យុវវ័យ​ជា​គោលដៅ​និង​ជា​មុខសញ្ញា​ក្នុងការ​អូសទាញ​ឱ្យប្រើ​ប្រាស់​គ្រឿងញៀន​

373
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: អភិបាលខេត្ត​កំពង់ចាម​លោក​អ៊ុន​ចាន់​ដា​បាន​អំពាវនាវ​ដល់​មាតា​បី​តា ឬ​អាណាព្យាបាល​សិស្ស​ទាំងអស់​ចូរ​អប់រំ​កូនចៅ​ជាប្រចាំ​កុំឱ្យ​ពួកគេ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​គឺ​យុវវ័យ​ជា​គោលដៅ​និង​ជា​មុខសញ្ញា​ក្នុងការ​អូសទាញ​ឱ្យប្រើ​ប្រាស់​គ្រឿងញៀន​។​ដូច្នេះ​សិស្សានុសិស្ស​ខ្លួនឯង​ផ្ទាល់​ដាច់ខាត​ត្រូវ​ចៀសវាង​ឱ្យ​ឆ្ងាយ​ពី​វា​(​គ្រឿងញៀន​)​គឺ​ប៉ះពាល់​ដល់​អនាគត​។​

​ក្នុងជំនួប​ជា​លើកដំបូង​ជាមួយ​មន្ត្រី​អប់រំ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​ដើម្បី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​សិស្ស​ពូកែ​ថ្នាក់ជាតិ​អន្តរជាតិ​និង​កីឡាករ​ដែល​ទទួលបាន​ស្នាដៃ​ក្នុង​មន្ទីរអប់រំ​យុវជន និង​កីឡា​។​កាលពី​ថ្ងៃទី​៨​ខែកក្កដា​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍ថា​យើង​សិស្ស​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គឺ​រៀន​ដើម្បី​ចង់បាន​ពិន្ទុ​ល្អ​និង​ជាប់​នូវ​រាល់កាល​ប្រឡង​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​។​

​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងឱ្យដឹងថា​លើសពីនេះ​ជា​សិស្ស​ត្រូវគោរព​វិន័យ​និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​ឱ្យបាន​ខ្ជាប់ខ្ជួន​។​ស្តាប់​ការពន្យល់​បកស្រាយ​រប​ស់លោក​គ្រូ​អ្នកគ្រូ​និង​កត់ត្រា​នូវ​រាល់​ខ្លឹម​សារសំខាន់ៗ​។​ត្រូវបង្កើត​ក្លឹប​សិក្សា​ជា​ក្រុម​តូចៗ​នៅតាម​ផ្ទះ​ឬ​នៅតាម​សាលារៀន​និង​ត្រូវ​ចេះ​ឱនលំទោន​គោរព​មាតា​បី​តា លោកគ្រូ​អ្នកគ្រូ និង​ចាស់ព្រឹទ្ធាចារ្យ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​លើកឡើង​ទៀតថា​កក្តា​សំខាន់​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​សិស្ស​ម្នាក់ៗ​គឺ​ដាច់ខាត​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រោះ​វា​ប៉ះពាល់​ដល់​អនាគត​រប​ស់​យើង​គឺ​សិស្សានុសិស្ស​នេះហើយ​ជា​គោលដៅ​និង​ជា​មុខសញ្ញា​ក្នុងការ​អូសទាញ​ឲ្យ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​។

​លោក​បាន​បន្ថែមថា​ឧក្រិដ្ឋជន​គ្រឿងញៀន​មើលឃើញ​យុវវ័យ​ជា​សិស្ស​នេះហើយ​ជា​មុខសញ្ញា​ដ៏​សំខាន់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​។​ដូច្នេះ​យុវជន​ទាំងអស់​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​បំពាន​គ្រឿងញៀន​នេះ ជាពិសេស​តាមរយ​:​ការ​សេពគប់​មិត្ត​ភក្តី យើង​ត្រូវ​មើល​បើ​មិនល្អ​ហើយ​កុំ​ដើរ​ជាមួយ​ឱ្យសោះ​។​
​លោក​បាន​បន្តថា​មាតា​បី​តា​ឬ​អាណាព្យាបាល​សិស្ស​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ជំរុញ​និង​ដាស់តឿន​កូនចៅ​ឲ្យ​ខិតខំ​រៀនសូត្រ​ទាំង​នៅក្នុង​សាលា និង​ក្រៅ​សាលា​គ្រប់ពេល​។

​អប់រំ​កូន​ឱ្យ​ស្វែងយល់​ពី​សីលធម៌​រស់នៅ​ប្រចាំថ្ងៃ​ដើម្បី​កុំឱ្យ​ពួកគេ​ក្លាយជា​ក្មេង​ទំនើង​ដើរលេង​មិន​ចូល​ផ្ទះ​នោះ​។​អប់រំ​ជាប្រចាំ​កុំ​ឲ្យ​ពួកគេ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​និង​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្សេងៗ​ទៀត​និង​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​បើ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​និង​បើ​ជិះ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់​គ្រប់ពេលវេលា​៕S/​

#