឋប្បវេណី ម៉ន ម៉ៅ រៀបរាប់​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន និង​ការដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាក្តី​ខ្មែរក្រហម​នៅក្នុង​សន្និសីទ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​

​ម៉ន ម៉ៅ ជាដើម​បណ្តឹងរដ្ឋប្បវេណី​សំណុំរឿង ០០២/០១ និង ០០២/០២ មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មានប្រសាសន៍ថា ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​មក​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​តាមរយៈ​អង្គការ​អាដហុក ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅតាម​ខេត្ត​។ អង្គការ​នេះ​បានធ្វើការ​ពន្យល់​ណែនាំ​ប្រជាជន​ឲ្យ​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រសិនបើ​បាត់បង់​សាច់ញាតិ​នៅក្នុង​ខ្មែរក្រហម​។ ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ឪពុកមា​ដែល​បាន​ស្លាប់​។ គាត់​ឈ្មោះ ជា ផុង ត្រូវបាន​ខ្មែរក្រហម​សម្លាប់​នៅ​ខែមិថុនា ឆ្នាំ​១៩៧៦ ដោយសារ​គាត់​ជា​អតីត​ទាហាន លន់ នល់​។​តាមរយៈ​ការដាក់​ពាក្យបណ្តឹង​នេះ​ខ្ញុំ​ទទួលបាន​សំណង​ផ្លូវចិត្ត​ពី​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ ដែល​បាន​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ទៅតាម​ផ្លូវច្បាប់​។

​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានរួម​ចំណែក​យ៉ាងសំខាន់ ដើម្បី​នាំយក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា​តាមរយៈ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម និង​បាន​ផ្តល់ឱកាស​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​បាន​ចូលរួម​ដោយផ្ទាល់​នៅក្នុង​សវនាការ ដែល​ផ្នែក​មួយ​នៃ​ការផ្សះផ្សា និង​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត​សម្រាប់​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម​៕ ល​