យុទ្ធ ឋានៈ បន្ត​មាន​ទីផ្សារ​ដដែល​បើ​ទោះ​ជួប​រឿង​រិះគន់​យ៉ាង​ចាស់ដៃ​កន្លងមក​

248
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ប្រុស​រូប​សង្ហា​លោក យុទ្ធ ឋានៈ កន្លងមក​មួយរយៈ​នេះ​បានទទួល​រង​ការ រិះគន់​យ៉ាង​ចាស់ដៃ​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រឿង​ថត​ឈុត​ស្រើបស្រាល​លូក​កប់ៗ​ចូល​ខោ ខ្លី​របស់​តួ​ស្រី​កញ្ញា រ៉ូ​ស នោះ លោក​បាន​បង្ហើប​ឱ្យ​ស្ថានភាព​របស់លោក​ក្រោយ​បញ្ចប់​រឿងនេះ ថា មិនមាន​អ្វី​ប៉ះពាល់​ខ្លាំង​ដល់​ការងារ​និង​អាជីព​សិល្បៈ​របស់លោក​ឡើយ​។​

​លោក យុទ្ធ ឋានៈ ដែល​រង​ការចោទប្រកាន់​ផង ត្រូវ​មហាជន​ជេរ​ផង រិះគន់​ខ្លាំង​ផង​នោះ បែរ ជា​ក្រោយមក​មិនមាន​ប៉ះពាល់​ដល់​ទីផ្សារការងា​រ​សិល្បៈ​ឡើយ ខណៈ​លោក​បាន​អះអាងថា រឿង​ថ្មី​របស់លោក​ជាច្រើន​នៅ​បន្ត​ត្រៀម​ថត​និង​ធ្វើ​ការងារ​ធម្មតា​ដោយ​មិន​ត្រូវបាន​អ្នកដឹកនាំ​ឬ​ក្រុមហ៊ុន​ណា​ច្រាន​លោក​ចោល​នៅឡើយ​។

​លោក យុទ្ធ ឋានៈ បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឱ្យដឹងថា “​អូ​បង ប្រុស​! សម្រាប់​ការងារ​វិញ​គឺ​នៅ​រលូន​ធម្មតា មិនមាន​អី​ទេ​។ ឥឡូវនេះ​មាន​បី​រឿង​ក្នុង​ដៃ​កំពុង តែ​ថត​និង​ថត​ហើយ ហើយ​នៅ​ប៉ុន្មាន​រឿង​ទៀត​មិនទាន់​ចេញ​ជា​ផ្លូវការ​។ រឿង​នោះ ខ្ញុំបាទ បញ្ចប់​ហើយ បាន​ឡាយ​ធ្វើការ​សុំទោស​រួចហើយ​ជាមួយ​បង​ពែ​កមី ហើយ​កាលពី​ថ្ងៃទី​១៨ កន្លងមកនេះ ខាង​ក្រសួង​គ្រាន់តែ​ឱ្យទៅ​ជួប​ដើម្បី​ចង់ដឹង​លឺ​និង​សួរនាំ​រឿង​ដើមហេតុ​ប៉ុណ្ណោះ មិនមាន​ប៉ះពាល់​ការងារ​អ្វី​ឡើយ​។ ខាង​ក្រសួង​បាន​សំណូមពរ​ឱ្យសម្រួល​គ្នា ហើយ​ឈប់ បន្ត​ថត​បែបៗ​ហ្នឹង​ទៀត ដែល​ប៉ះពាល់​ដល់​វប្បធម៌ នេះ​បើតាម​បងប្រុស ហេង ឡុង គាត់ ប្រាប់​ខ្ញុំ​”​។

​តារា​ប្រុស​មាឌធំ​រូបនេះ​បាន​និយាយថា ក្រោយ​ផ្ទុះ​រឿង​រិះគន់​បែបនេះ ដាក់​លោក និង​កញ្ញា រ៉ូ​ស យ៉ាង​ក្តៅ​សន្លឹក​ត្រចៀក​នោះមក លោក​បានទទួល​ការ​ណែរ​នាំ និង​ព្រម​សន្យា ដោយ​លោក ឈប់​សម្តែង​ឈុត​ស្រើបស្រាល​បែបនេះ​តទៅទៀត​ហើយ ដើម្បី​កុំឱ្យ​មហាជន​ស្អប់​លោក និង រិះគន់​លោក​បន្តទៀត​។ កន្លងមក​លោក​ជា​តួ​សម្តែង​ប្រុស​តែងតែ​ដើរតួ​និង​លេង​ឈុត​លក្ខណៈ បែបនេះ​(​ចាប់ អោបថើប ស្និត​ស្នាល និង ស្រើបស្រាល​) ដែល​ធ្វើឱ្យ​លោក​មាន​ស្នាដៃ និង ល្បី ត្រូវ​មហាជន​ជន​ស្គាល់ ខណៈ​បណ្តា​អ្នកដឹកនាំ​ជាច្រើន​ដាក់​លោក​ដើរតួ​ប្រុស​លេង​ច​រឹត​បែប នេះ​។ ប៉ុន្តែ​ក្រោយ​ជួប​រឿង​រិះគន់​ខ្លាំង​បែបនេះ លោក​សូម​សន្យា​នៅមុខ​មហាជន​លែង​ហ៊ាន ថត​ឈុត​ស្រើបស្រាល​ខ្លាំងៗ​នេះ​ទៀតហើយ ។ លោក​សូម​សម្តែង​ឈុត​ណា​លេង​លក្ខណៈ រៀង​ស្រាលៗ​វិញ​។

​សូមបញ្ជាក់ថា​លោក យុទ្ធ ឋានៈ បាន​ប្រឡូក​ក្នុង​សិល្បៈ​ដំបូង​គឺ​ចូលធ្វើ​ជា​តួ​សម្តែង តាំងពី ឆ្នាំ​២០០៨ ហើយ បាន​ផ្អាក​មួយរយៈ​ធំ រហូតដល់​ឆ្នាំ​២០១៦​បាន​វិល​ត្រឡប់ មកវិញ​ដោយ​លោក មើលឃើញ​តម្លៃ​ការងារ និង ទីផ្សារ​សិល្បៈ​ខ្មែរ​ល្អប្រសើរ​ជាង​មុន​។ មកដល់ពេលនេះ​លោក បាន​ប្រើ​រយៈពេល​៣​ឆ្នាំ​ក្នុង​ពិភព​សម្តែង ដែល​ធ្វើឱ្យ​លោក​មាន​ប្រជាប្រិយ​ទទួលបាន​តំណែង តួឯក​ប្រុស​ជាប់​គ្នាៗ​រហូត ហើយ​បើ​មិនបាន​តួឯក​ក៏​លោក​បាន​តំណែង​តួ​ធំ​ដោយ​មួយ​រឿងៗ លោក​មានមុខ​ចេញ​ជាប់​តាំងពី​ដើមទី​។

​តារា​ប្រុស​រូបនេះ​កើត​នៅ​រាជធានី​ភ្នំពេញ ខណៈ​ឪពុកម្តាយ​ជា​អ្នក​ខេត្តព្រៃវែង​ហើយ​លោក​ក៏ ជា​នាយទាហាន​មួយរូប​ដែល​បំរើ​ជាតិ ខណៈ​លោក​ជាប់​តារា​ប្រុស​មាន​រូបរាង​សង្ហា​និង​ល្បី​នេះ ក៏​ដោយសារតែ​លោក​ជា​ទាហាន​ទទួល​ការហ្វឹកហាត់​រហូត​មាន​រូបរាងកាយ​មាឌ​មាំមួន ដែល​ធ្វើឱ្យ​ស្រីៗ​ពេញចិត្ត​ស្រលាញ់​លោក​៕ ដោយ បូ​រិ​ន​