យោធា​ម្នាក់​មានកូន​រហូត​១២​នាក់​ដង្ហោយ​រក​សប្បុរ​សជន​ជួយ​

1012
ចែករម្លែក

(​បាត់ដំបង​)៖​យោធា​និង​ប្រពន្ធ​មានកូន​រហូតដល់​១២​នាក់​មាន​ជីវភាព​លំបាក​ខ្វះខាត​ដោយសារតែ​ក្នុងបន្ទុក​គឺ​ត្រូវ​​រស់​ជាមួយនឹង​ប្រាក់បៀវត្ស​របស់​ស្វាមី​ដែលជា​មន្ត្រី​យោធា​តែប៉ុណ្ណោះ​បាន​អំពាវនាវ​សុំ​ឳ្យ​សប្បុរសជន​ជួយ​។​
លោក​ហ៊ឹង ស៊ីថា​អាយុ​៣៨​ឆ្នាំ​ជាម​ន្ត្រី​យោធា​ពាក់​សក្តិ​៤​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥​រស់នៅ​ក្នុងភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​បាន​រៀបរាប់ថា​លោក​ចាប់ផ្តើម​ចូល​បម្រើ​ការងារ​ជា​យោធា​នៅ​ឆ្នាំ​១៩៩២​។​

​មន្ត្រី​យោធា​រូបនេះ​បាន​បន្តថា​នៅក្នុង​អំឡុង​ឆ្នាំ​២០០០​លោក​ក៏បាន​រៀបការ​ជាមួយនឹង​ភរិយា​របស់លោក​ដែល​​មានឈ្មោះ​រ៉ា វិច្ឆិកា​អាយុ​៣៤​ឆ្នាំ​។​ចាប់តាំងពី​ចាប់ដៃគ្នា​មក​រហូតមកដល់​បច្ចុប្បន្ន​គ្រួសារ​លោក​មានកូន​ប្រុស​ស្រី​សរុប​មាន​ចំនួន​១១​នាក់​បូក​នឹង​ក្នុង​ពោះ​ម្នាក់ទៀត​គឺមាន​ចំនួន​១២​នាក់​ក្នុងនោះ​ស្រី​៦​នាក់ ប្រុស​៦​នាក់​។​

​បញ្ហា​ដែល​សំខាន់​គឺ​កូន​របស់លោក​ទាំងអស់​មិន​មានកូន​ណាមួយ​បាន​បញ្ចូល​ឈ្មោះ​ទៅក្នុង​បញ្ជី​បើកប្រាក់​បៀវត្ស​របស់​អង្គភាព​លោក​ឡើយ​ដូច្នេះ​មានន័យថា​បច្ចុប្បន្ន​លោក​ស៊ីប្រាក់ខែ​តែម្នាក់ឯង​រហូត​។​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ លោក​ក៏បាន​លើកឡើងថា​លោក​មិនបាន​បញ្ចូល​ឈ្មោះ​កូន​ទាំងអស់នោះ​មែន ដោយសារតែ​ការធ្វើ​បញ្ជីស្នាម​វា​​ញឹក​ពេក​មានន័យថា​១​ឆ្នាំ​កូន​១​វា​ស្ទើរតែ​អ្នក​កាន់​បញ្ជី​គេ​មិន​ជឿ ។

​ចំណែក​អ្នកស្រី រ៉ា វិច្ឆិកា​បាន​រៀបរាប់​អំពី​បញ្ហា​ដែល​នាង​មិន​ព្រមទៅ​ពន្យា​កំណើត​ដូច​គេ ដោយ​សុខចិត្ត​ពរ​ពោះ​មួយឆ្នាំ​ម្តង​ព្រោះ​បើ​ប្រៀបធៀប​ជា​រយៈពេល​វិញ​គឺ​រៀបការ​នៅ​ឆ្នាំ​២០០០​មកដល់ពេលនេះ​គឺ​១៧​ឆ្នាំ ហើយ​នាង​មានកូន​រហូតដល់​១២​នាក់ ពិតជា​មិនធម្មតា​នោះទេ ដោយ​នាង​បាន​និយាយថា នាង​បាន​ទៅ​ពិគ្រោះ​យោបល់​ជាមួយនឹង​វេជ្ជបណ្ឌិត​ជំនាញ​រួចមកហើយ​អំពី​ការពន្យា​កំណើត​។

​ប៉ុន្តែ​នៅពេលដែល​នាង​អនុវត្តតាម​វេជ្ជ​​បញ្ជា​ទោះបី​តាម​វិធី​ណាក៏ដោយ​ក៏​ខ្លួន​នាង​មិនអាច​ទទួលយក​បានឡើយ ទោះបី​តាមរយៈ​ដាក់​កង ចាក់​ថ្នាំ​ឬ​លេប​​ថ្នាំ​ក៏ដោយ​គឺ​វា​ធ្វើ​ទុក​ក្នុង​ខ្លួន​ខ្លាំងណាស់​ពិសេស​គឺ​ធ្លាក់ឈាម​តែម្តង​ដូច្នេះ​នាង​ក៏​សម្រេចចិត្ត​ទុក​តាម​ដំណើរ ។​ គ្រួសារ​នេះ​ក៏បាន​ថ្ងួចថ្ងូរ​ផងដែរ​អំពី​បញ្ហា​កង្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​កូន​ទាំងអស់​កំពុង​ពេញ​រៀន ពេញ​ស៊ី និង​កំពុង​ទាមទារ​តាម​តម្រូវការ​របស់​ពួកវា​ពិសេស​គឺ​ពេល​ដែលមាន​ការឈឺ​ថ្កាត់​ម្តងៗ គឺ​លោក​មិនដឹង​ទៅរក​លុយ​​ឯណា​នោះទេ​ដោយ​សុខចិត្ត​ខ្ចីបុល​គេ រហូត​បច្ចុប្បន្ននេះ​កាត់​សង​ថ្លៃ​បុល​គេ​តាមរយៈ​ពុស​ផ្ទះ និង​ដី​ពាក់កណ្តាល​ឳ្យ​គេ​ដើម្បី​ដោះបំណុល ដូច្នេះ​ទំហំ​ផ្ទះ​កាន់តែ​តូច រីឯ​ចំនួន​មនុស្ស​ក្នុងបន្ទុក​ចេះតែ​កើនឡើង​ដែល​ទាំងនេះ​គឺជា​​បញ្ហា​ប្រឈមមុខ​យ៉ាងខ្លាំង​សម្រាប់​គ្រួសារ​នេះ ។​

​ដោយ​មើលឃើញ​នូវ​ភាពខ្វះខាត​បែបនេះ​ទើប​នៅ​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៧​មាន​សប្បុរស​ជន​មួយចំនួន​បាន​នាំយក​អំណោយ​មនុស្ស​ធ៌​ម​ទៅជូន​ដល់ផ្ទះ​គ្រួសារ​យោធា​នេះ ដែល​ម្ចាស់​អំណោយ​មានឈ្មោះ លោក​សឿន ប៊ុនធឿន លោក​អ៊ឹង គឹម​លី​និង​អ្នកស្រី​ឈឿង ចាន់ លោក​ឈៀង យ៉ា​រ័ត្ន​ហៅ​ម៉ាំង​និង​លោក តាំង ផេង​ហ៊ី​ព្រមទាំង​ភរិយា ដែល​អំណោយ​ទាំងនោះ​រួមមាន អង្ករ មី ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី សារុង ក្រមា អាវយឺត ត្រីខ ប៊ីចេង សាប៊ូ ស្ករស និង​ស្ករ​គ្រាប់ ព្រមទាំង​ថវិកា​មួយចំនួន​ផងដែរ ។​
អំណោយ​ទាំងនេះ​បានផ្តល់​ជូន​តាមរយៈ​លោក​អនុសេនីយ៍ឯក​លឿង​សម្បត្តិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ោ វណ្ណៈ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ។​ លោក​ហ៊ឹង ស៊ីថា​និង​អ្នកស្រី​រ៉ា វិច្ឆិកា​បាន​លើក​ម្រាមដៃ​ដប់​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​ម្ចាស់​អំណោយ​ទាំងអស់​ពិសេស​គឺ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ដែលជា​និច្ចកាល​លោក​តែង​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ហើយ​ប្តី ប្រពន្ធ​ទាំងពីរ​នាក់​ក៏​សូម​អំពាវនាវ​ដល់​អស់​លោក​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែលមាន​​ចិត្តមេត្តា ករុណា។

ពិសេស​គឺ​សម្តេច ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយ​ដល់​ក្រុម​​គ្រួសារ​របស់ខ្លួន​ដែល​កំពុង​ប្រឈមមុខ​នឹង​ភាពខ្វះខាត ព្រោះ​សម្តេចតែងតែយកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​នៅពេលដែល​ជួបនឹង​ទុក្ខលំបាក​វេទនា​យ៉ាងខ្លាំង​៕ ដោយ ៖គ្រញូង

​រូប​ថ​តៈ​យោធា​និង​ប្រពន្ធ កូនប្រុស​ស្រី​ទាំង​១១​នាក់​
#