យុវជន​ម្នាក់​ជិះ​ម៉ូតូ​ ត្រូវ​រថយន្ត បុក​ពេញទំហឹង ​បណ្តាល​ឲ្យ​ស្លាប់មួយ​រំពេច

242
ចែករម្លែក

ដោយៈ​ចាន់តូ​:ភ្នំពេញ​៖ យុវជន​ម្នា​ក់បាន​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​មួយ​រំពេច ខណៈកំពុង​ជិះ​ម៉ូតូ​សុខៗ​ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើក​ឆ្លងផ្លូវ​ទៅបុក​ពេញទំហឹង ហើយ​បើក​រត់​បាត់ស្រមោល កាលពី​វេលា​ម៉ោង​៦:​៣០​នាទី​ល្ងាច ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A(​ត្រង់ចំណុច​មុខ​សាលាសង្កាត់​បាក់​ខែង​) ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

សព​ជនរងគ្រោះ​​មានឈ្មោះ គា សុ​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ជួស​ជុល​រថយន្ត​នៅ​ម្តុំ​ហ្គ្រេ​ន​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​កាចា​ប់​ខាងត្បូង ឃុំ​ព្រែ​កតា​មាក់ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

តាម​ប្រព​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក VIVA ពណ៌​ក្រហម ពាក់​ផ្លាកលេខ ម​-0141​ភព​-1​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ​ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង មិន​ចាំ​ម៉ាក​បាន​បើក​ចេញពី​ផ្លូវ​បេតុង​ឆ្លង​មក​ផ្លូវជាតិ​លេខ​៦A​បំណង​បត់​មក​ឆ្វេង​ដៃ ហើយ​ជ្រុល​ទៅបុក​ម៉ូតូខាងលើ​ពេញទំហឹង បណ្តាល​ឲ្យជនរងគ្រោះ​អ្នកបើកបរ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​រត់​ចេញពីកន្លែងកើត​ហេតុបាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សព​ជនរងគ្រោះ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូ​សមត្ថកិច្ច​ប្រគល់ជូន​សាច់​ញា​តិ​៕​Ha