យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភព​លោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស​ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស​ និង​គ្រប់គ្រង​តំបន់​អង្គរ

122
ចែករម្លែក

ដោយ​:​អង្គរ​រ​តូច​/​សៀមរាប​ ៖ ​សម្រាប់​ឆ្នាំ​២០១៩ គឺជា​លើក​ទី​៣​ហើយ​នៃ​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ នៅ​រមណីយដ្ឋាន​អង្គរ ដែលមាន​យុវជន​ចូលរួម​១៨​នាក់ មកពី​៨​ប្រទេស គឺ​កម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូ​ឡុំ​ប៊ី ប៊ុល​ហ្ការី ឥណ្ឌា និង​ចិន​។

កម្មវិធី​នេះ​មាន​រយៈពេល​១៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​សិក្សា​និង​ទទួល​បទពិសោធន៍​អំពី​ការងារ​អភិរក្ស​និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​។

​ពិធី​នេះ​បាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ក្រោម​វត្តមាន​លោក សុខ សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទេសចរណ៍​អង្គរ តំណាង​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ម៉ី កុសល តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​លោក​សំកុល សុចិ​ត្រា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​សៀមរាប និង​អ្នកស្រី Boram SHIN នាយក​វិទ្យាស្ថាន​កូរ៉េ​-​អង្គរ ដើម្បី​បេតិកភណ្ឌ (KACHI)​។​

​មានមតិ​ទៅកាន់​កម្មវិធី អ្នកស្រី Boram SHIN បានឱ្យដឹងថា កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​បេតិកភណ្ឌ​យូណេស្កូ​ឆ្នាំ​២០១៩ បានរៀបចំ​ឡើង​ដោយ​កិច្ចសហការ​រវាង​អង្គការ​យូណេស្កូ អាជ្ញាធរ​ជាតិ​អប្សរា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិទ្យាស្ថាន​កូរ៉េ​-​អង្គរ​ដើម្បី​បេតិកភណ្ឌ​។ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​បំណង​បង្កើន​ការយល់ដឹង​និង​ពង្រឹង​ការចូលរួម​របស់​យុវជន​នៅ​ថ្នាក់មូលដ្ឋាន​និង​ពិភពលោក​ទាក់ទង​នឹង​ការការពារ​បេតិកភណ្ឌ​វប្បធម៌​និង​បេតិកភណ្ឌ​ធម្មជាតិ​។​

​អ្នកស្រី​បន្តទៀតថា សម្រាប់​យុទ្ធនាការ​អ្នកស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​២០១៩ មាន​គម្រោង​ចំនួន​៦៨​ទាក់ទង​នឹង​បេតិកភណ្ឌ​ចំនួន​៦២ ក្នុងប្រទេស​ចំនួន​៣៦ ហើយ​មាន​អង្គភាព​យុវជន​ស្ម័គ្រចិត្ត​ចំនួន​៥៥ អាយុ​ចន្លោះ​ពី​១៨​ទៅ​៣០​ឆ្នាំ ដែល​បាន​ប្តេជ្ញា​អនុវត្ត​សកម្មភាព​ឆ្ពោះទៅកាន់​គោលដៅ​រួម​នៃ​ការអភិរក្ស​និង​ផ្សព្វផ្សាយ​។ អ្នកស្រី​ក៏បាន​សម្តែង​ការ​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ស​.​ស​.​យ​.​ក​.​ខេត្តសៀមរាប និង​អង្គការ​យូណេស្កូ​ដែល​គាំទ្រ​គម្រោង​យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣​ឱ្យ​ដំណើរការបាន​យ៉ាង​រលូន ហើយ​សង្ឃឹមថា​រយៈពេល​២​សប្តាហ៍​នេះ នឹង​ធ្វើឱ្យ​សិក្ខាកាម​ទាំង​១៧​នាក់​ទទួលបាន​បទពិសោធ​ន៍​និង​ការចងចាំ​ដ៏​ល្អ​ពី​អង្គរ​។​

​ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា លោក​សុខ សង្វារ ក៏បាន​លើកឡើង​ពី​គុណ​តម្លៃ​ដ៏​អស្ចារ្យ​នៃ​អង្គរ ដែលជា​បុរាណ​ដ្ឋា​ន​ដ៏​ធំ​មួយ​នៅក្នុង​ចំណោម​បុរាណ​ដ្ឋា​ន​ល្បីៗ​លើ​ពិភពលោក​។ អង្គរ មាន​គម្រោង​ស្រាវជ្រាវ​ជាច្រើន​ទាក់ទង​នឹង​សំណង់​ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និង​របកគំហើញ​ផ្សេងៗ​ដែល​បាន​បកស្រាយ​តាមបែប​វិទ្យាសាស្ត្រ​គួរឱ្យកត់សម្គាល់​។ ក្រៅពីនេះ អង្គរ​គឺជា​ដួងព្រលឹង​នៃ​ជនជាតិខ្មែរ ដែល​សម្បូរ​ទៅដោយ​មរតក​វប្បធម៌​រូបី​និង​អរូបី​ជាច្រើន ហើយ​នៅតែមាន​ការគោរព​ប្រតិបត្តិ​រហូតដល់​សព្វថ្ងៃ​និង​បណ្តុះ​គំនិត​នៃ​ការគោរព ថែរក្សា​អង្គរ​របស់​ប្រជាជន​ក្នុងនោះ​ជាស្រេច​។​

​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​លើ​ការងារ​បេ​តិ​ភណ្ឌ​ផ្ទាល់ ការចុះ​ជួប​សហគមន៍ និង​ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ផ្នែក​ផ្សេងៗ ឯកឧត្តម​ជឿជាក់ថា យុវជន​នឹងមាន​ការយល់ដឹង​កាន់តែច្បាស់​អំពី​បេតិកភណ្ឌ ស្រឡាញ់​បេតិកភណ្ឌ គោរព​បេតិកភណ្ឌ ហើយនឹង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​គ្រប់ៗ​គ្នា​។ ជាពិសេស សកម្មភាព​នេះ​ក៏​នឹង​បង្ហាញ​ភាពជា​គំរូ​ដល់​យុវជន និង​សាធារណជន​ដទៃទៀត ឱ្យ​បណ្តុះ​ស្មារតី​គោរព​ស្រឡាញ់ និង​ចូលរួម​ការពារ​បេតិកភណ្ឌ​ទាំងអស់គ្នា​៕​B/