យូ​ណាយ​ធី​ត​ប្រា​ប់លោក ចូ​សេ ម៉ូ​រី​ញ៉ូ រៀបចំ​ផែនការ​សម្រាប់​កីឡាករ​វ័យក្មេង​ដូច​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បានធ្វើ

906
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ត្រូវបាន​ប្រាប់ថា នឹង​គ្មាន​ដំណោះស្រាយ​បន្ថែម​ភ្លាមៗ នេះ​ទេ បន្ទាប់ពី​លោក​សម្តែង​ការខកចិត្ត​នឹង​ការ​ប្រជែង​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​។​

​គ្រូបង្វឹក​ក្លឹប​យូ​ណាយ​ធី​ត​រូបនេះ​មិនបាន​លាក់បាំង​ការខកចិត្ត​របស់លោក​ជុំវិញ​លទ្ធភាព​ផ្ទេរ​កីឡាករ​នៅ​រដូវក្តៅ​នេះ​ទេ បន្ទាប់ពី​ការមកដល់​ខ្សែបម្រើ ហ្វ្រេ​ដ (Fred) ក្នុងតម្លៃ​៥២​លាន​ផោន​នោះ​។ ប៉ុន្តែ​លោក​ហាក់ដូចជា​ត្រូវបាន​បង្ខំ​ឲ្យ​ទទួលយក​ការកែប្រែ​គោលនយោបាយ​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ទាំង​ភាពស្ទាក់ស្ទើរ​។​

​គេ​ជឿថា ថ្នាក់ដឹកនាំ​យូ​ណាយ​ធី​ត​បាន​ព្រមាន​ថា លោក ម៉ូ​រី​ញ៉ូ ត្រូវតែ​ឈប់​ទាមទារ​ចំណាយ ប្រាក់​ច្រើន​ទៅលើ​កីឡា​ករចាស់ៗ ដើម្បី​យកមក​បំពេញ​ភាពខ្វះ​ចន្លោះ ហើយ​ជំនួស​វិញ លោក​ត្រូវតែ ធ្វើ​ការងារ​ជាមួយ​កីឡាករ​វ័យក្មេង​ដែលមាន​ទេពកោសល្យ​ក្នុង​ក្លឹប​នេះ​។​
​ ​
​នាយក​ប្រតិបត្តិ​លោក អេ​ដ វូដ​វើដ (Ed Woodward) បាន​បដិសេធ​មិន​ពិចារណា​លក់ ផូ​ល ប៉ុក​បា (Paul Pogba) ឬ អែន​ថូ​នី ម៉ា​សល (Anthony Martial) ទេ​នៅ​រដូវក្តៅ​នេះ បើទោះបីជា​ពួកគេ មិន​ចុះសម្រុង​ជាមួយ​លោក ម៉ូ​រី​ញ៉ូ ក៏ដោយ​។​

​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ចំណាយពេល​ភាគច្រើន​នៅពេល​សម្រាក​បិទ​រដូវ​កាល​អះអាងថា ក្រុម​ជម្រើស​និង​កីឡាករ​របស់លោក​មិនទាន់​ល្អ​គ្រប់គ្រាន់​នៅឡើយ ជា​កិច្ចប្រឹងប្រែង ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​កីឡាករ​ពីរ​នាក់​បន្ថែម​ទៀត​គឺ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) របស់​ក្លឹប Spurs និង​កីឡាករ អ៊ី​វ៉ាន ភើ​រី​ស៊ី​ក (Ivan Perisic) របស់​ក្លឹប Inter Milan ។​
​ ​
​លោក វូដ​វើដ ចង់​ឲ្យ​ក្លឹប​នេះ​ពិនិត្យមើល​គោលដៅ​មធ្យម​និង​រយៈពេល​វែង ដូចដែល​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បានធ្វើ​ជាមួយ​កីឡាករ​វ័យក្មេង​របស់​ខ្លួន​និង​ផែនការ​សម្រាប់​អនាគត​។ លោក វូដ​វើដ ចង់​ធ្វើ​ឲ្យ ប្រាកដថា ប្រាក់​ដែល​បាន​ចំណាយ​ត្រូវតែ​ធ្វើ​ឲ្យ​ចំ​គោលដៅ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)
#