យុវជន ខន សុ​វណា​ភូមិ ជា​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​A​ប្រចាំឆ្នាំ​២០១៩​នៅ​កោះកុង​

93
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះហើយ សម្រាប់​ខេត្តកោះកុង​វិញ គឺមាន​បេក្ខជន​សរុប​៤៧៨​នាក់​/​ស្រី​២៤៩ នាក់ ស្មើ​៥០.៤៨​ភាគរយ​។ អ្វីដែល​ចាប់អារម្មណ៍​ជាងគេ បេក្ខជន​១​ម្នាក់​ឈ្មោះ ខន សុ​វណា​ភូមិ ទទួល​និទ្ទេស​A​ធ្វើឱ្យ​មុខមាត់​ខេត្តកោះកុង​កំពុង​រីក​កេរ្តិ៍​ថ្មី​បន្ថែមទៀត ខណៈ​ទទួលបាន​ធនធានមនុស្ស​ខ្លាំងពូកែ​។​

​ខុសពី​ឆ្នាំ​២០១៨ ពុំមែន​បេក្ខជន​ណា​ម្នាក់​បានជា​ប់​ការប្រឡង​និទ្ទេស​A​នោះទេ ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ ពិតជា​មោទនភាព​មែនទែន សម្រាប់​ខេត្តកោះកុង ដែលមាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឈ្មោះថា ខន សុ​វណា​ភូមិ សិស្ស​ថ្នាក់​ទី​១២A នៅ​វិទ្យាល័យ​កោះកុង បាន​ប្រឡង​ជាប់​និទ្ទេស​A បើ​ធៀប​នឹង​ឆ្នាំ​២០១៧​មាន​មួយម្នាក់ គឺ​នៅ​ស្រុកស្រែ​អំបិល​។

​យុវជន ខន សុ​វណា​ភូមិ បានបង្ហាញ​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា នេះ​ថា ដំបូង​រូបគេ​ស្ទើរតែ​មិន​ជឿថា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ដូច្នេះ​ទេ ប៉ុន្តែ​ព្រោះតែ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គ្រប់ពេលវេលា និង​ស្តាប់​អនុវត្តតាម​ការពន្យល់​បង្ហាត់បង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ​តាំងពីដើម​ឆ្នាំ​មក ទើប​ធ្វើឱ្យ​រូបគេ​ប្រឡង​ជាប់​ហើយ​មាន​និទ្ទេស​ដូច​ពេលនេះ​។​

​បើតាម​ក្តី​បំណង​របស់​យុវជន ខន សុ​វណា​ភូមិ នឹង​បន្ត​ចាប់យក​ជំនាញ​សិក្សា​ព័ត៌មានវិទ្យា ថ្នាក់​កម្រិត​ឧ​ត្ត​មសិ​ក្សា នៅ​រាជធានី​ភ្នំពេញ ហើយ​សកល​វិទ្យាល័យ​ដែល​គេ​ពេញចិត្ត គឺ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ សុ​វណា​ភូមិ ក៏​ប្រាប់​ដល់​សិស្ស​ប្អូន​ក្រោយ​ថា ត្រូវខិតខំ​រៀនសូត្រ​ពី​ដើមឆ្នាំ​ចូល​កង កុំ​ចាំ​ដល់ពេល​ចូល​វិស្សមកាល​ហើយ​ទើប​រៀន ព្រោះ​ពុំមាន​ពេលវេលា​ច្រើន​សម្រាប់​ខ្លួន​សិក្សា​នោះទេ​។ ទម្លាប់​អនុវត្ត​ការធ្វើ​លំ​ហាត់ និង​សូត្រ​មេរៀន​អោយ​ច្រើន តាម​ការលៃលក​កាលវិភាគ​របស់ខ្លួន​ជាដើម​។​

​ក្នុងឱកាស​សំណេះសំណាល និង​កាត់​ស្រោមសំបុត្រ​លទ្ធផល​ប្រឡង​នៅ​វិទ្យាល័យ​កោះកុង លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក៏បាន​ចូលរួម​សម្តែង​នូវ​ក្តី​រីករាយ​ពីអ្វី​ដែល​ប្អូនៗ​ទទួលបាន​ជ័យលាភី​នៅថ្ងៃនេះ តាមរយ​:​កិច្ចខិតខំ​រៀនសូត្រ ដើម្បី​បន្ត​ចាប់យក​ជំនាញ​សិក្សា​នីមួយៗ​តាម​ការពេញចិត្ត​នៅ​សកលវិទ្យា​ល័យ​។​
​ទន្ទឹម​នោះដែរ លោកជំទាវ​អភិបាលខេត្ត​កោះកុង នៅ​បន្ត​ជំរុញ​ដល់​ប្អូន​ខិតខំ​សិក្សា​ថែមទៀត​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ខណ​:​រដ្ឋាភិបាល​តម្រូវការ​ធនធានមនុស្ស សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​រីកចម្រើន​ទៅមុខ​។ ចំពោះ​អ្នក​ដែល​មិនបាន​ប្រឡង​ជាប់​ក៏ត្រូវ​ខិតខំ​សារជាថ្មី​ម្តងទៀត ពុំមែន​មានន័យ​ប្រឡង​លើក​ទី​១​ធ្លាក់ ជាការ​បញ្ចប់ជីវិត​សិក្សា​នោះឡើយ​។​

​ថ្មីៗ​កន្លងទៅ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង បាន​សហប្រតិបត្តិការ​ជាមួយ​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ខេត្ត​ត្រាត ប្រទេស​ថៃ លើ​ព្រមព្រៀងគ្នា​ផ្តល់​អាហារូបករណ៍​ប​ញ្ចូ​ន​សិស្សានុសិស្ស​ទៅ​សិក្សា​ជំនាញ​បច្ចេកទេស ក្នុង​គោលដៅ​ទំនាក់ទំនង​មិត្តភាព និង​លើកកម្ពស់​គុណភាព​អប់រំ​រវាង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​
​ដោយឡែក​លោក សេង សុ​ទ្ធី អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង ថ្លែងថា លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩ នេះ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​៤៧៨​នាក់​/​ស្រី​២៤៩ នាក់ ស្មើ​៥០.៤៨​ភាគរយ​។ ក្នុងនោះ និទ្ទេស​A មាន​ចំនួន​១​នាក់ និទ្ទេស​B ចំនួន​៩​នាក់ និទ្ទេស​C ២៥​នាក់ និទ្ទេស​D ៧១​នាក់ និង​និទ្ទេស​E៣៧២​នាក់​។ ចំនួន​បេក្ខជន និង​ភាគរយ​ដែល​ជាប់​ឆ្នាំនេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ គឺ​ថយចុះ​២% ដែល​កាលនោះ​ជាប់​៥០៤​នាក់ ស្រី​២៤៩​នាក់ ស្មើនឹង​៥២.៣៤%​។​

​អនុប្រធាន​មន្ទីរអប់រំ សង្កត់ធ្ងន់ថា ចាប់តាំងពី​មានការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​មក សិស្សានុសិស្ស​នៅ​ខេត្តកោះកុង ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅ​ការសិក្សា​រៀន តាមរយៈ​ក្លិប​សិក្សា​ជា​ក្រុម រដ្ឋបាលខេត្ត​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បំប៉ន និង​ការប្រកួតប្រជែង​សាលា​ល្អ សិស្ស​ពូកែ ជាដើម​។ ការធ្វើ​ដូច្នេះ ដើម្បីអោយ​ពួកគេ​ត្រៀមប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុងការ​បង្ហាញ​ពី​ចំណេះដឹង និង​សមត្ថភាព​ផ្ទាល់ខ្លួន​ឥត​មិន​នរណាម្នាក់​ជួយ​បានឡើយ​។​ហើយ​នៅ​ឆ្នាំក្រោយៗ មន្ទីរ​អប់រ​ពង្រឹង​ថែមទៀត​លើ​យន្តការ​ខាងលើ​អោយ​កាន់​តែមាន​ប្រសិទ្ធិភាព​ផុលផុស​។​

​សម័យ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨-២០១៩ នៅ​ខេត្តកោះកុង​មាន​បេក្ខជន​សរុប​៩៧៩​នាក់​/​ស្ត្រី​៤៧៤​នាក់ ក្នុងនោះ​បេក្ខជនស្វៃរិន និង​បំពេញវិជ្ជា​សរុប​៤៣៨​នាក់ ព្រមទាំង​មណ្ឌល​ប្រឡង​ចំនួន​៣​មណ្ឌល​៕ ល​

#