យុទ្ធនាការ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រោម​ប្រធានបទ «​រក្សា​សន្យា​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​!»

1125
ចែករម្លែក
  • 16
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​ល្ងាច​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨) អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) ដែលជា​អង្គការ​អេដស៍​ធំជាងគេ​នៅលើ​ពិភពលោក នឹង​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅក្នុងពេល​តែមួយ​នៅតាម​បណ្តា ៤២​ប្រទេស ដែល​ខ្លួន​កំពុង​ប្រតិបត្តិការ​ព្រឹត្តិការណ៍​នេះ ដែល​ប្រព្រឹត្ត​ទៅមុន​មួយ​សប្តាហ៍ រហូតដល់​ថ្ងៃទី​០១ ខែធ្នូ ដែលជា​ព្រឹត្តិការណ៍​ផ្លូវការ​ជា​រៀងរាល់ឆ្នាំ​។​

​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ នឹង​រៀបចំ​យុទ្ធនាការ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រោម​ប្រធានបទ «​រក្សា​សន្យា​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​!» ជាមួយ​ការបង្ហាញ​ពី​សមិទ្ធផល​របស់ខ្លួន ក្នុងការ​ប្រយុទ្ធ​នឹង​ការរីក​រាលដាល​មេរោគ​អេដស៍​។ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នឹង​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ពិភពលោក​ថា​នៅមាន​មនុស្ស​ប្រមាណ​ជាង ៩​សែន ៤​ម៉ឺន​នាក់​បាន​ស្លាប់ និង​ជាង​១​លាន ៨​សែន​នាក់ បាន​កំពុង​ឆ្លង​មេរោគ​អេដស៍​ក្នុង​ឆ្នាំ​មុននេះ បញ្ជាក់ថា​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ក្នុងការ​ប្រយុទ្ធ និង​បញ្ចប់​ជំងឺអេដស៍​ជាស​កល​។​

​លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​មានប្រសាសន៍ថា “​យើង​សង្ឃឹមថា​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ​នឹងធ្វើ​ឲ្យ​ការប្រយុទ្ធ​នឹង​មេរោគ​អេដស៍​កាន់តែ​ប្រសើរឡើង ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក​”​។ “​បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ​ជា ៦៧០០០​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ថា ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ក្នុងការ​បង្ហាញ​ជា​សាធារណៈ​ថា ក្នុងចំណោម​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជាង​ពាក់កណ្តាល​ទទួល​ការថែទាំ​គាំទ្រ​ដោយ​អង្គការ AHF កម្ពុជា​”​។​

​លោក Michael Weinstein ប្រមុខ​ដឹកនាំ​អង្គការ AHF ទូទាំង​សកល​បាន​មានប្រសាសន៍ថា​៖ «​ខណៈពេលដែល​យើង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដើម្បី​ប្រារព្ធ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ឆ្នាំ​២០១៨ ទូទាំង​ពិភពលោក យើង​ក៏​ចង់​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​ជាស​កល​ក្នុង​ឆ្នាំ​២០១៨ អស្ចារ្យ​យើង គឺ​គាំទ្រ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ១​លាន​នាក់ រស់ក្នុង​ការថែទាំ​នៅតាម​បណ្តា ៤២​ប្រទេស ដែល​យើង​កំពុង​ប្រតិបត្តិការ​។ ក្រៅពី​ព្រឹ​ត្ដិ​ការណ៍​ទាំងពីរ​នេះ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​លើក​ទី​៣០ និង​សមិទ្ធផល​ដែល​គាំទ្រ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ១​លាន​នាក់ កំពុង​រស់នៅ​ក្នុងការ​ថែទាំ​របស់​អង្គការ AHF យើង​ក៏​ចង់​ក្រើនរំលឹក​ដល់​ពិភពលោក​ថា​នៅសល់​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។

​លោក Michael Weinstein បន្ថែមថា​៖ ក្នុងចំណោម​មនុស្ស​ជិត ៣៧​លាន​នាក់ ដែល​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​ទូទាំង​ពិភពលោក គឺមាន​តែ​ជាង​ពាក់កណ្តាល​នៃ​អ្នកជំងឺ​ទាំងនោះ​ប៉ុណ្ណោះ ដែល​បានទទួល​ការព្យាបាល នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា ពិភពលោក​នៅ​មិនទាន់​បោះជំហាន​ដើម្បី​សម្រេច​គោលដៅ​ព្យាបាល​ជាស​កល​នៅឡើយ​ទេ​។ លើសពីនេះ​ថវិកា​សម្រាប់​ការប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ធ្លាក់ចុះ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រសិនបើ​យើង​ពិតជា​ចង់​រក្សា និង​បន្ត​ជោគជ័យ​ទាំងអស់នេះ ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​ត្រូវតែ​រក្សា​សន្យា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដោយ​ដាក់​របៀបវារៈ​ជា​អាទិភាព​ក្នុង​សុខភាព​សាធារណៈ និង​ធ្វើ​ឲ្យ​ប្រាកដថា​ថវិកា​មូលនិធិ​សកល​ត្រូវបាន​បំពេញ​យ៉ាង​ពេញលេញ​។

​ជាមួយគ្នា​នោះដែរ លោក អៀង មូលី ទេសរដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​និង​ជំងឺអេដស៍ បាន​ថ្លែងថា​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ត្រូវបាន​រៀបចំឡើង​នៅ​ទូទាំង​ពិភពលោក​ដែល​គិត​មកដល់ពេលនេះ​មាន​ចំនួន​៣០​លើក​ហើយ ដោយឡែក​នៅ​កម្ពុជា​យើង ជា​ឆ្នាំ​ទី​២៥​នៃ​ការ​ប្រារព្ធ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ នៅ​ទូទាំង​រាជធានី ខេត្ត​។ ឆ្នាំនេះ​ក៏​ជា​លើក​ទី​២​ផងដែរ ដែល​ខ្ញុំ​ត្រូវបាន​អញ្ជើញ​ជា​អធិបតី​ក្នុងការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកនេះ យើង​រួមគ្នា​សម្រេចបាន​នូវ​ការកាត់បន្ថយ​អត្រា​ចម្លង​មេរោគ​អេដស៍​ថ្មី ការកាត់បន្ថយ​អត្រា​មរណភាព​ដោយសារ​ជំងឺអេដស៍ ការកាត់បន្ថយ​អត្រា​រើសអើង មាក់ងាយ​លើ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​មាន​ក្តីសង្ឃឹម​ដ៏​ពិតប្រាកដ​ក្នុងការ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ការបញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ​។​

​សូមជម្រាបថា យោងតាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ មាន​មនុស្ស​ជាង ៣៦​លាន​នាក់​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​ជុំវិញ​ពិភពលោក​។ ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​ប្រមាណ ១​លាន ៨​សែន​នាក់​បាន​កំពុង​ឆ្លង និង ៩​សែន ៤​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺអេដស៍ ខណៈ​អ្នកជំងឺ​រាប់លាន​នាក់ ក្នុងពេល​បច្ចុប្បន្នកំពុង​ទទួលបាន​សង្គ្រោះ​ជីវិត​ដោយ​ឱសថ ប្រឆាំង​មេរោគ​អេដស៍ ក៏​នៅមាន​មនុស្ស​រាប់លាន​នាក់​ទៀត​កំពុង​ត្រូវការ​ដូចគ្នា​ដែរ​។ ដើម្បី​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍ រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ពិភពលោក​ត្រូវតែ​រក្សា​ការសន្យា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ទាំងអស់គ្នា​៕​