យុវជន​ខេត្តស្ទឹងត្រែង​ចូលរួម​ថែរក្សា​សំអាត​បរិស្ថាន​

972
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្ទឹងត្រែង ប្រមាណ​ជាង​២០០​នាក់ បាន​ជួបជុំគ្នា​រៀបចំ​យុទ្ធនាកា​សំអាត​បរិស្ថាន តាមរយៈ​ការដើរ​ប្រមូល​សំរាម​នៅ​ទីសាធារណៈ ក្រុង​ស្ទឹងត្រែង កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។​

​សកម្មភាព​នោះ ត្រូវគេ​មើលឃើញថា មានបំណង​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​ចូលរួម​ក្នុងការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​រួមចំណែក​ក្នុងការ​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ក្រុង​ស្ទឹងត្រែង ឱ្យមាន​ស្រស់បំព្រង មាន​បរិ​កាស​ល្អ និង​គ្មាន​សំរាម​តាម​ទីសាធារណៈ​។ គេ​ឃើញ មានការ​ដឹកនាំ​ដោយ​លោក ដួង ពៅ អភិបាលរង​ខេត្ត និង​លោក ម៉ែន គង់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្ទឹងត្រែង​។​

​លោក ថាវ ប៊ុន​ថេ​ន តំណាង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុង​ស្ទឹងត្រែង​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចំណុច​សំខាន់​ដែល​យុវជន​ចង់បាន និង​ចូលរួម​សកម្មភាព​រើស​សំរាម​នាពេលនេះ គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ឲ្យ​បានល្អ​ត្រឹមត្រូវ នៅ​ទូទាំង​ខេត្តស្ទឹងត្រែង​។ ត្រូវ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ពន្យល់​អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​នៃ​សំរាម ដែល​កើនឡើង រៀងរាល់ថ្ងៃ​។ លោក​ថា ការចូលរួម​សកម្មភាព​សង្គម​មិនមែន​អាចធ្វើ​តែ​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នោះឡើយ ប៉ុន្តែ យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ​អាច​ចូលរួមបាន តាមរយៈ​ការយកចិត្តទុកដាក់​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ វេច​ខ្ចប់​ឱ្យបាន​ល្អ កុំ​បោះ​សំរាម​ពាសវាល​ពាសកាល​វា​នាំឱ្យ​ប៉ៈ​ពាល់​យ៉ាងធ្ងន់ធ្ង​ដល់​បរិស្ថាន​។​

​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បានបង្ហាញ​ពី​ការយល់ឃើញ​របស់លោក​ថា ការចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និង​សិស្សានុសិស្ស​ក្នុងការ​រើស​សំរាម ជាការ​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ឲ្យ​បានល្អ​ត្រឹមត្រូវ នៅ​ទូទាំង​ក្រុង​ស្ទឹងត្រែង​។ មន្ទីរ​ទេសចរណ៍​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះដែរ ដើម្បីឱ្យ​ទីក្រុង​ស្អាត មាន​សោ​ភ័​ណ្ឌ​ភាព ឈាន​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​ទីក្រុង​ស្អាត​ថ្នាក់ជាតិ​។​

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​សូម​ចូលរួម​ឱ្យបាន​ផុសផុល​ក្នុង​ថែរក្សា​អនាម័យ​បរិស្ថាន​នេះ ដើម្បីឱ្យ​ទីក្រុង​យើង​ស្អាត​។ កាលណា​ទីក្រុង​ស្អាត គេហដ្ឋាន​ស្អាត ទីសាធារណៈ​គ្មាន​សំរាម វា​បាន​នាំមក​នូវ​សុខ​ភាពល្អ បរិស្ថាន​ស្រស់បំព្រង​មាន​ភ្ញៀវ​ទេសចរណ៍​ចូលមក​កម្សាន្ត ខេត្តស្ទឹងត្រែង​យើង​កាន់តែច្រើន​។ មិនតែប៉ុណ្ណោះ វា​នឹង​នាំមក​នូវ ប្រាក់ ចំណូល​ដល់​ប្រជាពលរដ្ឋ​និង​សង្គមជាតិ តាមរយៈ​វិស័យ​ទេសចរណ៍​នេះឯង​៕ ល​