ដោយ: ម៉ារ៉ា / ភ្នំពេញ: យុវជនម្នាក់ជាជាងភ្លើងត្រូវបានខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអធ័ម ខណៈពេលកំពុងតែស្វានជញ្ជាំងដាក់ខ្សែភ្លើង។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៥៩២ នៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ អ៊ីង វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្រុកកំណើត លេខផ្លូវ១៤៥ង នៅក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីជាងភ្លើងរួមការងារជាមួយនឹងជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញជនរងគ្រោះបានយកម៉ូទ័រមកស្វាន និងជញ្ជាំង ដើម្បីតខ្សែភ្លើង ឲ្យឆាប់ហើយការងារ បានមួយសន្ទុះក៏លឺសំឡេងជនរងគ្រោះស្រែកឲ្យជួយពេលនោះ ក៏ក្រុមកាងារជាគ្នាបានមកជួយតែគួរឲ្យសោកស្ដាយ ជនរងគ្រោះត្រូវបានខ្សែភ្លើងឆក់ស្លាប់បាត់បង់ជីវីតទៅហើយ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច័យ និងទំនាក់ទំនងទៅក្រុមគ្រួសារ និងរថយន្ដសាមុយ ដើម្បីដឹកសាកសពជនរងគ្រោះទៅស្រុកកំណើត យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ល