យោធា៖ រ៉ូហ៊ីងយ៉ានឹងមានសុវត្ថិភាព នៅក្នុងជំរំមីយ៉ាន់ម៉ា

3384
ចែករម្លែក

បណ្តាជនភៀសខ្លួនដែលវិលមកកាន់មីយ៉ាន់ម៉ា នឹងមានសុវត្ថិភាព ដរាបណាពួកគេស្នាក់នៅក្នុងភូមិគំរូ ដែលត្រូវបានសាងសង់ឡើងសំរាប់ពួកគេ នេះបើតាមសម្តីរបស់ប្រមុខយោធាមីយ៉ាន់ម៉ា។

ជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាប្រមាណ៧សែននាក់បានភៀសខ្លួនទៅកាន់ប្រទេសក្បែរខាងបង់ក្លាដែស បន្ទាប់ពីយោធាធ្វើការបង្រ្កាបដ៏ព្រៃផ្សៃមួយលើពួកបះបោរកាលពីខែសីហាដែលនាំអោយអាមេរិកនិងអង្គការសហប្រជាជាតិ ហៅវាថាជាការបោសសម្អាតជាតិសាសន៍។

មីយ៉ាន់ម៉ានិងបង់ក្លាដែសបានព្រមព្រៀងគ្នាថានឹងបញ្ជូនជនភៀសខ្លួនមកកាន់រដ្ឋរ៉ាឃីនវិញកាលពីឆ្នាំមុន តែពួករ៉ូហ៊ីងយ៉ាស្ទាក់ស្ទើរមិនហ៊ានវិលមកកាន់ប្រទេសមួយដោយគ្មានការធានាសុវត្ថិភាពនិងសិទ្ធិជាមូលដ្ឋាន ដូចជាសេរីភាពនៃការធ្វើដំណើរជាដើមឡើយ។

ឧត្តមសេនីយ៍ មីន អ៊ុង ហ្លាំង បានសម្រន់ការភ័យខ្លាចទាំងនេះ នៅពេលនិយាយទៅកាន់គណៈប្រតិភូទៅពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅក្នុងរដ្ឋធានីណៃពីដោរកាលពីសប្តាហ៍មុន។

យោងតាមកំណត់ហេតុអង្គប្រជុំ ដែលត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍កាលពីថ្ងៃសៅរ៍ លោកបានប្រាប់គណៈប្រតិភូថា« មិនចាំបាច់ព្រួយបារម្ភអំពីសន្តិសុខទេ ប្រសិនបើពួកគេស្នាក់នៅក្នុងតំបន់ដែលគេរៀបចំសំរាប់ពួកគេ»។

មេទ័ពរូបនេះក៏បានលើកជាមន្ទិលអំពីការចោទប្រកាន់ ធ្វើឡើងដោយជនភៀសខ្លួននៅបង់ក្លាដែស ដែលភាគច្រើនបាននិយាយអំពីរឿងរ៉ាវនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការដុតបំផ្លាញនិងចាប់រំលោភ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានសង់ជំរំបណ្តោះអាសន្នជាច្រើនដែលអាចដាក់មនុស្សរាប់ម៉ឺននាក់ និងផ្ទះតូចៗដើម្បីរើប្រជាជនដែលផ្ទះរបស់គេត្រូវដុតបំផ្លាញអោយមករស់នៅទីនោះ។ជនរ៉ូហ៊ីងយ៉ាជាង១២០.០០០នាក់នៅតែរស់នៅក្នុងជំរំសំរាប់ជនភៀសខ្លួនក្នុងស្រុកនៅក្នុងក្រុងស៊ីតវេនៃរដ្ឋរ៉ាឃីន ដោយសារតែអំពើហិង្សាសហគមន៍នៅ
ឆ្នាំ២០១២ដែលបានសម្លាប់មនុស្សរាប់រយនាក់៕ដោយ៖វាសនា

រូបថតពីឧទ្ធម្ភាគចក្រយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃ១ឧសភា បង្ហាញភូមិរបស់ជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា ត្រូវបានដុតបំផ្លាញខ្ទេច