យុវតី​ម្នាក់​ប៉ង​លេបថ្នាំ​ធ្វើអត្តឃាត ព្រោះ​ត្រូវ​ជនសង្ស័យ​២​នាក់​ចាប់រំលោភ

1386
ចែករម្លែក

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: យុវតី​១៥​ឆ្នាំ​ម្នាក់ បាន​យក​ថ្នាំ​ងងុយគេង​៥០​គ្រាប់​លេប​ប៉ង​សម្លាប់ខ្លួន ដោយសារ​ខ្មាស​គេ​ពេក ព្រោះ​ត្រូវ​ជនសង្ស័យ​ពីរ​នាក់​ចាប់រំលោភ​សេពសន្ថវៈ​។ ប៉ុន្តែ​ត្រូវ​ឪពុកម្ដាយ​ឃើញ​ទាន់ ជជីក​សួរ​ពី​រឿងហេតុ​ទើប​រឿង​។ ក្រោយមក ជនសង្ស័យ​ពីរ​នាក់​នោះ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាមច្បាប់​។

​ជនសង្ស័យ​ឈ្មោះ ប៊ូ សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស និង ឈ្មោះ​ទូច ឡុង​ឃុន អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​។ ជនសង្ស័យ​ទាំងពីរ​នាក់ ស្នាក់នៅ​ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។

​សមត្ថកិច្ច រៀបរាប់​ពី​ដំណើររឿង​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ជនរងគ្រោះ​និង​ជនសង្ស័យ​ពីរ​នាក់ នាំគ្នា​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ពេលនោះ ជនរងគ្រោះ​ស្រវឹងស្រា​ក៏​ឱ្យ​ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​ជូនទៅ​ផ្ទះ​។ ស្រាប់តែ​ជនសង្ស័យ​ឌុប​ជនរងគ្រោះ​ចូល​ផ្ទះសំណាក់​ដាលីន បន្ទប់​លេខ​៦ រួច​ជនសង្ស័យ​ឈ្មោះ​ប៊ូ សំណាង ចាប់រំលោភ​ជនរងគ្រោះ​បានសម្រេច​ម្តង ហើយ​ជនសង្ស័យ​ឈ្មោះ​ទូច ឡុង​ឃុន ក៏​ចាប់​ជនរងគ្រោះ​ស្រាតខោ​បម្រុង​រំលោភ​ដែរ តែ​ជនរងគ្រោះ​រើ​បម្រាស់​។ ជនសង្ស័យ​ឈ្មោះ​ទូច ឡុង ឃុន​ក៏​លែង​វិញ​។

​បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ ប៊ូ សំណាង ក៏​ចាប់រំលោភ​ជនរងគ្រោះ​ម្តងទៀត​បានសម្រេច​ទៀត​។ រហូតដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​យក​ថ្នាំ​ងងុយដេក​ប្រហែល​៥០​គ្រាប់ ដើម្បី​លេប​សម្លាប់ខ្លួន ក៏ត្រូវ​ម្តា​យមក​ទាន់​សួរនាំ​ដឹង​រឿងហេតុ​ខាងលើ ក៏​នាំ​ជនរងគ្រោះ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ បង្អែក​រាជធានី​ភ្នំពេញ រួចមក​ដាក់ពាក្យ​បណ្តឹង​។​

​លុះដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ ម៉ោង​២​រសៀល ក្រុមគ្រួសារ​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​នៅ​ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់​។

​ពេលនេះ ជនសង្ស័យ​ពុំទាន់​សារភាព​បែបណា នៅឡើយ​ទេ ថា ជា​ករណី​រំលោភ​សេពសន្ថវៈ ឬ​ការព្រមព្រៀង​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជនសង្ស័យ​៕ ល​