យុវជន​កុះករ​នាំគ្នា​ទៅលេង​ទឹក​នៅ​ធារាសាស្ត្រ​អាង​តា​ម៉េង​ ឃុំ​គោក​កឋិន ​ស្រុក​ថ្មពួក​

288

(បន្ទាយមានជ័យ)៖ មនុស្សម្នាកុះករ ភាគច្រើន​ជា​យុវជន​យុវនារី​ ព្រមទាំង​អ្នកស្រុក​គ្រប់​វ័យ​​បាននាំគ្នា​ទៅលេង​ទឹក​នៅ​ធារាសាស្ត្រ​អាង​តា​ម៉េង ​ឃុំ​គោក​កឋិន ​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ​ដែល​ស្ថិតនៅ​ទិស​ឥសានទី​រួម​ខេត្ត​ ចម្ងាយជាង​៥០​គម នៅក្នុង​រយ​:​ពេល​៣-៤​ថ្ងៃ​មកទល់​ថ្ងៃទី​៧​តុលា​២០១៧​កន្លងទៅ។​

យុវជន យុវនារី​មកពី​ភូមិ ឃុំ​នា​នានៅ​ស្រុក​ថ្មពួក និង​ស្រុក​ស្វា​ចេក​រួមទាំង​យុវជនឈ្មោះ​ធី​មកពី​ក្រុង​សិរីសោភ័ណ​ប្រាប់​សារព័ត៌មាន​រស្មី​កម្ពុជា​ថ្ងៃទី​៧​តុលា​ថា​: ពួកគេ​បា​ន​ដឹង​តាមរយ​:​មិត្តភក្តិ ហើយ​ទៅលេង​ទឹក​នៅ​ទំនប់​ស្ពាន​បង្ហៀរ​តាម៉េង​នេះ​៣-៤​ថ្ងៃ​មកនេះ ដោយសារ​ទឹកថ្លា​ល្អ កន្លែង​ស្រស់ស្រាយ​ធម្មជាតិ​នៅ​ស្រុកស្រែ​។​

អ្នកលក់​ចំណី​នៅ​អាងទឹក​តា​ម៉េង ឈ្មោះ​សឿ​ប ភេទ​ស្រី និយាយប្រាប់​រស្មី​កម្ពុជា​ថា ខ្លួន​បានមក​លក់​ចំណី​ចម្រុះ​នៅ​អាង​នេះ​៣​ថ្ង​មកហើយៗ​លក់ដាច់​១​ថ្ងៃៗ​បាន​ពី​១៥​ទៅ​២៥​ម៉ឺន​រៀល​។​នោះ​មកពី​ដឹងថា​មាន​ភ្ញៀវ​មកលេង​ទឹក​អាង​តា​ម៉េង​យ៉ាង​កុះករ​។​

ចំណែក​លោក ភៀស សុខ​នី ប្រជា​ការពារ​នៅ​ឃុំ​គោក​កឋិន​បាននិយាយថា : ភ្ញៀវ​ក្នុងស្រុក​គ្រប់​វ័យ ពិសេស​យុវជន​នារី​ចំនួន​ពី​៣៥០​ទៅ​៥០០​នាក់​ក្នុង​១​ថ្ងៃៗ​បានមក​លេង​ទឹក​នៅ​អាង​តា​ម៉េង​នេះ ។​

ចំពោះមុខ លោក​និង​អ្នកភូមិ​ក្រោម​ការណែនាំ​ពី​លោក នង ប៊ុន​ឈី មេឃុំ​បានរៀបចំ​សណ្តាប់ធ្នាប់ កន្លែងផ្ញើម៉ូតូ ឡាន គោយន្ត ។​បានដាក់​លេខ​ទូរស័ព្ទ​លោក​មេឃុំ​និង​ក្រុមប្រឹក្សាឃុំ ,​នគរបាល​ឃុំ​នៅលើ​បង្កាន់ដៃ​ទ្វារ​ទឹក​អាង​ដើ​ម្បី​ងាយ​សុំ​ជំនួយ​អន្តរាគមន៍​លើ​ការងារ​អន្តរាគមន៍​សង្គ្រោះ ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ចរាចរណ៍​។​ហើយ​បានកំណត់​អោយចូល​លេង​ទឹក​ពី​ម៉ោង​៩​ព្រឹក​ត្រឹម​មុន​ម៉ោង​៦​ល្ងាច​នៅ​រាល់ៗ​ថ្ងៃ​។​

លោក​ប៉ាត់ សឺ​ម អតីត​មេឃុំ​គោក​កឋិន​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក​ប្រាប់​​រស្មី​កម្ពុជា​ថា​: អាង​ត​ម៉េង​ជា​អាង​កេរ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​ខ្មែរក្រហម​មួយ​នេះ​ត្រូវបាន​ស្តារឡើងវិញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ចុងក្រោយ​គឺ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ស្ថាបនា​ឡើងវិញ​និង​ពង្រីក​មាន​ទំហំ​៥.៣០០​ម៉ែត្រ​គុណ​៣.០០០​ម៉ែត្រ ជម្រៅ​៥​ទៅ​១២​ម៉ែត្រ​។​

អាង​នេះ​ទទួល​ប្រភពទឹក​ពី​ខ្ពង់រាប​នៃ​តំបន់​ប្រជុំ​កូនភ្នំ​ព្រះ​និង​ជួរ​ភ្នំ​ដងរែក ហើយ​ត្រូវ​ស្រោចស្រព​ផ្ទៃដី​ស្រែ​រាប់ពាន​ហិច​តា​ក្នុងស្រុក​ថ្មពួក​និង​ស្រុក​ស្វាយចេក ហើយ​បើ​សល់​លើស​ត្រូវ​ហូរ​ទៅ​អាង​ពន្លៃ អាង​ត្រពាំងថ្ម​ជាដើម​។​

ក្នុង​អាង​មានពូជ​ត្រី​ខ្មែរ​ក្នុងស្រុក​បែប​ធម្មជាតិ​រួមមាន ត្រី​ក្រាយ ឆ្លាំង កេះ ពោ​ ក្រាញ់ អណ្តែង ផ្ទក់ ស្លូញ​…​៕ដោយ :​ភ្នំ​ស្វាយ​/sn

យុវជន​នារី​កុះករ​នាំគ្នា​ទៅលេង​ទឹក​នៅ​ធារាសាស្ត្រ​អាង​តា​ម៉េង​ឃុំ​គោក​កឋិន​ស្រុក​ថ្មពួក ( រូប :​ភ្នំ​ស្វាយ​)