យុវ​សិស្ស និស្សិត​ផុលផុស​ចាប់អារម្មណ៍​ក្នុង​ទិវា​វប្បធម៌​ជាតិ​ធ្វើ​នៅ​បន្ទាយមានជ័យ

273
ចែករម្លែក
  • 25
    Shares
ប្រាសាទបន្ទាយឆ្មារ

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​យុវជន​សិស្ស​និស្សិត​ផុលផុស​ចាប់អារម្មណ៍​ក្នុង​ទិវា​វប្បធម៌​ជាតិ​ធ្វើ​នៅ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៩​ដោយ​ពួកគេ​ឯកភាព​នឹង​ការលើកឡើង​របស់​មន្ត្រី​វប្ប​ធ​ម៍​ដែល​វិស័យ​វប្បធម៌​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​បៃតង​ដែល​អាច​បង្កើន​សេដ្ឋកិច្ចជាតិ ឥតឈប់ឈរ​។

លោក យង់ តាំង​កួយ ប្រធាន​មន្ទី​រ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​ទិវា​វប្បធម៌​ជាតិ លើក​ទី​២១ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ដែល​ធ្វើ​កាលពី​ថ្ងៃទី​១៤ ខែមីនា​ថា​:​មន្ទីរ​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្តបន្ទាយមានជ័យ​និង​បានការ​ឧបត្ថម្ភ​ពី​សប្បុរជន និង​ឥស្សរជន​បាន​បន្ត​ជួសជុល​ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព​…​ជាប្រចាំ ។​ក៏​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​បោះបង្គោល​ព្រំ​ប្រាសាទ បោះបង្គោល​ព្រំ​ទួល​ស្ថានីយ​បុរាណ ទប់ស្កាត់​ការ​លួច​ជីក​កកាយ​ផ្នូរខ្មោច​បុរាណ ។​បានធ្វើ​វេទិការ​រក​ដំណោះស្រាយ អ្នក​អាស្រ័យ​ផល​នៅ​ស្ថានីយ​បុរាណ សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ក្នុង​ការធ្វើ​ប្លង់​កាន់កាប់​ដី​ស្ថានីយ​បុរាណ​ទប់ស្កាត់​ការរុះរើ​សំណង់​បេតិកភណ្ឌ​វត្ត ចុះ​សំណង់​បេតិកភណ្ឌ​វត្ត ចុះបញ្ជី​បេតិកភណ្ឌ​អរូបី មរតក​មនុ​ស្សរស់ និង​បេតិកភណ្ឌ​អរូបី​ជាច្រើន​ទម្រង់​ទៀត​នៅតាម​មូលដ្ឋាន​។

        លោក ប្រាក់ សុ​ណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តបន្ទាយមានជ័យ ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​នាពេល​កន្លងមក ក្នុងន័យ​ថែរក្សា និង​អភិរក្ស​វិស័យ​វប្បធម៌ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។          ចំពោះ​ទិវា​វប្បធម៌​នេះ លោ​កថា​មាន​គោលបំណង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ យុវជន និង​កុមារ ដែលជា​អ្នក​បន្តវេន យល់ដឹង​ច្បាស់ ពី​តម្លៃ​ដ៏​វិសេសវិសាល​នៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ប្រពៃណីជាតិ​។​

       ចំណែក​យុវជន​សិស្ស និស្សិត​ដែល​ចូលរួម​ក្នុង​ទិវា​វប្បធម៌​បាន​ឡើង​ឆ្លើយ​សំណួរ បញ្ចេញមតិ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​វប្បធម៌​និង​ទិវា​វប្បធម៌​ហើយ​ពួកគេ​ប្តេជ្ញា​ថា​ត្រូវ​ចូលរួម​ថែរក្សា​ការពារ លើកតម្កើង​កេរ្តិ៍ដំណែល និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​ដ៏​ថ្លៃថ្លា របស់​បុព្វបុរស​យើង​៕សរន