យុវជន​ម្នាក់​ស្រវឹងស្រា បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ដក្រុង​បុក បណ្ដា​ឲ្យ​របួសធ្ងន់​

289

(​កណ្តាល​) ៖ យុវជន​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ធំ​ដឹក​អ្នកដំណើរ ១​គ្រឿង ដែល​កំពុងបើក​ក្នុង​ល្បឿន​លឿន​បុក​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កើតហេតុ​កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូ​មែ​ត​លេខ 36-37 ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-9555 បើកបរ​ដោយ​ឈ្មោះ វាន់ លី​ហៀ​ង ភេទ​ប្រុស អាយុ ២២​ឆ្នាំ
​មាន​ទីលំនៅ​ភូមិ​ខ្នា​ទុង ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ធ្វើដំណើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ជា​ចំណុច​ផ្លូវ​កោង ស្រាប់​តែមាន​រថយន្ត ១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៍​លឿង​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8519 ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​ធំ ដែល​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន បានមក​បុក​ម៉ូតូ​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវ​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។ ចំណែក​តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​មធ្យោបាយ​ទាំង ២​គ្រឿង មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​បន្ត​នីតិវិធី​៕L ដោយ​៖ លីន​ណា​