យុទ្ធនាការ​១០០​ថ្ងៃ​! កម្ពុជា​នឹង​បញ្ជូន​មន្ត្រី​ទៅធ្វើ​និង​ផ្តល់​លិខិតឆ្លងដែន​ជូន​ពលករ​ខ្មែរ​នៅ​ថៃ​ផ្ទាល់​ដោយ​យក​ថ្លៃ​តែ​៦៨​ដុល្លារ​ ​

512

សូម​ពលករ​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​រក្សា​ចិត្ត​ស្ងៀមស្ងាត់ ។ កម្ពុជា​-​ថៃ នឹង​រួមគ្នា ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ផ្ទាល់​តែម្ដង ដោយ​មិនចាំបាច់​វិលត្រឡប់​មក​ធ្វើ​នៅ​កម្ពុជា​នោះទេ

(​ភ្នំពេញ​) ៖ ខណៈ​ត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​ជួប​ជជែក​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ រឿង​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែងថា​កម្ពុជា​នឹង​បើក​យុទ្ធ​​នា​ការ​១០០​ថ្ងៃ ដើម្បី​ផ្តល់​លិខិតឆ្លងដែន​ដែល​សេសសល់​១៦​ម៉ឺន​ជូនទៅ​ពលករ​ខ្មែរ​កំពុងធ្វើការ​ងារ​នៅក្នុង​ប្រទេស​ថៃ​ព្រមទាំង​ធ្វើ​លិ​​ខិត​ឆ្លងដែន​ជូន​ពលករ ដែល​មិនទាន់មាន​លិខិតឆ្លងដែន ហើយ​ការធ្វើ​នេះ​ចំណាយពេល​ត្រឹមតែ​មួយថ្ងៃ​ជាមួយ​តម្លៃ​២.៣៥០​បាត ស្មើនឹង​ជាង ៦៨​ដុល្លារ​។​
​ ​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក អ៊ិត សំហេង បានលើកឡើង​ថា​តាម​កិច្ចពិភាក្សា​នោះ​ទទួលបាន​លទ្ធផល​ជាច្រើន​សម្រាប់​​ជា​ប្រយោជន៍​ជូនទៅ​ពលករ​ខ្មែរ​នៅ​ថៃ ជាពិសេស ពលករ​ដែល​កំពុងធ្វើកា​រងារ​ខុសច្បាប់​។
​ ​
​លោក បាន​គូសបញ្ជាក់ថា នៅពេលនេះ​រាជរដ្ឋាភិបាល​ថៃ បានសម្រេច​ព្យួរ​ការអនុវត្តន៍​ច្បាប់​ថ្មី​របស់ខ្លួន​រហូតដល់​ដាច់​ឆ្នាំ​២០១៧​ដែល​​ជាការ​ផ្តល់ឱកាស​ឲ្យ​ពលករ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ មិនមែន​តែ​ពលករ​ខ្មែរ​នោះទេ បំពេញបែបបទ​និង​លិខិតស្នាម​ផ្សេងៗ​ឲ្យ​ក្លាយ​​ជា​ពលករ​ស្របច្បាប់​។​
​ ​
​បើតាម​លោក អ៊ិត សំហេង អាជ្ញាធរ​ថៃ​ក៏បានផ្តល់​ការអនុគ្រោះ​ធំ​មួយទៀត​សម្រាប់​ពលករ​ខ្មែរ ដោយ​ប្រើ​រយៈពេល​១៥​ថ្ងៃ​ក្នុង​ចន្លោះ​​ពីចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា ដល់​ថ្ងៃទី​០៧ ខែសីហា ដើម្បី​បើក​មជ្ឈមណ្ឌល​ទទួល​ធ្វើឯកសារ​បណ្តោះអាសន្ន​ជូន​ឲ្យ​ពលករ​ខ្មែរ​រៀបចំ​បែបបទ​​អត្តសញ្ញាណ ដើម្បី​ធ្វើ​ឲ្យ​ស្របច្បាប់​។ មជ្ឈមណ្ឌល​នេះ មាន​ទីតាំង​ចំនួន ១០​នៅក្នុង​ទីក្រុង​បាងកក និង​នៅតាម​បណ្តា​ខេត្ត​ធំៗ​។​
​ ​
​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ននេះ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ មាន​ចំនួន ១​លាន ៥​ម៉ឺន​នាក់ ក្នុងនោះ​មាន​ពលករ ៧៥​ម៉ឺន​នាក់ មាន​ភាពស្របច្បាប់ ដោយឡែក ៣០​ម៉ឺន​នាក់​ទៀត​មិនទាន់​ស្របច្បាប់​នោះទេ​។ ដើម្បី​ជួយ​ឲ្យ ពលករ​មិនទាន់​ស្របច្បាប់​នេះ ក្លាយជា​ពលករ​ស្របច្បាប់​លោក អ៊ិត សំហេង បាន​ដាក់ចេញ​យុទ្ធនាការ ១០០​ថ្ងៃ​ក្នុង​​ការចែក​លិខិត​ឆ្លង ដែល​មិនទាន់​ចែក​អស់​នាពេល​កន្លងមក​ចំនួន​ជាង ១៦​ម៉ឺន​ប័ណ្ណ​ព្រមទាំង​ធ្វើលិខិត​ឆ្លងដែន​ថ្មី​ជូន​អ្នក​ដែល​​មិនទាន់មាន​។​
​ ​
​សូម​រំលឹកថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ក្រសួង​ការងារ និង​ក្រសួង​ពាក់ព័ន្ធ​ធ្លាប់បាន​ចុះទៅ​ធ្វើលិខិត​ឆ្លងដែន​ជូន​ពលករ​ខ្មែរ​ដល់​ប្រទេស ថៃ​រួច​ម្តងមកហើយ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ក្លាយជា​ពលករ​ស្របច្បាប់​។
​ ​
​លោក​អ៊ិត សំហេង បាន​បញ្ជាក់ថា ការធ្វើ​លិខិតឆ្លងដែន​នាពេលនោះ គឺ​បាន​ចំនួន ២៣​ម៉ឺន​នាក់ តែ​ប្រគល់​បានតែ ៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ដោយឡែក ១៦​ម៉ឺន​នាក់​ផ្សេងទៀត មិនទាន់បាន​ប្រគល់​នៅឡើយ​នោះទេ​។​
​ ​
​ដើម្បី​ប្រគល់​លិខិតឆ្លងដែន​ដែល​នៅ​សេសសល់ ១៦​ម៉ឺន​នាក់​នេះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួង​នឹងដាក់​ចេញ​យុទ្ធនាការ ១០០​ថ្ងៃ ដោយ​បោះទីតាំង​នៅតាម​ខេត្ត​ធំៗ​រង់ចាំ​ផ្តល់​លិខិតឆ្លងដែន​ជូន​ពលករ​ដែល​មិនទាន់​ទទួល​ប័ណ្ណ​ព្រមទាំង​បង្កើត​ក្រុមការងារ​ចល័ត​​ចំនួន​៤​ក្រុម​ចុះទៅ​ដល់​រោងចក្រ​៥០ ដើម្បី​ជួប​ជាមួយ​និយោជក និង​ពលករ​រៀបចំ​ចែក​ផ្ទាល់​តែម្តង​។​
​ ​
​ក្រៅពី​ការចែក​លិខិតឆ្លងដែន​ដែល​នី​សេសសល់ បើតាម​លោក អ៊ិត សំហេង ក្នុង​យុទ្ធនាការ ១០០​ថ្ងៃនេះ ក្រសួង​ការងារ និង​ក្រសួង​ពាក់ ព័ន្ធ ក៏​នឹង​បើក​ការធ្វើ​លិខិតឆ្លងដែន​ថ្មី​ជូន​ពលករ​មិនទាន់មាន​លិខិតឆ្លងដែន​ផងដែរ​។ ការធ្វើ​លិខិតឆ្លងដែន​លើក​នេះ​គឺមាន​ការ​​ឆាប់រហ័ស​ជាង​ពេលមុន ពោលគឺ​ធ្វើ​តែមួយ​ថ្ងៃ​បានតែ​ម្តង​ជាមួយ​តម្លៃ ២.៣៥០​បាត គឺ​ស្មើ​និង​ជាង ៦៨​ដុល្លារ​អាមេរិក​ហើយ​គ្រោង​ធ្វើ​ឲ្យ​​បាន​៥០០​នាក់​ក្នុង​មួយថ្ងៃ​។ តែ​ការធ្វើ​នេះ នឹង​ចាប់ផ្តើម​ធ្វើជា​មួយ​ពលករ​ផ្នែក​នេសាទ​មុនគេ ដែលមាន​ភាគច្រើន​នៅក្នុង​ខេត្ត​រ៉ាក់យ៉ង និង​ខេត្ត​សុង​ខ្លា បន្ទាប់មក​នឹងធ្វើ ទៅលើ​ផ្នែក​ផ្សេងៗ​ទៀត​។​
​ ​
​លោក​ថ្លែងថា “…​យើង​នឹង​បើក​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​រយៈពេល​១០០​ថ្ងៃ​ហើយ​យុទ្ធនាការ​នេះ​គឺ​ទី​១.​ផ្ដល់​លិខិតឆ្លងដែន​ដែល​នៅ​​សល់​១៦​ម៉ឺន​នាក់ ជូន​ពលករ​យើង​ដោយ​បង្កើត​ក្រុមការងារ និង​មជ្ឈមណ្ឌល​របស់​យើង​នៅតាម​ខេត្ត​ដែល​ធំៗ​ដែលមាន​ពលករ​រប​ស់​​យើង​ធ្វើលិខិត​ឆ្លងដែន​ច្រើន​, ទី​២.​យើង​នឹង​បង្កើត​ក្រុម​ចល័ត​ចំនួន​៤​ក្រុម ហើយ​មួយក្រុម​ទៅដល់​រោងចក្រ​៥០​ដើម្បី​ចុះទៅ​ជួប​ផ្ទាល់​​ជាមួយ​និយោជក និង​ពលករ ប្រសិនបើ​ពលករ​ផ្លាស់​ទីកន្លែង​យើង​នឹង​រៀបចំ​ចែក​ផ្ទាល់​ជូន​បងប្អូន​តែម្ដង​…”​។​
​ ​
​លោក អ៊ិត សំហេង បាន​គូស​បញ្ជាក់ដែរថា ក្នុងពេល​យុទ្ធនាការ​១០០​ថ្ងៃនេះ ក្រុមការងារ​របស់​ក​ម្ពុ​ជា បានស្នើ​ឲ្យ​ភាគី​ថៃ ចូលរួម​ជាមួយ​ផងដែរ ព្រោះថា​នៅពេល​កម្ពុជា​ផ្ដល់​លិខិតឆ្លងដែន​ជូន​ពលករ​រួចរាល់ ពេលនោះ​អាចមាន​ឱកាស​ឲ្យ​ភាគី​ផ្ដល់នូវ​ទិដ្ឋាការ​ស្នាក់​ជូន​ភ្លាមៗ តែម្ដង ហើយ​ការងារ​បន្ដទៀត វា​នឹងធ្វើ​ទៅតាម​នីតិវិធី​អាជ្ញាធរ​របស់​ថៃ​៕ ​ដោយ ៖វិបុល

លោក អ៊ិត សំហេង ជួប​ជជែក​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ រឿង​ពលករ​ខ្មែរ​ដែល​កំពុង​​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ