យុវជន​ម្នាក់​បើករថយន្ត​លឿន​ដូច​ហោះ​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ

840
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នាក់​បើករថយន្ត​ហាយ​លែ​ន​ឌ័​រ មួយគ្រឿង បោះពួយ​យ៉ាង​លឿន ទៅបុក​របាំង​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង នៅមុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ ពេទ្យ​លោកសង្ឃ បណ្ដាល​ឲ្យ​ខ្ទាត​ចេញពី​ជួរ​អស់​១​កង់ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅវេលា​ម៉ោង​១​និង​៤០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៦ ខែ​កក្ដ​ដា ឆ្នាំ​២០១៨​នេះ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់ ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត Highlander មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-5749 ក្នុងស្ថានភាព​ស្រវឹងស្រា ដោយ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​នៅមុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​របាំង​ទ្រូងផ្លូវ​អស់​មួយ​កង់ រីឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ បើក​ទៅមុខ​លែងរួច​។ ភ្លាមៗ​នោះ គេ​ឃើញ​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ មុនពេល​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ទៀត​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ឲ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​