យូរ ឬ ឆាប់ អ្នកនឹង​ត្រូវ​លាង​ឈាម ប្រសិនបើ​អ្នក​ចេះតែ​រក្សា​ទម្លាប់​ទាំងនេះ​

220
ចែករម្លែក
  • 1
    Share

​តម្រងនោម​ជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​សរីរាង្គ ដោយ​វា​មាន​មុខងារ​ច្រោះ​នោម ផលិត​អ័រម៉ូន ស្រូបយក​សារជាតិ​រ៉ែ បង្កើត​ទឹកនោម កម្ចាត់​ជាតិពុល និង​ជួយ​បន្សាប​អាស៊ីត ប៉ុន្តែ​រាល់ថ្ងៃ​យើង​បាន​បង្ក​គ្រោះថ្នាក់​ឲ្យ​តម្រងនោម​ដោយ​មិនដឹង​ខ្លួន ។​

​ខាងក្រោម​នេះ ជា​ទម្លាប់​ទូទៅ​មួយចំនួន ដែល​បង្ក​សម្ពាធ​ទៅលើ​តម្រងនោម​។​

ហ្វឹកហាត់​ហួសកម្លាំង
ហ្វឹកហាត់​ហួសកម្លាំង បណ្តាល​ឲ្យ​សាច់ដុំ​រងរបួស ហើយ​សារជាតិ​អាក្រក់​នឹងត្រូវ​បាន​រំដោះ​ចូល​ឈាម​របស់​អ្នក ។ រឿងនេះ អាច​នាំ​ដល់​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ រួមមាន​ខ្សោយតម្រងនោម ។ ដូច្នេះ ប្រសិន​អ្នក​បាន​ហ្វឹកហាត់​ជ្រុល​កម្លាំង ហើយ​មាន​រោគសញ្ញា​ទាំងពីរ គឺ​ឈ​សាច់ដុំ និង​ទឹកនោម​លឿង​ដិត នោះ​ចូរ​ប្រញាប់​ទៅពិនិត្យ​សុខភាព​ជាបន្ទាន់ ។​

ប្រើប្រាស់​អំបិល​ច្រើន​
សរីរាង្គ​ត្រូវការ​សូ​ដ្យូ​ម (​មាន​ក្នុង​អំបិល​) ដើម្បី​ធ្វើការ​បាន​ត្រឹមត្រូវ ប៉ុន្តែ ការប្រើប្រាស់​អំបិល​ច្រើន លើសពី​បរិមាណ​ទូន្មាន​ជា​មូលហេតុ​មួយ បណ្តាល​ឲ្យ​លើសឈាម និង​បង្ក​សម្ពាធ​លើ​តម្រងនោម ។ អ្នក​មិនត្រូវ​បរិភោគ​អំបិល​លើស 5 g ក្នុង​១​ថ្ងៃ ។​

បរិភោគ​អាហារ​កែច្នៃ​ស្រាប់​ច្រើន​
អាហារ​កែច្នៃ​ស្រាប់​ផ្ទុក​យ៉ាងច្រើន​នូវ​ហ្វូ​ស​ហ្វ័​រ និង​អំបិល ។ អ្នក​កើត​ជំងឺ​ពាក់ព័ន្ធ​ដល់​តម្រងនោម ត្រូវ​កាត់បន្ថយ​អំបិល​ពី​របប​អាហារ​ប្រចាំថ្ងៃ ។ រីឯ​ចំពោះ​មនុស្ស​ធម្មតា នោះ​ការ​ស្រូបយក​ហ្វូ​ស​ហ្វ័​រ​ច្រើន ពី​អាហារ​កែច្នៃ​ស្រាប់ អាច​ឥទ្ធិពល​ដល់​តម្រងនោម និង​ឆ្អឹង ។​

ប្រើប្រាស់​ថ្នាំ​បន្ថយ​ការឈឺចាប់​
ថ្នាំ​ប្រឆាំង​រលាក​ដូចជា​អាស្ពីរីន ឬ ibuprofen មាន​សុវត្ថិភាព​ពេល​ប្រើ​ត្រឹមត្រូវ​តាម​កម្រិត តែ​ការប្រើ​ច្រើនពេក​ជាប្រចាំ​អាច​បណ្តាល​ឲ្យ​របួស​តម្រងនោម និង​ថែមទាំង​ខ្សោយ​ទាំងស្រុង ។ ប្រការនេះ គឺ​ដោយសារ​ថ្នាំ​បន្ថយ​ការឈឺចាប់ ធ្វើ​ឲ្យ​ថយចុះ​បរិមាណ​ចរាចរ​ឈាម​ទៅដល់​តម្រងនោម និង​ធ្វើ​ឲ្យ​មុខងារ​របស់​វា​ប្រែជា​អាក្រក់​, ពិសេស គឺ​ពេល​អ្នកមាន​ជំងឺ​តម្រងនោម ។​

​ដូច្នេះ សូម្បីតែ​ពេល​អ្នក​កំពុងមាន​អារម្មណ៍​ឈឺ​ខ្លាំង កុំភ្លេចថា ថ្នាំ​នេះ​គួរ​ប្រើតែ​ក្នុង​រយៈពេល​ខ្លី និង​នៅ​កម្រិត​ទាប​តាម​ដែល​អាច​ធ្វើបាន ៕ ប្រែ​សម្រួល​: រតនៈ​