យោធា​មី​យ៉ាន់​ម៉ា សម្លាប់​ពួក​ឧទ្ទាម​១៣​នាក់​នៅក្នុង​ការ​វាយបក​នៅ​រដ្ឋ​រ៉ា​ឃី​ន​

356
ចែករម្លែក

​យោធា​មី​យ៉ាន់​ម៉ា បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មករា​ថា ខ្លួន​បានសម្លាប់​យុទ្ធជន​ជនជាតិ​រ៉ា​ឃី​ន​ចំនួន​១៣​នាក់​ក្រោយពី​ក្រុម​ប្រដាប់អាវុធ​នេះ​ធ្វើការ​វាយប្រហារ​​លើ​ប៉ុ​ស្ត៍​ប៉ូលិស​នៅ​ខែ​នេះ​។​

​រដ្ឋ​រ៉ា​ឃី​ន បាន​ជួប​អំពើហិង្សា​ក្នុង​កំរិត​ថ្មី​មួយ​នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ​រវាង​ក្រុម​បះបោរ កងទ័ព​អា​រ៉ា​កាន​(AA)​និង​កងកម្លាំង​សន្តិសុខ​។​

​ឧ​ត្ត​ម​សេនីយ៍ ទុន ទុន ន្យី បាន​និយាយថា កងទ័ព​បានសម្លាប់​ពួក​ឧទ្ទាម​១៣​នាក់ តែ​ប៉ូលិស​និង​ទាហាន​ក៏​បាត់បង់​អាយុជីវិត​ដែរ​។​

​ការប្រយុទ្ធ​គ្នា​បានកើត​ឡើង​នៅ​តំបន់​ដែលមាន​ការបះបោរ​រប​ស់ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​និង​ការបង្ក្រាប​ដោយ​យោធា ដែលនាំអោយ​ជន​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧២០.០០០​នាក់​ភៀស​​ខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​ក្រោយ​ខែ​សីហ​ឆ្នាំ​២០១៧​។​

AA​ជា​ក្រុម​ប្រដាប់អាវុធ​រៀបរយ​គួរសម​មួយ​។​កាលពី​ថ្ងៃ​៤​មករា ក្រុម​នេះ​បានធ្វើការ​វាយប្រហារ​ស​ម្លា​ប់​ប៉ូលិស​១៣​នាក់​និង​បង្ក​របួស​៩​នាក់​ទៀត​មុនពេល​យោធា​ចូល​អន្តរា​​គម​ន៍ បង្ក​ការ​ការប្រយុទ្ធ​គ្នា​ដែលនាំអោយ​អ្នកស្រុក​ភៀស​សឹក​រាប់ពាន់នាក់​។​


ឧ​ត្ត​ម​សេនីយ៍ ទុន​ទុន ន្យី

​តែ​ក្នុង​ប្រតិបត្តិការ​វាយបក​ចាប់ពី​ថ្ងៃ​៥​ដល់​១៦​មករា ឧ​ត្ត​ម​សេនីយ៍ ទុន​ទុន ន្យី បាន​អះអាងថា​«​យើង​ប្រមូលបាន​សាកសព​សត្រូវ​១៣​នាក់​និង​រឹបអូស​អាវុធ​៣​ដើម​។​មន្ត្រី​​និង​ទាហាន​ខ្លះ​របស់​យើង​ក៏​បាត់​បង់ជីវិត​» ទោះជា​យ៉ាងណា​លោក​មិនបាន​បញ្ជាក់ថា​ចំនួន​ប៉ុន្មាន​ទេ​។​

​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស​ផ្អាក​សង្គ្រាម​បណ្តោះអាសន្ន​ជាមួយ​ក្រុម​បះបោរ​ផ្សេងៗ​នៅ​ភាគ​ខាងជើង​ប្រទេស​កាលពី​ខែ​មុន តែ​រដ្ឋ​រ៉ា​ឃី​ន​មួយ​ត្រូវបាន​លើកលែង​ចេញ​​ដោយសារ​ក្រុម​AA​និង​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា ដែលមាន​ឈ្មោះថា កងទ័ព​រំដោះ​រ៉ូ​ហ៊ីង​យ៉ា​អា​រ៉ា​កាន​(ARSA)៕​ដោយ​៖​វាសនា​