យើងទាំងអស់គ្នា​ប្រាថ្នា​ចង់បាន​គឺ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យុត្តិធម៌​សមភាព និង​សុខសន្តិភាព​

339

​ភ្នំពេញ​: ថ្ងៃនេះ​(១០​ធ្នូ​)​គឺជា​ទិវាសិទ្ធិមនុស្ស ហើយ​ជា​ថ្ងៃ​អបអរសាទរសម្រាប់​រយៈពេល​មួយឆ្នាំ​ពេញ ក្នុងការប្រារឰ​ខួប​លើក​ទី​៧០​នៃ​សេចក្តីប្រកាសជា​សាកល​ស្តីពី​សិទ្ធិមនុស្ស ។​
​ ​
​យើងទាំងអស់គ្នា​ពិតជា​មាន ព្រឹត្តិការណ៍​ជាច្រើន​ដែល​ត្រូវ​អបអរ សាទរ ។ សន្ធិសញ្ញា​អន្តរជាតិ និង​ច្បាប់ ជាតិ​នានា ត្រូវបាន​អនុម័ត​ឡើង​ដើម្បី ធានា​សិទ្ធិ​របស់​មនុស្ស​គ្រប់រូប រួមទាំង ស្ត្រី កុមារ ជនពិការ សហគមន៍​ជនជាតិ ដើម និង​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ ដទៃទៀត ។ ច្បាប់​ទាំងនេះ​ពិតជា​បានធ្វើ ឱ្យ​ជីវិត​របស់​ប្រជាជន​ជាច្រើន​មានការ ប្រសើរឡើង​។ ក៏ប៉ុន្តែ​ដោយសារ​ជម្លោះ និង​វិសមភាព​នៅតែ​កើត មាន​ឡើង​ក្នុង ពិភពលោក​យើង​នៅឡើយ យើង​គួរ ពិចារណា និង​ឆ្លុះបញ្ចាំង​អំពី​ផ្លូវ​ដែល​យើង​ត្រូវ​បន្ត ទៅមុខទៀត ។​

​នៅក្នុង​សារ​ថ្លែង​អបអរ​ទិវា សិទ្ធិមនុស្ស​ឆ្នាំនេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញូ ហ្គូ​ទែ​រ៉េ​ស បាន​មានប្រសាសន៍ថា “​សិទ្ធិ មនុស្ស​គឺជា​មូលដ្ឋានគ្រឹះ នៃ​សង្គម​សន្តិភាព​ទាំងឡាយ និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព ។ សេចក្តីប្រកាស ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​បង្កើតឱ្យមាន សមភាព​និង​សេចក្តីថ្លៃថ្នូរ​សម្រាប់​មនុ​ស្ស គ្រប់រូប ។ សេចក្តីប្រកាស​នេះ​កំណត់ឱ្យ​រដ្ឋាភិបាល​ទទួល​ខុស ត្រូវ​ក្នុង​ការធានា ថា ប្រជាជន​ទាំងអស់​អាច​ទទួលបាន​នូវ សិទ្ធិ​និង​សេរីភាព​ដែល​មិនអាច​លក់ ដូរ ផ្ទេរ ឬ​ដកហូត​បាន​របស់​ពួក​”​។​

​សេចក្តីប្រកាស​ជា​សាកល​ស្តីពី សិទ្ធិមនុស្ស​តែងតែ​ត្រូវបាន​ចាត់ទុកជា កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​មួយ ។ សេចក្តីប្រកាស​នេះ​ត្រូវបាន​តាក់តែង ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​ការបំផ្លិចបំផ្លាញ​ដោយសារ សង្គ្រាមលោក​លើក ទី​ពីរ ហើយ​និង​វិបត្តិ​សេដ្ឋកិច្ច ដែល​បាន ធ្វើឱ្យ​ពិភពលោក​យើង​រង្គោះរង្គើ​ក្នុង រយៈពេល​មួយ​សតវត្សរ៍​កន្លងមក​នេះ ។

​សេចក្តីប្រកាស​ជា​សាកល​ស្តីពី សិទ្ធិមនុស្ស​ក៏បាន​កំណត់​ជា​ផែនការ សកម្មភាព ដើម្បី​សម្រេច​ឱ្យបាន​នូវ ទស្សនវិស័យ​ស្តីពី​សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ សហប្រជាជាតិ​។​
​ ​
​គោលបំណង​របស់​សេចក្តី ប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​មាន លក្ខណៈ​ស្តង់ដារ​ខ្ពស់​តែ​អាច​ត្រូវបាន យកទៅអនុវត្ត​ន៍​ជា​សាកល​ស្របតាម បរិបទ​ជាក់ស្តែង​ផងដែរ ។ សេចក្តី ប្រកាស​នេះ បាន​កំណត់ថា មនុស្ស​ទាំង អស់​កើតមក​មាន​សេរីភាព សមភាព ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​។
​សេចក្តីប្រកាស​ក៏បាន​គូសបញ្ជាក់​ឡើង វិញ​អំពី​សមភាព​រវាង​បុរស និង​ស្ត្រី និង​ទទួលស្គាល់​សិទ្ធិ​ទទួល បានការ​ថែទាំ សុខភាព និង​សិទ្ធិ​មាន​លំនៅស្ថាន សិទ្ធិ ទទួលបាន​ការអប់រំ​ចាំបាច់​ជា​សាកល និង​សិទ្ធិ ទទួលបាន​ការងារ​ស​មរ​ម្យ ដែល​សិទ្ធិ​ទាំងនេះ​មាន​សារសំខាន់​ដូច គ្នា​ទៅនឹង​សេរីភាព​នៃ​គំនិត និង​ការ សម្តែង​មតិ សេរីភាព​ខាង​ជំនឿ​សាសនា ហើយ​និង​សេរីភាព​ក្នុងការ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​បង្កើត​សមាគម​។ សេចក្តីប្រកាស​នេះ​បានទទួល​ស្គាល់​ផង ដែរ នូវ​ឆន្ទៈ​របស់​ប្រជាជន​ដែលជា ប្រភព​មូលដ្ឋាន​នៃ​អំណាច​របស់​រដ្ឋាភិបាល ។ សេចក្តីប្រកាស​បានបញ្ជាក់​យ៉ាង ច្បាស់លាស់​ថា គ្មាន​បុគ្គល​ណា​ម្នាក់​គួរ ទទួលរង​ទារុណកម្ម ឬ​ទាសភាព​ឡើយ និង​ថា មនុស្ស​គ្រប់រូប​មាន​ភាពស្មើគ្នា​នៅ ចំពោះមុខ​ច្បាប់ ។​

​ជា​ញឹកញយ​ណាស់ ពិភពលោក បាន​ដើរ​ចាក​ឆ្ងាយ​ចេញពី​ទស្សនៈ​នេះ ហើយ​ជា​លទ្ធផល​ដែល​យើង ទទួលបាន គឺ​សង្គ្រាម និង​វិបត្តិ​ផ្សេងៗ ក៏ដូចជា​ការ បដិសេធ​នៃ​មនុស្ស និង​ការ​ផាត់​ចេញ​នូវ​សំឡេង របស់​ពួកគេ ។ ទោះជា​យ៉ាង ណាក៏ដោយ​សេចក្តីប្រកាស​មិនដែល បាន​បញ្ឈប់​ឡើយ​ក្នុង​ការជំរុញ​ទឹកចិត្ត ដល់​ការ​ស្តារឡើងវិញ នូវ​ស្ថានភាព អាក្រក់​ដែល​មនុ​ស្សបាន​ជួបប្រទះ និង​ការពុះពារ​តស៊ូ ដើម្បីឱ្យ​ស្ថាប័ន មាន​ភាព ល្អប្រសើរ​ឡើង ។ នៅ​ឆ្នាំ​២០១៥ ថ្នាក់ ដឹកនាំ​ពិភពលោក​បាន​អះអាង​ជាថ្មី​នូវ​ទស្សនៈ​នេះ​តាម រយៈ​ការ​អនុម័តិ​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព ឆ្នាំ​២០៣០ របស់​អង្គការ​សហ​- ប្រជាជាតិ​។

​របៀបវារៈ​នេះ​កំណត់​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​ចំពោះ​គោលការណ៍​ទាំងឡាយ​របស់​សេចក្តី ប្រកាស​ជា សាកល​អំពី​សិទ្ធិមនុស្ស ក៏ដូចជា​គោល ការណ៍​ទាំងឡាយ​របស់​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ​ផងដែរ ។ គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ដែល​ត្រូវ​បានអនុម័ត​រួច ហើយ​នេះ ផ្តោត លើ​ការបង្កើត​សន្តិភាព និង​វិបុលភាព ក្នុង​វិធីសាស្ត្រ​មួយ​ដែល​ផ្តោត​ការយក ចិត្ត​ទុកដាក់​លើ​ប្រជាជន និង​ការពារ ភពផែនដី តាមរយៈ​ភាពជា​ដៃគូ​ទាំង ដៃគូ​ចាស់ និង​ដៃគូ​ថ្មី ។ គោលដៅ សាកល​ទាំងនេះ​ទំនង បាន​ឆ្លុះបញ្ចាំង​ពី សេចក្តីប្រកាស​ជា​សាកល​បាន​យ៉ាងច្បាស់​លាស់​តាមរយៈ​សេចក្តី អំពាវនាវ​ថា “​មិនត្រូវ​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​”​។​

​របៀបវារៈ​ឆ្នាំ​២០៣០​អះអាង ថា សេចក្តីអំពាវនាវ “​មិនត្រូវ​ទុក​អ្នក ណា​ម្នាក់​ចោល​ឡើយ​” អាច សម្រេចបាន ល្គឹកណា​មនុស្ស​គ្រប់រូប​ទទួលបាន​សិទ្ធិ និង​សមត្ថភាព​ពេញលេញ​ដោយ​គ្មាន ការរើសអើង ដូចដែល​បាន​ធានា​ដោយ ច្បាប់​អន្តរជាតិ ហើយ​ដែល​វា​ក៏​ជា សសរ​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​សង្គម​ទាំង ឡាយ​ប្រកបដោយ​បរិ​យា​ប័ន្ន យុត្តិធម៌ និង​សុខសន្តិភាព​។ ការអនុវត្ត​របៀបវារៈ​ដ៏​មាន​សារសំខាន់​នេះ អំពាវនាវ ដល់​ភាពជា​អ្នកដឹកនាំ​ពី​សំណាក់ រដ្ឋាភិបាល និង​ឱ្យមាន​ការចូលរួម​ពេញលេញ​ពី​សំណាក់ ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​សង្គម​។​
​ ​
​ចាប់តាំងពី​ការចូលរួម​ក្នុង យុទ្ធនាការ​ស្ទាបស្ទង់​មតិ ដែល​ធ្វើឡើង ក្រោយ​ឆ្នាំ​២០១៥ រហូតដល់​កិច្ច​រៀបចំ សកម្មភាព​ផ្សព្វផ្សាយ​អំពី​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មក​សង្គម​ស៊ីវិល​បាន​ចូលរួមចំណែក យ៉ាងច្រើន រួចជាស្រេច​ទៅហើយ​ក្នុងការ​ធ្វើឱ្យ ការអនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ មាន ការវិវឌ្ឍ​ទៅមុខ​។ ហើយ​សង្គម​ស៊ីវិល មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​បញ្ជ្រាប អត្ថន័យ​នៃ​របៀបវារៈ​នៅតាម សហគមន៍ តាមរយៈ​ការផ្សព្វផ្សាយ បន្ត​ផ្តល់​សេវាកម្ម និង​ចែករំលែក​នូវ ទស្សនវិស័យ​របស់​អ្នក ដែល​ត្រូវបាន គេ​ទុកចោល​មិន​អើពើ ដើម្បី​ផ្តល់​ជា បច្ច័យ​ដល់​ដំណោះស្រាយ​តាមបែប គោលនយោបាយ​។ គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ទី​១៦​ៈ ភាពជា​ដៃគូ ជាមួយ​រដ្ឋាភិបាល គឺជា​គន្លឹះ​ក្នុងការ ធានាឱ្យមាន​នូវ​បរិយាកាស​អំណោយ ផល​ដល់​សង្គម​ស៊ីវិល ដែល​ជាមួយគ្នា នេះ សិទ្ធិ និង​សេរីភាព ជា​មូលដ្ឋាន ត្រូវបាន​ធានា​។​
​ ​
​ផ្អែកលើ​បទពិសោធន៍​របស់ ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ការបើក​ទូលាយ​ឱ្យមាន​ការចូលរួម​ពី សង្គម​ស៊ីវិល​រួមចំណែក​ជា​វិជ្ជមាន ដើម្បី​សម្រេចបាន​អាទិភាព​នៃ​ការ អភិវឌ្ឍ​ជាតិ​តាម​វិធីសាស្ត្រ​មួយ​ប្រកប ដោយ​បរិ​យា​ប័ន្ន សមធម៌ និង​រក្សា បាន​នូវ​សុខសន្តិភាព​។ ដោយសារ​តែមាន​ការចូល​រួម​ធ្វើការ​ពី សំណាក់​អង្គការ សង្គម​ស៊ីវិល​កិច្ចសហប្រតិបត្តិការ​រ​វាង សហគមន៍​មូលដ្ឋាន សហគមន៍​ជនជាតិ ដើម​ភាគតិច​ជាមួយនឹង​អាជ្ញាធរ មូលដ្ឋាន​ក្នុង​កិច្ច​លើកស្ទួយ​ការគ្រប់គ្រង ព្រៃឈើ និង​ជលផល​ប្រកបដោយ ចីរភាព​បានផ្តល់​ផល​វិជ្ជមាន​មួយចំនួន ហើយ​។ ហើយ​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ដំណើរការ រៀបចំ​គោលនយោបាយ និង​អនុវត្តន៍ យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ឆ្លើយតប និង​បង្ការ​អំពើ ហិង្សា​ផ្នែក​យែ​ន​ឌ័​រ និង​អំពើហិង្សា​លើ​កុមារ​។ អង្គការ សង្គម​ស៊ីវិល​ទាំងនោះ​ជា​អ្នកមាន​តួនាទី​សំខាន់ ក្នុង​ដំណើការ​សម្រេចបាន​នូវ សិទ្ធិ​ទទួលបាន​ការបង្ការ ព្យាបាល មេរោគ​អេដស៍ និង​សេវា​ថែទាំ​សុខភាព សម្រាប់​អ្នក​ដែល​ត្រូវការ​ជា​ចាំបាច់​។​
​ ​
​ស្របពេល​ដែល​យើង​ប្រារឰ ខួប​៧០​ឆ្នាំ​នៃ​សេចក្តីប្រកាស​ជាស​កល ស្តីអំពី​សិទ្ធិមនុស្ស​យើង​សូម​ចូលរួម លើកស្ទួយ​គំនិត​ច្នៃប្រឌិត ន​វា​នុ​វ​ឌ្ឍ និង​ទេពកោសល្យ​របស់​សង្គម​ស៊ីវិល ដោយ​បើកទូលាយ និង​ការពារ នូវ​សិទ្ធិ និង​លទ្ធភាព​សម្រាប់​សង្គម​ស៊ីវិល ប្រកប​កិច្ចការ​របស់ខ្លួន ព្រមទាំង​បន្ត អភិវឌ្ឍន៍​ភាពជា​ដៃគូ ដើម្បី​ពង្រឹង គោលបំណង​របស់​យើង​ឱ្យ​ឆាប់​សម្រេច បាន​នូវ​គោលដៅ​ទាំងឡាយ​ដែល យើងទាំងអស់គ្នា ប្រាថ្នា​ចង់បាន​គឺៈ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យុត្តិធម៌ សមភាព និង​សុខសន្តិភាព​សម្រាប់ ទាំងអស់គ្នា ៕ ​ដោយ​: ឃ្លែ​រ វ៉ាន ឌឺ វ៉ា​រេ​ន អ្នកសម្របសម្រួល​សហ​ប្រជាជាតិ តាងនាម​ឱ្យ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​

​យើងទាំងអស់គ្នា​ប្រាថ្នា​ចង់បាន គឺ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព យុត្តិធម៌ សមភាព និង​សុខសន្តិភាព​សម្រាប់​ទាំងអស់គ្នា (​រូបថត អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​)