យុវជន​ម្នាក់​រត់​ចម្ងាយ​៣១៤​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​សៀមរាប​រៃអង្គាស​ថវិកា​ជួយសង្គ្រោះ​ជីវិត​កុមារ​

259
ចែករម្លែក

​ដោយៈ​សុផល​ភ្នំពេញៈ លោក នឹម ឈុ​ន្នី ដែលជា​យុវជន​ខ្មែរ​ដ៏​ល្បីល្បាញ​មួយរូប​ខាង​ដឹកនាំ​ធ្វើ​សមាធិ បាន​រត់​តែម្នាក់ឯង​ពី​រាជធានី​ភ្នំពេញ​មកកាន់​ទឹកដី​ក្រុង​សៀមរាប​អង្គរ​ដើម្បី​រៃអង្គាស​ថវិកា​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។​ការរត់​ចាប់ផ្តើម​ពី​មាត់ទន្លេ​ជិត​សណ្ឋាគារ​សុខា​តាម​ផ្លូវជាតិ​លេខ​៦​អា​ឆ្ពោះទៅ​សៀមរាប​។​ក្នុង​ការរត់​នេះ លោក​នឹង​ឈប់​ស្នាក់នៅ​វត្ត​ចំនួន​១០​មុន​ទៅដល់​សៀមរាប​។​

​លោក​នឹងធ្វើ​ការរត់​ថ្មើរជើង​សរុប​ចម្ងាយ ១៩៨​ម៉ា​យ គឺ​ស្មើនឹង ៣១៤ គីឡូ​ម៉ែត ក្នុង​រយៈពេល​១០​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩​ដើម្បី​ចូលរួមចំណែក​ស្វែងរក​មូលនិធិ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កម្មវិធី​នេះ​មាន​ឈ្មោះថា “Running for Children’s LivesCambodia2019”​ជា​កម្មវិធី​ដ៏​ធំ​ដំបូងបង្អស់​នៃ​ព្រឹត្តិការណ៍​រៃអង្គាស​ថវិកា​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក ទេព ណាវី ប្រធាន​ប្រតិបត្តិ​មន្ទីរពេទ្យ​កុមារ​អង្គរ បានឱ្យដឹងថា​កម្មវិធី Running for Children’s LivesCambodia2019​មាន​គោលបំណង​រៃអង្គាស​ថវិកា​ឱ្យបាន​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​សប្បុរសជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​តាមរយៈ​ប្រព័ន្ធ​អិន​ធឺ​ណែ​ត​និង​ការបរិច្ចាគ​ថវិកា​ដោយផ្ទាល់​មកកាន់​កម្មវិធី​នេះ​ក្រោម​ការគ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវៈ​និង​តម្លាភាព​នៃ​ក្រុម​បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​មូលនិធិ​ដែល​ទទួលបាន​ពី​កម្មវិធី​នេះ​នឹង​ត្រូវបាន​យកមកប្រើ​ប្រាស់​ក្នុង​ការផ្តល់សេវា​សុខភាព​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា មកពី​គ្រប់ទិសទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងតិច ៤០០ នាក់​ក្នុង​មួយថ្ងៃៗ នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ឥត​គិត​កម្រៃ ប្រកបដោយ​គុណភាព​ខ្ពស់ និង​ក្តី​មេត្តាករុណា​។

អស់​រយៈពេល​ពីរ​ទស្ស​វត្ស​កន្លងមក​មន្ទីរពេទ្យ​បានក្លាយ​ទៅជា​ស្ថាប័ន​ដ៏​សំខាន់​មួយ​ដែល​បាន​បំរើសេវា​ពិនិត្យ​ព្យាបាល​និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុ​ជាជាង​២​លាន​៥​សែន​ករណី​និង​ផ្តល់​ការបណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ដល់​មន្ត្រី​សុខាភិបាល​កម្ពុជា​រាប់រយ​នាក់​នៅ​ទូទាំងប្រទេស​ព្រមទាំង​បានផ្តល់​ការអប់រំ​អំពី​ការការពារ​សុខភាព​ដ​ល់​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ទូទាំង​ខេត្តសៀមរាប ក្នុង​មួយឆ្នាំៗ​។​

​មន្ទីរពេទ្យ​កុមារ​អង្គរ​គឺជា​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំនេញ​ដែលមាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​គ្រប់រូប​។ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ផ្តល់នូវ​ការយកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ កម្ពុជា ប្រកបដោយ​ក្តីមេត្តា​ករុណា អស់​រយៈពេល​២០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៩​។

បច្ចុប្បន្ននេះ​មន្ទីរពេទ្យ​កុមារ​អង្គរ​បានក្លាយ​ខ្លួន​ទៅជា​មជ្ឈមណ្ឌល​មួយ​ផ្តល់ជូន​នូវ​សេវាកម្ម​ផ្នែក​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់​និង​ជំនាញ​ឯកទេស​វិជ្ជាជីវៈ​ដល់​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​អមដោយ​ការប្តេជ្ញាចិត្ត​ក្នុងការ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​បន្ត​ពង្រីក​ការអភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​ទៅខាង​ក្រៅ​មន្ទីរពេទ្យ ព្រមទាំង​ដើរតួនាទី​ជា​អង្គភាព​គំរូ​ដែលមាន​ភិ​បាល​កិច្ច​គណនេយ្យភាព​ល្អប្រសើ​រ​។​

​ព្រឹត្តិការណ៍​អង្គាស​មូលនិធិ​ជា​លក្ខណៈ​ឯកជន​ធំជាងគេ​បំផុត​នេះ ផ្តួចផ្តើមឡើង​ដោយ​លោក នឹម ឈុ​ន្នី​ដោយផ្ទាល់​ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ព្រមទាំង​មានការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​បុគ្គល​ល្បីៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​អត្ត​ព​លិ​ក​អូឡាំពិក​ក្រុមហ៊ុន​ឯកជន ក្រុមយុវជន​និង​សារព័ត៌មាន​ផ្សព្វផ្សាយ​ជាច្រើន​ទៀត​ជាដើម​ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​ឲ្យ​មានការ​ចូលរួម​ជា​សាធារណៈ​។​

​ទាក់ទង​នឹង​មូលហេតុ​សម្រេចចិត្ត​រត់​ជាង​៣០០​គីឡូម៉ែត្រ​រៃអង្គាស​ថវិកា​នេះ​លោក​នឹម​ឈុ​ន្នី​បានឱ្យដឹងថា​«​កាលពី​៧​ឆ្នាំមុន​មន្ទីរ​រ​ពេទ្យ​កុមារ​អង្គរ​បាន​ជួយ​ជីវិត​ក្មួយ​របស់ខ្ញុំ​។​ដូច្នេះ​ខ្ញុំ​ត្រូវ​សងគុណ​មន​ញ​ទិ​រ​ពេទ្យ​វិញ ជាពិសេស​ដើម្បី​ជួយ​ជីវិត​កុមារ​ដែល​ត្រូវការ​ជំនួយ​ចាំបាច់​»​។​

​លោក​បានបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​“​ខ្ញុំ​មិនដែល​ភ្លេច​ទេ​ចំពោះ​ភាព​រាក់ទាក់​យ៉ាង​កក់ក្តៅ​និង​ការយកចិត្តទុកដាក់​នូវ​ការផ្តល់​សេវាកម្ម​ថែទាំ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​បុគ្គលិក​ម​ន្ទីរ​ពេទ្យ​កុមារ​អង្គរ​ដែល​ក្មួយ​ស្រី​របស់ខ្ញុំ​ក​ញ្ច​នា​និង​ខ្ញុំ​ផ្ទាល់​ទទួលបាន​កាលពី​៧​ឆ្នាំមុន​។​កាលនោះ​ក​ញ្ច​នា​កើតមក​ខុសប្លែក​ពី​ក្មេង​ដ៏​ទៃ​។​

ពួកយើង​ពុំបាន​ចាប់អារម្មណ៍​ថា​នាង​មិនអាច​ដើរ​បានទេ​រហូតដល់​នាង​មាន​អាយុ​ប្រហែល​២​ឆ្នាំ​យើង​បាន​នាំ​នាង​ទៅកាន់​មន្ទីរពេទ្យ​ជាច្រើន​ដើម្បី​ព្យាបាល​តែ​ពុំមាន​លទ្ធភាព​អាចជួយ​នាង​បានទេ​។​ពីរ​ឆ្នាំ​ក្រោយមក​ទើប​យើង​រកឃើញ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​បាន​ជួយ​ក្មួយ​ស្រី​របស់ខ្ញុំ​រកឃើញ​ក្តីសង្ឃឹម​ឡើងវិញ​ហើយ​ទីបំផុត​នាង​ក៏​អាច​ដើរ​បាន​ប្រសើរ​ជាង​មុន​”​។​

​លោក​បានឱ្យដឹងថា​ពេលនេះ​កុមា​រីក​ញ្ច​នា​មាន​អាយុ​៩​ឆ្នាំ​ហើយ​នាង​មាន​សុខភាព​ល្អ​ហើយ​អាច​ដើរ​បាន​ប្រសើរ​ជាង​មុន​។​លោក​ឈុ​ន្នី​បាន​បន្តទៀតថា​បន្ទាប់ពី​បាន​ឆ្លងកាត់​រឿងរ៉ាវ​ដ៏​អស្ចារ្យ​នេះ​គាត់​ក៏បាន​ចាប់ផ្តើម​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​តាមរយៈ​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​ជាពិសេស​នៅក្នុង​ឆ្នាំ​២០១៩​នេះ​ដោយ​មើលឃើញ​ពី​តម្រូវការ​សំខាន់​ធំៗ​កើត​ឡើងជា​បន្តបន្ទាប់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​គាត់​ក៏បាន​សម្រេចចិត្ត​បង្កើត​ព្រឹត្តិការណ៍​ជា​លក្ខណៈ​ឯកជន​ដ៏​ធំ​នេះ​ឡើង ។​

​លោក​បាន​បន្តថា​៖“​វា​មិន​ត្រឹមតែ​ជួយ​ដល់​មន្ទីរពេទ្យ​ប៉ុណ្ណោះ​ទេ​តែ​វា​ថែមទាំង​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា​ជាច្រើន​នាក់ និង​បំពេញ​នូវ​សេចក្តីសង្ឃឹម​របស់​ពួកគេ​ផងដែរ​។ ប្រសិនបើ​ខ្ញុំ​មើលឃើញ​ស្នាមញញឹម និង​ភាព​មានសង្ឃឹម លើ​ផ្ទៃមុខ​របស់​ក្មួយ​ស្រី និង​គ្រួសារ​ទាំងមូល​បាន​ខ្ញុំ​ក៏​ចង់​ឲ្យ​កុមារ​កម្ពុជា​ដទៃទៀត និង​ក្រុមគ្រួសារ​របស់​ពួកគេ ទទួលបាន​សេចក្តីរំភើប​រីករាយ​នេះ​ដូចគ្នា​” ។​

​លោក​នឹម​ឈុ​ន្នី​គឺជា​គ្រូដឹកនាំ​ធ្វើ​សមាធិ​នៅ​ImpactHubPhnomPenh​និង​ជា​ស្ថាបនិក​ព្រមទាំង​គ្រូ​បណ្តុះបណ្តាល​នៅ​ក្រុមហ៊ុន​VIPASSA​។​លោក​ឈុ​ន្នី​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​ពេញនិយម​និង​លក់ដាច់​បំផុត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ឈ្មោះថា​“​សមាធិ​ដើម្បី​ថាមពល​ជីវិត​”​។​បច្ចុប្បន្ន​គាត់​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ផ្តល់យោបល់​ផ្នែ​ទំនាក់ទំនង​នៃ​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​៕S/