យុវជន​រហស្សនាម «​ចំប៉ី​ខ្មៅ​» ដែល​ល្បី​ក្នុង​ហ្វេ​ស​ប៊ុ​ក ត្រូវ​តុលាការ​ឃុំខ្លួន ពាក់ព័ន្ធ​ការប្រមាថ​ជាតិ​សាសន៍​ខ្មែរ

445
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/ភ្នំពេញៈ យុវជន​​ភេទ​ទី​៣ ដែល​ល្បី​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ចំប៉ី​ខ្មៅ​» ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង​។

យុវជន​ឈ្មោះ យិន ហេង​អាយុ​២៣​ឆ្នាំ ជា​មនុស្ស​ភេទ​ទី​៣ រហស្សនាម «​ចំប៉ី​ខ្មៅ​»

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ការចាប់ខ្លួន​យុវជន​ភេទ​ទី​៣​រូបនេះ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ក្រោម​ការបញ្ជា​ផ្ទាល់​ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា ក្រោយ​ទទួលបាន​បទបញ្ជា កម្លាំង​នគរបាល​ជំនាញ​បាន​សហការគ្នា ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជាក់ស្ដែង​។ យុវជន​ឈ្មោះ យិន ហេង​អាយុ​២៣​ឆ្នាំ ជា​មនុស្ស​ភេទ​ទី​៣ រហស្សនាម «​ចំប៉ី​ខ្មៅ​» ដែល​បានធ្វើការ​បង្ហោះ ជា​សាធារណៈ​ដោយបាន​ជេរប្រមាថ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ក្នុងន័យ​មើលងាយមើលថោក សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​

​គួររំលឹកថា ការឈាន​ទៅដល់​ការឃាត់ខ្លួន​នេះ បន្ទាប់ពី​យុវជន យិន ហេង ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ចំប៉ី​ខ្មៅ​» បាន​បង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម នៅខាង​មុខ​ព្រះបរមរាជវាំង ដោយ​ប្រើប្រាស់​នូវ​ពាក្យពេចន៍​ធ្ងន់ៗ ដោយ​ប្រមាថ​ទៅដល់​ជាតិ​សាសន៍​ខ្មែរ​។ វីដេអូ​នោះ បានធ្វើ​ឲ្យ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពល​រដ្ឋ​ខ្មែរ​ទូទាំងប្រទេស និង​ថ្កោលទោស​ឲ្យ​សមត្ថ​កិច្ចចាត់ការ​៕​សរន