យោធា​ប៉ា​គី​ស្ថាន​ថ្កោលទោស​ការកាត់ទោស​ប្រហារជីវិត​អតីត​មេដឹ​នាំ​យោធា​

252
ចែករម្លែក

​លោក ពែរ​វេស មូ​សារ៉ាហ្វ (Pervez Musharraf)​អតីត​មេដឹកនាំ​យោធា​ប៉ា​គី​ស្ថាន​ដែល​បាន​រស់នៅ​និរទេស​ខ្លួន​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ធ្នូ​បន្ទាប់ពី​ត្រូវ​​បាន​តុលាការ​រក​ឃើញ​មាន​ពិរុទ្ធភាព​ពីបទ​ក្បត់ជាតិ ប៉ុន្តែ​សាលក្រម​នេះ​បង្ក​ការ​ថ្កោលទោស​ភ្លាមៗ​ពី​កងទ័ព​ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ អស់​រយៈពេល​ជិត​ពាក់កណ្តាល​ប្រវត្តិ​​សាស្ត្រ​៧២​ឆ្នាំ​របស់​ខ្លួន​។​

​វា​ជា​លើក​ទី​មួយ​ដែល​អតីត​មេដឹកនាំ​យោ​យ​ធា​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​ពី​បទ​ក្បត់ជាតិ​និង​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ជា​ប្រទេស​​ដែល​យោធា​រក្សា ឥទ្ធិពល​ខ្លាំង​ហើយ​មន្ត្រី​ជាន់​ខ្ពស់​តែងតែ​ត្រូវបាន​ចាត់ទុក​ថា​មាន​អភ័យឯកសិទ្ធិ​ពី​ការកាត់ទោស​។​

​លោក​ពែរ​វេស មូ​សារ៉ាហ្វ បាន​ស្ថិតនៅ​ក្នុង​ការ​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​ចាប់តាំងពី​ការហាមឃាត់​ធ្វើដំណើរ​ត្រូវបាន​ដកចេញ​កាលពី​ឆ្នាំ ២០១៦ ដែល​អនុញ្ញាត​ឱ្យ​លោក​ស្វែងរក​​ការព្យាបាល​ជម្ងឺ​នៅ​បរទេស​។​

​អតីត​មេដឹ​នាំ​យោធា​អាយុ​៧៦​ឆ្នាំ​នេះ​បាន​ចំណាយពេល​ភាគច្រើន​របស់​លោក នៅ​ទីក្រុង​ឌុយ​បៃ​និង​ទីក្រុង​ឡុង​ដ៍​។​

​ប្រភព​ព័ត៌មាន​ប៉ា​គី​ស្ថាន​ជាច្រើន​បាន​រាយការណ៍​អំពី​សាលក្រម​និង​ការកាត់ទោស​ដែល​សម្រេច​ដោយ​តុលាការ​ពិសេស​ដែល​មាន​សមាជិក ៣​នាក់​។​

​យោធា​ប៉ា​គី​ស្ថាន​បាន​បដិសេធ​សេចក្តីសម្រេច​របស់​តុលាការ​ពិសេស​នេះ​ដោយ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​កងទ័ព​មាន​ការឈឺចាប់​និង​តានតឹង​ក្នុង​ចិត្ត​ចំពោះ​​សេចក្តីសម្រេច​នេះ​។​

​ការកាត់ទោស​នេះ បាន​ចាប់ផ្តើម​ធ្វើ​នៅ​ឆ្នាំ​២០១៣​ហើយ ករណី​មួយ​ក្នុងចំណោម​ករណី​ចោទប្រកាន់​ជាច្រើនោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ពែរ​វេស មូ​សារ៉ាហ្វ ។ លោក ពែរ​វេស មូ​សារ៉ាហ្វ​បាន​សម្រេចចិត្តព្យួ​ររដ្ឋធម្មនុញ្ញ​និង​អនុវត្ត​ច្បាប់​គ្រាអាសន្ន​ជាបន្ទាន់​នៅ​ឆ្នាំ ២០០៧ ។​នេះ​បើ​យោងតាម​មេធាវី​របស់​លោក​។​

​ចំណាត់ការ​នេះ​បាន​ធ្វើឱ្យ​មាន​ការតវ៉ា​រីក​រាលដាល​ខ្លាំង​ប្រឆាំង​លោក ពែរ​វេស មូ​សារ៉ាហ្វ​ហើយ​នៅ​ទី​បំផុត​នោះ វា​បាន​នាំឱ្យ​លោក​លាលែង​ពី​តំណែង​និង​នីតិវិធី​ចោទប្រកាន់ប្រ​​ឆាំង​លោក​។​

​មេធាវី​របស់​លោក​បាន​និយាយថា បច្ចុប្បន្ន អតីត​ឧត្តមសេនីយ៍នេះ​មានជំ​ងឺ ហើយ​ស្ថិត​នៅ​ទីក្រុង​ឌុយ​បៃ​នៅឡើយ​ទេ​។ លោក​បាន​និយាយថា មិនទាន់​មាន​ការសម្រេច​ចិត្ត​ណា​​មួយ​ថា​តើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ឬ​យ៉ាងណា​នោះទេ​៕​ដោយ​៖​សុខា​/sn

លោក ពែរ​វេស មូ​សារ៉ាហ្វ អតីត​មេដឹកនាំ​យោធា​ប៉ា​គី​ស្ថាន (​រូបថត​ឯកសារ​ឆ្នាំ​២០០៤)