យុវជន​កម្ពុជា​៩៣​នាក់ ទទួលបាន​ចំណេះដឹង​ថ្មីៗ លើ​ផ្នែក​បច្ចេកវិទ្យា​ពី​ការ​ជំរុំ​វិទ្យាសាស្ដ្រ​លើក​ទី​៣ នៅ​ខេត្តសៀមរាប​

1129
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្នុងឱកាស​បោះជំរុំ​វិទ្យាសាស្ដ្រ​លើក​ទី​៣ នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ ដែលមាន​យុវជន​កម្ពុជា​ចូលរួម​ចំនួន​៩៣​នាក់ ពួកគេ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ទាក់ទង​នឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដូច​ជាការ​គូរគំនូរ​ដោយ​ប្រព័ន្ធ 3D កម្មវិធី​កាត់ត​វីដេអូ ការតំឡើង​រូ​ប៉ូ​ត និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​។​

យុវជន​កម្ពុជា​៩៣​នាក់ ទទួលបាន​ចំណេះដឹង​ថ្មីៗ លើ​ផ្នែក​បច្ចេកវិទ្យា​ពី​ការ​ជំរុំ​វិទ្យាសាស្ដ្រ​លើក​ទី​៣ នៅ​ខេត្តសៀមរាប (​រូប​: គូលែន​)​

​ពី​ធី​បោះជំរុំ​វិទ្យាសាស្ដ្រ​លើក​ទី​៣ បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ ខណៈដែល​ការ​ជំរុំ​វិទ្យាសាស្ត្រ​នេះ ជា​សកម្មភាព​ផ្លែផ្កា​នៃ​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ​មូលនិធិ​នៃ​ក្តីសង្ឃឹម​អាស៊ី​អាហ្វ្រិក WHAF នៃ​សាធារណរដ្ឋ​កូរ៉េ ក្រោម​កម្មវិធី​សេវា​អ្នកស្ម័គ្រចិត្ត​ICT​មិត្តភាព​ពិភពលោក​។​

​លោក តូច ជឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា សកម្មភាព​នេះ​ជា​ចំណែក​មួយ​នៃ​ការអនុវត្តន៍​គោលនយោបាយ​របស់​ក្រសួង​អប់រំ ដែល​បាន​នឹង​កំពុង​ពង្រីក​កម្មវិធីសិក្សា​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​ហៅ​កាត់​ថា STEM ដែលជា​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ទំនើប​ដើរតួនាទី​គ្រប់ផ្នែក​ទាំងអស់ ទាំង​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ក្នុង​សេវាកម្ម​និង​ក្នុង​ចរន្ត​ផលិតកម្ម​នានា​ខណៈ​បច្ចុប្បន្ននេះ នៅក្នុង​ប្រទេស​ជាច្រើន បាន​នឹង​កំពុង​ប្រើប្រាស់​ប្រ​ព័​ន្ឋ​នេះ យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​ទំនើប ដើម្បី​ទាញយក​ភាព​ប្រកួតប្រជែង​។​

​លោក​ក៏បាន​បាន​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់ ត្រូវ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ពង្រឹង​និង​ពង្រីក​ចំណេះដឹង​ដឹង​សមត្ថភាព​ជំនាញ​ឱ្យបាន​ខ្លាំង​ឡើង​ថែមទៀត និង​ត្រូវ​ហាត់ពត់លត់ដំ ដុសខាត់​អត្ត​ច​រិ​ក កិរិយាមារយាទ ត្រូវ​រក្សា​និង​អនុវត្ត​ឱ្យបាន​ជាប្រចាំ​នូវ​ខ្លឹមសារ ពាក្យ​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ដើម្បី​ពលរដ្ឋ​ល្អ ក្លាយខ្លួនជា​ធនធានមនុស្ស​ពោរពេញ​ដោយ​ចំណេះដឹង និង​សមត្ថភាព​ទាំង​នៅក្នុង​សង្គម​គ្រួសារ និង​ក្នុងសង្គម​ការងារ សំខាន់​ជាង​នេះ គឺ​គុណធម៌ និង​សីលធម៌​ក្នុង​ការរស់នៅ​រួមទាំង ការងារ​ស្ម័គ្រចិត្ត​ក៍ជាក​ត្តា​ជួយ​រុញច្រាន​ក្មួយៗ ឱ្យ​សម្រេច​គោលដៅ​ជោគជ័យ​បានដែរ​។​

​ចំណែក​កញ្ញា លន់ ឡង់ឌី ដែល​បាន​ចូលរួម​ក្នុង​ជំរំ បានបង្ហាញ​អារម្មណ៍​រីករាយ​ក្រោយ​ទទួល​ចំណេះដឹង​ផ្សេងៗ​ពី​ខាង​យុវជន​កូរ៉េ ខណៈ​កន្លងមក កញ្ញា​មិនសូវ​ចាប់អារម្មណ៍​ទេពី​ការសិក្សា​ផ្នែក​ព័ត៌មានវិទ្យា តែ​ក្រោយ​សិក្សា​ក្នុង​កម្មវិធី​ជំរុំ​រួច ធ្វើឱ្យ​កញ្ញា​ដឹង​ពី​សារប្រយោជន៍ និង​ចង់​បន្ដ​សិក្សា​ផ្នែក​នេះ​ត​ទៀត​នាពេលខាងមុខ ហើយ​បើតាម​សង្កេតឃើញថា ពីមុន​មិនសូវមាន​ស្ដ្រី​ច្រើន​ទេ​ដែល​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នេះ ប៉ុន្តែ​បច្ចុប្បន្ននេះ តួលេខ​មាន​ច្រើន ហើយ​កញ្ញា​ចង់ឱ្យ​ពួកគេ​រៀន​ជំនាញ​នេះ​កាន់តែច្រើន ព្រោះថា​ផ្នែក​នេះ នឹង​ជួយ​ឱ្យ​យុវជន​មានចំណេះដឹង និង​បំ​និ​ន​ជីវិត​ថ្មីៗ ដែល​ទាក់ទង​នឹង​ព័ត៌មានវិទ្យា​។​

​សូមបញ្ជាក់ថា ការបោះ​ជំរុំ​វិទ្យាសាស្ដ្រ​នេះ ជា​សកម្មភាព​ផ្លែផ្កា​នៃ​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ​មូលនិធិ​នៃ​ក្ដីសង្ឃឹម អាស៊ី​អាហ្វ្រិក WHAF របស់​កូរ៉េ ខណៈដែល​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ គម្រោង​នេះ​មាន​គាំទ្រ​ធនធានមនុស្ស បច្ចេកទេស សម្ភារ​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​អប់រំ​កូរ៉េ របស់​ក្រសួង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ ហើយ​ការ​ជំរុំ​នេះ មាន​រយៈពេល​៣​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​អ្នកចូលរួម​សរុប ១៣៥​នាក់ ស្រី​៦០ ក្នុងនោះ​សិក្ខាកាម​មាន ៩៣​នាក់ ស្រី ៦១​នាក់ ជា​មន្ត្រី​មកពី​មន្ទីរអប់រំ​ខេត្តតាកែវ , មន្ទីរអប់រំ​ខេត្តកំពង់ឆ្នាំង គ្រូ​បច្ចេកទេស​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ គរុ​សិស្ស សិស្សានុសិស្ស នៅ​វិទ្យាល័យ​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕

#