យុទ្ធនាការ​បោះឆ្នោត​ម៉ាឡេស៊ី ចាប់ផ្តើម ចំ​ពេល​មាន​ការអះអាង​អំពី​ការបំផ្លិចបំផ្លាញ​និង​លម្អៀង​

1154
ចែករម្លែក

យុទ្ធនាការបោះឆ្នោតជាតិម៉ាឡេស៊ីបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃសៅរ៍ទី២៨មេសា ដោយដាក់នាយករដ្ឋមន្រ្តីណាជីប រ៉ាហ្សាក់ទល់នឹង អតីតនាយករដ្ឋមន្រ្តី មហាធៀម៉ូហាម៉ាត នៅក្នុងការប្រកួតប្រជែងមួយដែលត្រូវរំខានដោយការចោទប្រកាន់អំពីការបំផ្លិចបំផ្លាញដើម្បីរំខានគូប្រជែងនិងប្រព័ន្ធបោះឆ្នោតមានបញ្ហា។

លោកណាជីប ដឹកនាំក្រុមចំរុះកាន់អំណាចរបស់លោកចូលក្នុងការប្រកួតប្រជែងដ៏យ៉ាប់យ៉ឺនបំផុតចាប់តាំងពីប្រទេសទទួលបានឯករាជ្យភាពពីអង់គ្លេសនៅឆ្នាំ១៩៥៧។លោកកំពុងប្រវេប្រវាជាមួយរឿងអាស្រូវរាប់ពាន់លានដុល្លារនៅមូលនិធិរដ្ឋមួយ កំហឹងរបស់ប្រជាជនជុំវិញការឡើងថ្លៃនៃការចំណាយលើការរស់នៅប្រចាំថ្ងៃ និងការ
ប្រជែងដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនពីលោកមហាធៀវ័យ៩២ឆ្នាំ។

មហាធៀ ដែលបានវិលមកកាន់នយោបាយកាលពី១៥ឆ្នាំមុន នឹងឈរឈ្មោះនៅកោះកម្សាន្ត ឡាងហ្កាវី សំរាប់ការបោះឆ្នោតថ្ងៃ៩ឧសភា។

ជានាយករដ្ឋមន្រ្តីអស់២២ឆ្នាំមុនចុះចេញពីតំណែងនៅឆ្នាំ២០០៣ មហាធៀបានវិលមកប្រជែងជាមួយណាជីបបន្ទាប់ពីផ្ទុះរឿងអាស្រូវមូលនិធិវិនិយោគ1MDB។មូលនិធិនេះកំពុងត្រូវបានស៊ើបអង្កេតនៅក្នុងប្រទេសយ៉ាងតិចចំនួន៦ ចំពោះការលាងលុយនិងអំពើពុករលួយកឹបកេងប្រាក់។ទោះជាយ៉ាងណា លោកណាជីបបានបដិសេធថា
លោកមិនបានធ្វើអ្វីខុសពាក់ព័ន្ធការខាតបង់នៅមូលនិធិនេះទេ។

លោកក៏បានការពារស្នាដៃសេដ្ឋកិច្ចរបស់ប្រទេសទោះជាមានកំហឹងសាធារណៈអំពីការឡើងថ្លៃទំនិញ ដែលពួកគេបន្ទោសពន្ធលើការប្រើប្រាស់ដាក់ដោយរដ្ឋាភិបាលរបស់លោកនៅឆ្នាំ២០១៥។

លោកណាជីប នឹងឈរឈ្មោះនៅរដ្ឋប៉ាហាំង ខណៈក្រុមចំរុះរបស់លោកនិងក្រុមប្រឆាំងនឹងប្រជែងគ្នាយកកៅអីសភា២២២និងកៅអីប្រចាំរដ្ឋ៥០៥។

លោកមហាធៀ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោកសង្ស័យមានការបំផ្លិចបំផ្លាញដោយចេតនាលើយន្តហោះឯកជនមួយដែលលោកជិះពីទីក្រុងកូឡាឡាំពួរទៅឡាងហ្កាវី បន្ទាប់ពីអ្នកបើកបានរកឃើញការខូចខាតខ្លះនៅមុនពេលចាកចេញបន្តិច។

រដ្ឋាភិបាលបានបញ្ជាអោយមានការស៊ើបអង្កេតភ្លាម ចំពោះការអះអាងនេះ ទោះជាមហាធៀមិនបានប្តឹងទៅប៉ូលិស។

ក្រុមប្រឆាំងនិងពួកអ្នករិះគន់និយាយថា ពួកគេក៏ប្រឈមប្រព័ន្ធបោះឆ្នោតមួយដែលអំណោយផលដល់ក្រុមចំរុះកាន់អំណាច ជាពិសេសការតាក់តែងព្រំដែនបោះឆ្នោតឡើងវិញយ៉ាងប្រញាប់ប្រញាល់កាលពីខែមីនា តែទាំងលោកណាជីបនិងគណៈកម្មាធិការរៀបចំការបោះឆ្នោតបានបដិសេធការចោទប្រកាន់។

អ្នកសង្កេតការណ៍អន្តរជាតិទៅពីឥណ្ឌូនេស៊ី ថៃ ម៉ាល់ឌីវ ទីម័រខាងកើត កម្ពុជា គៀហ្គីស្ថាននិងអាហ្សែបៃហ្សង់ នឹងចូលរួមត្រួតពិនិត្យការបោះឆ្នោតនេះ៕ដោយ៖វាសនា

ការបោះឆ្នោត នៅ ខែ ក្រោយ នៅ ម៉ាឡេស៊ី ជា ការដាក់ ប្រជល់ គ្នា រវាង នាយករដ្ឋមន្ត្រី បច្ចុប្បន្ន និង អតីត នាយករដ្ឋមន្ត្រី មហា ធៀ ម៉ូ ហា ម៉ា ត