យុទ្ធសាស្ត្រ​ប្រាំពីរ​ចំណុច​ដើម្បី​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព​

1668
ចែករម្លែក
  • 21
    Shares

​ដោយៈ​ច្រាយ​ចំណាន​/​ព្រះសីហនុៈ​នៅឯ​ខេត្ត​ព្រះសីហនុ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងទេសចរណ៍​និង​រដ្ឋបាលខេត្ត​ជាប់​ឆ្នេរ​ទាំង​បួន​ជា​សេនាធិការ​រួមជាមួយ​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក​បានប្រកាស​ប្ដេជ្ញា​រួមគ្នា​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ទាំង​បួន​របស់​កម្ពុជា មាន​ខេត្ត​ព្រះសីហនុ កោះកុង កំពត​និង​ខេត្ត​កែប​ប្រកបដោយ​និរន្តរភាព​។ ប្រការនេះ​គឺ ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។​

​ការតាំង​ចិត្ត​រួមគ្នា​នេះ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុងនាម​ជា​សមាជិក ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក​កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ​ខេត្ត ព្រះសីហនុ ក្រោម​វត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ប្រូ​ណូ បូ​ដា​( Bruno Bodard)​អគ្គ នាយក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក និង​មានការ​ចូលរួម​ពី​អភិបាល​-​អភិបាលរង​ខេត្ត​ជាប់​ឆ្នេរ​ទាំង​៤ រួម​និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន​។​

​អង្គសិក្ខាសាលា​បានប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​ចំនួន ៧​ចំណុច​សំខាន់ៗ​។​ក្នុងនោះ​ទី​១. វិស័យ​ឯកជន​វិនិ​យោគិន ទាំងអស់ ដែល​ទទួលបាន​កិច្ចសន្យា​សម្បទាន​ទេសចរណ៍​ពី​រាជរដ្ឋាភិបាល និង​បណ្តា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ត្រូវ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ស្អាត ហើយ​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​នូវ​សូចនាករ​ទាំងអស់ ដូច​មានចែង​ក្នុង​ស្តង់ដា​«​អេកូ​ឡា​បិ​ល​ឆ្នេរ​»​ពិសេស​ការរៀបចំ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​ឆ្នេរសមុទ្រ​ការគិតគូ​រលើ​ការគ្រប់គ្រង​សំណង់​រឹង និង​រាវ ព្រមទាំង​គុណភាព​ទឹកសមុទ្រ ការថែរក្សា​ភាព​ស្អាត ការបំពាក់​ធុងសំរាម និង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​ទីតាំង​អាជីវកម្ម​ដើម្បី​ជា​ប្រយោជន៍​​​ដល់​ការអភិវឌ្ឍ​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព​។​

​ទី​២.​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​អ្នកគ្រប់គ្រង​ឆ្នេរ​ឬ​ម្ចាស់​ឆ្នេរ​កម្សាន្ត​ក្នុង​ការរក្សាសន្តិសុខ​សុវត្ថិភាព​របស់​​ភ្ញៀវទេសចរ​តាម​ឆ្នេរសមុទ្រ ស្របតាម​ពាក្យស្លោក «​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ គឺជា​ភារកិច្ច​របស់​យើង​»​។​ត្រូវយក ចិត្ត​ទុកដាក់​លើ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ពិសេស​ទេសចរ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ក្រសួង​ទេសចរណ៍​និង​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នឹងដាក់​ចេញ​នូវ​យុទ្ធនាការ​បដិសណ្ឋារកិច្ច​ល្អ សន្តិសុខ​ល្អ​។​

​ទី​៣. ខេត្ត​នីមួយៗ​ត្រូវ​រៀបចំ​ឱ្យបាន​នូវ​ឆ្នេរ​គំរូ​ឱ្យបាន​យ៉ាងហោចណាស់​មួយ ក្នុង​មួយ​ខេត្តៗ​និង​ស្នើឱ្យ​ក្លិប​ឆ្នេរ​សមុទ្រ កម្ពុជា​និង​ក្លិប​ប្រឹក្សា​យោបល់​ទេសចរណ៍​ផ្តល់​ការគាំទ្រ​បច្ចេកទេស​លើ​ការរៀបចំ​ប្លង់​មេ​និង​ផែនការ​គ្រប់គ្រង​ទេសចរណ៍​នេះ​។​

​ទី​៤.​ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​តំបន់​ទេសចរណ៍​ពិសេស​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ទាក់ទាញ​ទេសចរ ពិសេស​ទេសចរ​វ័យ​ចំណាស់ និង​ទេសចរ​លំដាប់​ខ្ពស់​មកកាន់​តំបន់ឆ្នេរ​។​

​ទី​៥.​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​ភព​លោក​ជួយ​បច្ចេកទេស​និង​ជា​ដៃគូ​កម្ពុជា​ក្នុង​ការរៀបចំ​បង្កើតជា​វេទិកា​រួម ដោយ​ចង​ជា​បណ្តាញ​អ្នកជំនាញ​ទេសចរណ៍​វិនិយោគិន​នៅ​ឆ្នេរសមុទ្រ​កម្ពុជា​ប្រមូលផ្តុំ​គ្រប់ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ឈរលើ​គោលការណ៍ 4P (Public-Private-People-Partnership) ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​​​រួមគ្នា រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​សំដៅ​ធានា​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​និង​ការទទួលខុសត្រូវ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​

​ទី​៦.​ត្រូវ​គិតគូរ​ពី​ការបង្កើត​តំបន់​បៃតង​នៅ​ក្រុង​ជាប់​តំបន់ឆ្នេរ​។​អភិបាលខេត្ត​តំបន់ឆ្នេរ​ត្រូវ​សហការ​ជាមួយ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត រៀបចំ​ឱ្យមាន​សួន​ទេសចរណ៍​ឱ្យបាន​មួយ​ក្នុង​មួយ​ខេត្តៗ ដើម្បី​អនុវត្ត​ការងារ​ស្របតាម​ពាក្យស្លោក​«​ទេសចរ​ម្នាក់​ដើមឈើ​មួយ​ដើម​»​និង​៧.​គាំទ្រ​ឱ្យមាន​ព្រឹត្តិការណ៍​កីឡា​នៅ​តំបន់ឆ្នេរ​ថែមទៀត មាន​គម្រោង​ជិះ​កង់​តំបន់ឆ្នេរ និង​គាំទ្រ​ឱ្យមាន​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

​ក្នុង​ពិធី​នេះ​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា លោក​នឹង​លើកយក​គំនិត​របស់​ក្លិប​ឆ្នេរសមុទ្រ​កម្ពុជា​គោរព​ស្នើ សុំ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការកសាង «Maison de la Baie» គំរូ​មួយ​ជាមុន​នៅ​ខេត្ត​ព្រះសីហនុ​។​ក្រសួង​ទេស ចរណ៍ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា នឹងដាក់​ចេញ​បទដ្ឋាន​គតិយុត្ត​និង​វិធានការ ចាំបាច់ ដើម្បី​អភិវឌ្ឍ​កោះ​គំរូ ដោយ​ចាប់​ផ្តើមចេញពី​ការអភិវឌ្ឍ​កោះរ៉ុង​ជា​គោលដៅ​អេកូ​ទេសចរណ៍​​​លំដាប់​ខ្ពស់ និង​ជា​គោលដៅ​ទេសចរណ៍​បៃតង​គ្មាន​ថង់​ប្លា​ស្ទីក ឱ្យបាន​មុន​ឆ្នាំ​២០២០​។​

​ចំណែក​លោក​អគ្គនាយក​Bruno Bodard​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​លើ​ពិភពលោក​មាន សមាជិក​ចំនួន​២៦​ប្រទេស​ក្នុងនោះ​មាន​ឆ្នេរ​ស្អាត​ជាងគេ​ចំនួន​៤៣​កន្លែង​ហើយ​លោក​បាន​កោតសរសើរ​ដ​ល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​តែម្ដង​៕​មន​