យុវជន​ជា​កម្លាំង​ស្នូល​ដ៏​មាន​សក្តានុពល​ក្នុងការ​ថែរក្សា អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ជាតិ​បន្ត​ពី​មនុស្ស​ចាស់​

864
ចែករម្លែក
​យុវជន​ជា​កម្លាំង​ស្នូល​ដ៏​មាន​សក្តានុពល​ក្នុងការ​ថែរក្សា អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ជាតិ បន្ត​ពី​មនុស្ស​ចាស់ (​រូប​៖ អាជ្ញាធរ​អប្សរា​)​

​ដោយ​: គូលែន / សៀមរាប​: ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​យុវជន ក្នុង​វិស័យ​បេតិកភណ្ឌ​ដែល​ត្រូវជា​អ្នក​បន្តវេន​ពី​មនុស្ស​ចាស់ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​គម្រោង​អប់រំ​បេតិកភណ្ឌ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ទី​៥ ទី​៦ ខែឧសភា ឆ្នាំ​២០១៨ ជាការ​បណ្តុះ​គំនិត​ស្មារតី ចិត្ត​ស្រឡាញ់ និង​ការស្រាវជ្រាវ​លើ​បេតិកភណ្ឌ​វប្បធម៌​ដល់​សាលា​គោលដៅ​ក្នុង​តំបន់​អង្គរ ដើម្បី​រក​អ្នកស្ម័គ្រចិត្ត​ការពារ ថែរក្សា​មរតក​ដូនតា​ដែល​ខ្លួន​មាន​។​

​កម្មវិធី​នេះ​បាន​ដឹកនាំ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​បន្ទាយឆ្មារ ចំនួន​១៨​នាក់​ជា​យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ប្រាសាទបន្ទាយឆ្មារ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ស្រះស្រង់ ជា​សាលា​គោលដៅ ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​តំបន់​អង្គរ ប្រវត្តិសាស្ត្រ ទស្សនា​ប្រាសាទ សារមន្ទីរ តួនាទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា បទ​បង្ហាញ​អំពី​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​ដោយ​អ្នកជំនាញ​ថៃ បទ​បង្ហាញ​របស់​យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ប្រាសាទបន្ទាយឆ្មារ​អំពី​លទ្ធផល​ការងារ​ស្រាវជ្រាវ​និង​ការថែរក្សា​តំបន់​របស់ខ្លួន ស្វែងយល់​ពី​កិច្ចការ​របស់​មជ្ឈមណ្ឌល​យុវជន​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​ឱ្យដឹងថា គម្រោង​អប់រំ​បេតិកភណ្ឌ ជា​គម្រោង​ដែល​អាជ្ញាធរ​ធ្លាប់ធ្វើ​តាំងពី​ឆ្នាំ​២០០៧ សហការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អង្គការ​គាំពារ​កេរ​មតក និង​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​ជាមួយ​ស្ថាប័ន​ប្រទេស​ថៃ ដោយ​ផ្តោតលើ​សិស្ស​វិទ្យាល័យ​និង​បឋមសិក្សា​ជា​សាលា​គោលដៅ​ក្នុង​តំបន់​បេតិកភណ្ឌ​។

​លោក​បាន​បន្តថា គម្រោង​នេះ​ធ្លាប់​ធ្វើបាន​ជោគជ័យ​បំផុត​ក្នុងការ​ស្វែងរក​យុវជន​ស្ម័គ្រចិត្ត​វិស័យ​បេតិកភណ្ឌ​នៅ​វិទ្យាល័យ​បន្ទាយឆ្មារ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយក៏​ធ្លាប់​អនុវត្ត​នៅ​តំបន់​សម្បូរ​ព្រៃ​គុក ខេត្តកំពង់ធំ​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា ប៉ុន្តែ​នេះ​ជា​គម្រោង​ថ្មី​នៅក្នុង​តំបន់​អង្គរ ដោយបាន​ជ្រើស​យក​សាលាបឋមសិក្សា​ហ៊ុនសែន​ស្រះស្រង់​និង​វិទ្យាល័យ​ស្រះស្រង់ ជា​គោលដៅ​ដំបូង ហើយក៏​មានការ​ចូលរួម​បន្ថែម​ពី​វិស័យ​ឯកជន មជ្ឈមណ្ឌល​យុវជន​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុងការ​ទ្រទ្រង់​គម្រោង​នេះ​។​

​គម្រោង​អប់រំ​នេះ​ចែកចេញជា​ពីរ​ផ្នែក គឺ​សម្រាប់​សិស្ស​បឋមសិក្សា​និង​សិស្ស​វិទ្យាល័យ​។ មេរៀន​សំខាន់ៗ​នឹង​បង្រៀន​អំពី​អ្វី​ជា​ប្រវត្តិសាស្ត្រ​អង្គរ អ្វីដែល​ហៅថា​តំបន់​ង្គ​រ បេតិកភណ្ឌ​ដែល​ខ្លួន​មាន ពិសេស​ផ្តោតលើ​សារសំខាន់ៗ​ដល់​ក្មេងៗ​ទាក់ទង​នឹង​ការប្រើប្រាស់​ដីធ្លី​និង​សំណង់ ដែល​តំបន់​អង្គរ​កំពុង​ប្រឈម ហើយ​តំបន់​ស្រះស្រង់​ក៏​ជា​តំបន់​អាទិភាព​ជាងគេ​ទាំង​ផ្នែក​បុរាណវិទ្យា​និង​ការប្រើប្រាស់​ដីធ្លី​។​

​បន្ថែម​ពី​នោះ យើង​ក៏បាន​បញ្ចូល​ខ្លឹមសារ​អំពី​បេតិកភណ្ឌ អំពី​វប្បធម៌ អំពី​ប្រវត្តិសាស្ត្រ ដែល​សិស្ស​ទាំងអស់​កំពុង​រស់​នៅ​ជាមួយ​ឱ្យ​ពួកគេ​យល់​កាន់តែច្បាស់​។ លោក អ៊ឹម សុខ​រិទ្ធី ក៏បាន​សង្កត់ធ្ងន់ថា ការអប់រំ​ចំណេះដឹង​បេតិកភណ្ឌ​ដល់​យុវជន​ជំនាន់​ក្រោយ ជា​អ្វីដែល​អ្នកចេះដឹង​ជំនាន់​មុន​ត្រូវតែ​ធ្វើ​ដើម្បី​រក​អ្នក​បន្តវេន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ព្រោះ​យើង​កំពុងតែ​ដើរ​បន្តិច​ម្តងៗ ទៅក្នុង​សមាហរណកម្ម​អាស៊ាន ដូច្នេះ​យើង​ត្រូវតែ​ចាប់ផ្តើម​អប់រំ​ក្មេងៗ​អំពី​វប្បធម៌ ឫសគល់​នៃ​ប្រវត្តិសាស្ត្រ និង​កេរ​មរតក​នៅក្នុង​តំបន់​ដែល​ខ្លួន​មាន​។​

​យុវជន​មាន​ទាំង​កម្លាំង​ឋា​ម​ពល​និង​កម្លាំង​ប្រាជ្ញា ដូច្នេះ​ការផ្តល់​សារ​ទៅកាន់​ពួកគេ គឺ​ត្រូវតែ​ច្បាស់លាស់ មានការ​ផ្តួចផ្តើម​ផ្លូវ​ឱ្យគេ​ដើរ​បាន​ត្រឹមត្រូវ ឱ្យមាន​ប្រយោជន៍​ទៅ​ថ្ងៃក្រោយ​។ ការ​ក្លាយខ្លួន​របស់​យុវជន​ស្ម័គ្រចិត្ត​លើ​ផ្នែក​បេតិកភណ្ឌ នឹង​ផ្តល់នូវ​ចំណេះ​ជាដើម​ទុន​ចូល​មហាវិទ្យាល័យ​បាន​សម្រួចសម្រាំង​ទិសដៅ​របស់​សិស្ស​ពី​របៀប​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន ការ​ចងក្រង​សៀវភៅ​និង​ជា​អ្នក​នាំសារ​ផ្ទាល់​ទៅក្នុង​សហគមន៍​របស់ខ្លួន​ស្គាល់​ខ្លួនឯង ស្រឡាញ់​សម្បត្តិ​ជាតិ​ហើយ​ក្លាយជា​អ្នកការពារ​ដ៏​ប្រសើរ​៕ ល​