ដោយ: សុផានីតា / កោះកុង: ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញឱ្យយុវជននៅខេត្តកោះកុងត្រូវបង្កើនគុណភាព សិក្សារៀនសូត្ររបស់ខ្លួនអោយបានទូលំទូលាយ ដើម្បីជាចំណែករួមគ្នាថែរក្សាសន្តិភាពបានគង់វង្សតទៅ មុខទៀត។
នៅក្នុងបាឋកថាស្តីពីរួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩ ដែលមានក្រុមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពលរដ្ឋ និងយុវជនជាង៥០០នាក់ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា បានពន្យល់ថា តម្លៃពិតនៃសន្តិភាពមានសារៈសំខាន់ណាស់ដែលមិនអាចខ្វះបាន សម្រាប់សង្គមជាតិសព្វថ្ងៃនេះ។ ពីព្រោះកម្ពុជាឆ្លងកាត់ និងរួចផុតពីសង្គ្រាមដែលជាស្រមោលអតីតដ៏ជូរចត់ ព្រមទាំងបន្សល់ទុកនូវវិនាសកម្មជាច្រើន ទំរាំមានសន្តិភាពពេញលេញដូចបច្ចុប្បន្ន។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា ក៏បានសង្កត់ធ្ងន់ដែរថា ទោះបីជាកម្ពុជាមានស្ថានភាពល្អប្រសើរខាងផ្នែកសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏កម្ពុជា ចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយអប់រំយល់ដឹងដល់ពលរដ្ឋ និងយុវជនជំនាន់ក្រោយៗអោយចេះស្រឡាញ់រក្សាសន្តិភាពគង់វង្សបន្តទៀត ខណៈប្រទេសជាតិកំពុងមានការរីកចម្រើនលូតលាស់។
ដើម្បីរក្សាបាននូវសន្តិភាព លោក កែវ រ៉េមី ស្នើដល់ប្រជាពលរដ្ឋ ពិសេសយុវជនទាំងអស់នៅខេត្តកោះកុង មិនត្រូវចូលរួមធ្វើសកម្មភាពណាមួយដែលបង្កឱ្យភាពវឹកវរអសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមជាតិឡើយ។ បើកាលណាយុវជនមានចំណេះដឹងជម្រៅជ្រះហើយ គឺពួកគេមានគំនិតគិតគូរវែងឆ្ងាយក្នុងផ្លូវល្អប្រសើរ ជៀសវាងការយល់ខុសដើរផ្លូវមិនល្អនាំឱ្យប៉ះពាល់ផលខ្លួនឯង និងសង្គមជាតិទាំងមូល ខណៈរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់រក្សាអស់ជាង៤០ឆ្នាំមកនេះ។
ជាង៣ម៉ោងក្រោយស្តាប់បទបង្ហាញអ្នកច្បាប់ និងមន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្ស យុវជន ផន ដែន និងយុវតី សួន ស្រីពៅ សិស្សនៅវិទ្យាល័យខេត្តកោះកុង យល់ឃើញថា សន្តិភាព និងស្ថិរភាព ពិតជាដើរតួនាទីលើកស្ទុយបញ្ហាសិទ្ធិមនុស្សយ៉ាងខ្លាំង សម្រាប់ពលរដ្ឋ និងប្រទេសជាតិរីកចម្រើន។
ពួកគេសន្យាថា គោរពស្រឡាញ់សិទ្ធិសេរីភាពគ្នាទៅវិញទៅមក ខិតខំរៀនសូត្រអោយក្លាយបុគ្គលដែលមានប្រយោជន៍ក្នុងសង្គម ដោយជៀសអោយឆ្ងាយពីការចូលរួមធ្វើសកម្មភាពមិនសមប្រកបដែលនាំខុសច្បាប់ ឬបំផ្លាញសន្តិភាពនោះទេ។ មានន័យថា សន្តិភាព គឺផ្តើមចេញពីសកម្មភាពស្តែងឡើង និងគំនិតយល់ឃើញរបស់ពលរដ្ឋម្នាក់ៗ។
គួរជម្រាបថា នេះលើកដំបូងហើយ គណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា ធ្វើបាឋកថាស្តីពីសិទិ្ធមនុស្ស លើកិច្ចការរួមគ្នាថែរក្សាសន្តិភាពដល់ក្រុមមន្ត្រីរាជការ កម្លាំងប្រដាប់ ពលរដ្ឋ និងយុវជននៅខេត្តកោះកុង គ្រាកន្លងទៅពុំមានស្ថាប័ន ឬអង្គការណាធ្លាប់រៀបចំឡើងពីមុនមកទេ៕ ល