យុវជន​២​នាក់​បែកគំនិត​យក​ក្រវិល​ស្រា​បៀរ​ក្លែងក្លាយ​ទៅ​ប្ដូរ​យក​រង្វាន់​ត្រូវ​ចាប់ខ្លួន​

1329
ចែករម្លែក
ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ល្រ​វិល​ក្លែងក្លាយ​

​ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ កាលពី​ល្ងាច​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដោយ​ចោទ​ពីបទ​ឆបោក​យក​ក្រវិល​ស្រា​បៀរ​ក្លែងក្លាយ​ជាច្រើន​ទៅ​ដូរ​យក​រង្វាន់ ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​១១ ខែឧសភា នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណន់​។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការ​ន​ឡ​របាល​ស្រុក​បាណន់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ទាំង​២​នាក់ មានឈ្មោះ ឆាន់ សុជា អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង និង​ឈ្មោះ សឿង ណារិន អាយុ​២១​ឆ្នាំ នៅ​ភូមិ​បឹងរាំង​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​។​

​លោក​អធិការ​ស្រុក​បាណន់​បាន​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​យក​ក្រវិល​ស្រា​បៀរ​យីហោ GANZBERG មាន​រង្វាន់​៥​ដុល្លារ ចំនួន​៤​ក្រវិល ១​ដុល្លារ​ចំនួន​៥​ក្រវិល រង្វាន់​១​កំប៉ុង​ចំនួន​៥១​ក្រវិល​។ ក្រវិល​ស្រា​បៀរ ANGKOR រង្វាន់ ១​កំប៉ុង​ចំនួន​២៨​ក្រវិល យកទៅ​ដូរ​ជាមួយ​ឈ្មោះ ខន សា​រ៉ែ​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណន់ តែ​ត្រូវ​ស្ត្រី​នោះ​ស្គាល់​ក៏​ប្តឹងទៅ​ក្រុមហ៊ុន ហើយ​តំណាង​ក្រុមហ៊ុន​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ទាំង​២​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ក្រវិល​ស្រា​បៀរ​ក្លែងក្លាយ​ជាច្រើន ហើយ​នាំទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា នេះ​ជា​រឿង​មួយ​ចម្លែក​មិន​ធ្លាប់​ជួបប្រទះ​ក្រោយ​ជនសង្ស័យ​សារភាព​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ទៅ​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕