យុវជន​កម្ពុជា​២១​នាក់​ទៅ​ជប៉ុន ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​និស្សិត​

445
ចែករម្លែក

​ដោយៈ សុផល / ភ្នំពេញៈ តាមរយៈ​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន យុវជន​កម្ពុជា​ចំនួន​២១​រូប នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស​និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត ដែល​ហៅ​កាត់​ថា JENESYS 2018​។​

យុ​ជនកម្ពុជា​ចំនួន​២១​រូប នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស​និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត ដែល​ហៅ​កាត់​ថា​JENESYS 2018

​សេចក្តីប្រកាស​ពត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានឱ្យដឹងថា​អ្នកចូលរួម​ទាំងអស់​ត្រូវ​បានជ្រើសរើស​ចេញពី​ការប្រកួត​ជ្រើសរើស​បេក្ខជន​ចូលរួម​កម្មវិធី​ផ្លាស់ ប្តូរ​យុវជន JENESYS 2018​ទៅ​ប្រទេស​ជប៉ុន ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។ ជាក់ស្តែង ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ មាន​បេក្ខជន សរុប​ចំនួន​៤៨​រូប ស្មើនឹង​១២​ក្រុម បានធ្វើ​បទ​បង្ហាញ​ក្រោម​ប្រធានបទ «​អនាគត​កម្ពុជា​៣០​ឆ្នាំក្រោយ​» ដោយ​គោរព​តាម​គោល​ការណ៍ភាព​ច្នៃប្រឌិត ភាព​ទាក់ទាញ និង​សាមគ្គីភាព​ក្នុង​ក្រុម​។

​អ្នកចូលរួម​ទាំង​២១​រូប នឹង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​កូ​ម៉ា​ត្សឹ នៅ​ខេត្ត​អ៊ី​ស៊ីកា​វ៉ា ដែលជា​ទីក្រុង​ត្រូវបាន​ចុះ​អនុស្សារណៈ​យោគយល់​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​ខេត្តសៀមរាប​កាលពី​ឆ្នាំ​២០១៦​។ កំឡុងពេល​ទស្សនកិច្ច​នៅ​ទីក្រុង​កូ​ម៉ា​ត្សឹ ពួកគាត់​នឹង​ជួបពិភាក្សា​ផ្លាស់ប្តូរ​ជាមួយនឹង​និស្សិត​សាកល​វិទ្យា ល័យ​នៅ​ទីនោះ និង​ធ្វើ​បទ​បង្ហាញ​ជា​ក្រុម​ទាក់ទង​នឹង​ប្រធានបទ​ដែល​ពួកគាត់​បាន​ប្រកួតប្រជែង​។ ពួកគាត់​ក៏​នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយនឹង​អភិបាលក្រុង​កូ​ម៉ា​ត្សឹ ព្រមទាំង​ទទួលយក​បទពិសោធន៍​វប្បធម៌​ជប៉ុន​ផងដែរ​។

​គួរ​ជម្រាប​ថា កម្មវិធី JENESYS មាន​គោលបំណង​ជម្រុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ នៃ​កិច្ចសហប្រតិបត្តិការ​និង​ចំណងមិត្តភាព​នាពេល​អនាគត​។ តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២០០០​នាក់ ហើយ​តាំងពី​ឆ្នាំ​២០០៧​មក​។ អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន​កម្ពុជា បន្ទាប់ពី​វិល​ត្រលប់​មកវិញ​៕ ល​