យុវតី​ជា​សិស្សសាលា​ម្នាក់​ត្រូវ​រថយន្ត​ស្លាក​លេខ​ភ្នំពេញ​2AF-7777​បុក​ស្លាប់​

433
ចែករម្លែក

ដោយៈ​កា​ម៉ាច​/​ភ្នំពេញៈ​យុវតី​ជា​សិស្សសាលា​ឯកជន​ម្នាក់ ត្រូវ​រថយន្តបុក​ពីក្រោយ​ក្នុងពេល​កំពុង​ជិះ​ម៉ូតូ​ទៅ​សាលា​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវ​លេខ​២២៨​កែង​ផ្លូវ​លេខ​២១៧​ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។​
​ក្រោយ​កើតហេតុ​រថយន្ត​បាន​បើក​គេច​ទៅ​បាត់​។​ប៉ុន្តែ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីនោះ ដែល​សមត្ថកិច្ច​បាន​ចែក​មើល​បង្ហាញឱ្យឃើញថា​រថ​យន្ត​ដែល​បុក​មនុស្ស​ស្លាប់​នោះ​ម៉ាក​រ៉ែ​ង​រ៉ូ​វ័រ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-7777​។​រថយន្ត​នោះ​គេច​ទៅ​ទិស​ខាងត្បូង​។​ប៉ូលិស​កំពុង​តាម​ស្រាវជ្រាវ​រក​រថយន្ត​និង​ជនបង្ក​។​
​មន្ត្រីប៉ូលិស​ចរាចរណ៍​ខណ្ឌ​បានឱ្យដឹងថា​យុ​តី​ដែល​បាត់​បង់ជីវិត​នោះ​ឈ្មោះ​ឌុំ ដា​រី អាយុ​២៣​ឆ្នាំ​ជា​សិស្សសាលា​ឯកជន​នៅ​ម្តុំ​កន្លែងកើតហេតុ មាន​ទីលំនៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប ពាក់​ស្លាក​លេខ​កណ្តាល​1G-5254​។​នារី​រងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​។​ជិះ​ដល់​សាលារៀន​ហើយក៏​ស្រាប់តែ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​ប៉ើង​ខ្ទាត​បោក​ខ្ទប់​នឹង​ជញ្ជាំង​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​
​ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​៕SRN