យុវជន​២​នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​កាប់​បណ្តាលអោយ​រងរបួស​ធ្ងន់​នៅ​ស្រុក​អន្លង់វែង​

446
ចែករម្លែក
  • 1
    Share

ដោយ:​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យ ៖ យុវជន​ចំនួន​២​នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​យុវជន​ខាងលើ​កំពុងតែ​ជិះ​ម៉ូតូ ហើយ​ត្រូវបាន​ជនសង្ស័យ​ចំនួន​មួយក្រុម​មាន​គ្នា​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ជិះ​ដេញ​កាប់​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ បណ្តាលឲ្យ​រងរបួស​។​
ករណី​ហឹ​ង្សា​ដោយ​ចេតនា​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទី ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​អូរ​គគី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​និយាយថា ករណី​ហឹ​ង្សា​ខាងលើ​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​ម៉ា​កវេ​វ​ពណ​ទឹកប្រាក់​លាយ​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​ចំនួន​មួយគ្រឿង​នឹង​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បាន​ជិះ​ម៉ូតូ​ដេញ​កាប់​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​បណ្តាលឲ្យ​រងរបួស ។​

សមត្ថកិច្ច​បាន​បន្តថា ក្រោយពេល​កើតហេតុ​ជនបង្ករ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់។ ចំណែក​​ជនរងគ្រោះ​ទាំងពីរ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង បានប​ញ្ចួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ដើម្បី​ព្យាបាល​។​

ជនរងគ្រោះ​ទាំង​២​នាក់​ដែល​រងរបួស​គឺមាន​ឈ្មោះ វិ​ន វ៉ាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើស្រែ បណ្តាលអោយ​រងរបួស​លើ​ដៃស្តាំ​នឹង​ស្លា​ប្រជៀវ​ខាងស្តាំ​ប្រវែង​៤​ស​.​ម និង​ម្នាក់ទៀត​ឈ្មោះ នុ​ន សុធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ បណ្តាលអោយ​រងរបួស​លើ​កែងដៃ​ខាងឆ្វេង​ប្រវែង​៦​ស​.​ម​។ ​អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត រក​ជនបង្កយកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕B/