យោធា​ម្នា​ក់នៅ​ភ្នំពេញ​បិទផ្លូវ​៧០​ម៉ែត្រ​អាជ្ញាធរ​អន្តរាគមន៍​ដោះ​បន្លា​លួស​មួយអន្លើ​សិន​

387
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មន្ត្រី​យោធា​ម្នាក់​ដែល​កំពុង​បម្រើកា​ងារ​នី​ទីក្រុង​ភ្នំពេញ​តែ​គេ​ពុំ​បង្ហាញ​អត្តសញ្ញាណ​ឱ្យ​ច្បាស់លាស់​បាន​ប្រើ​សិទ្ធ​អំណាច​យក​ខ្សែលួស​ធ្វើ​របង​បិទផ្លូវ​សាធារណៈ​ទាំងស្រុង​ប្រវែង​ជាង​៧០​ម៉ែត្រ​បង្ក​ឱ្យ​អជ្ញាធរ​ចុះ​អន្តរាគមន៍​ជាបន្ទាន់​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនោះ​ផ្លូវ​ក្រួស​ក្រហម​ប្រវែង​៧០​ម៉ែត្រ​ក្នុងភូមិ​អូរ​ស្ពាន​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​ត្រូវ​អ្នកមានអំណាច​ដែល​គេ​ស្គាល់​ថា​ជា​យោធា​មាន​ឥទ្ធិពល​នៅ​ភ្នំពេញ​។​លោក​នោះបាន​បញ្ជា​កូនចៅ​ឱ្យ​បោះបង្គោល​ថ្ម​លើ​តួ​ផ្លូវ​និង​ព័ទ្ធ​បន្លា​លួស​បិទផ្លូវ​តែម្ដង​ដោយ​យក​ផ្លូវ​នោះ​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។

​ប្រភព​ដដែល​បាន​បន្តថា​ម្ចាស់​ដី​ដែល​ហ៊ាន​ព័ទ្ធរបង​យក​ផ្លូវ​របស់​រដ្ឋ​នេះ​ត្រូវបាន​គេ​ដឹងថា​មានមុខ​ងារ​ជា​យោធា​ជាន់ខ្ពស់​ឈ្មោះ​ឡាវ​វ៉ាន់​មានអំណាច​និង​ឥទ្ធិពល​មាន​ដី​ជាច្រើន​កន្លែង​នៅ​ខេត្តមណ្ឌលគិរី​។​គ្រប់​ទីតាំង​ដី​របស់លោក​នៅតាម​បង្គោលរបង​គឺមាន​បាញ់ថ្នាំ​ពណ៌​ខៀវ​និង​ក្រហម​ដែល​ចង់យក​ពណ៌​ស្លាក​សញ្ញា​របស់​យោធា​មកប្រើប្រាស់​បង្ហាញ​ពី​ឥទ្ធិពល ។

​ប្រពល​រដ្ឋ​នៅក្បែរនោះ​បានឱ្យដឹងថា គាត់​បានឃើញ​គេ​បិទផ្លូវ​នេះ​រយៈពេល​ប្រមាណ​១​ខែ​មកហើយ ។​ប៉ុន្តែ​ក្នុងនាម​ជា​ពលរដ្ឋ​ធម្មតា​ម្នាក់​គាត់​មិន​ហ៊ាន​រារាំង​គេ​នោះទេ​។​ពលរដ្ឋ​ដដែល​បន្តថា​ផ្លូវ​នេះ​គាត់​បានដឹងថា​ជា​ផ្លូវ​ចាស់​ដែល​បាន​ប្រើប្រាស់​រាប់សិប​ឆ្នាំ​មកហើយ​តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម​ហើយ​ការដែល​ឃើញ​គេ​បិទផ្លូវ​នេះ គាត់​មិន​ពេញចិត្ត​ទេ​។​

​លោក​គុជ​ម៉េង​ធូ​ចៅសង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​បានឱ្យដឹងថា​ការបិទផ្លូវ​សាធារណៈ​យក​ជា កម្ម​សិទ្ធ​បុគ្គល​បែបនេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះនេះ​ជាទី​តាំង​អភិវឌ្ឍន៍​របស់​សង្កាត់​។​លោក​ថា តាម​ពិនិត្យ​ជាក់ស្ដែង​ផ្លូវ​នេះ​ត្រូវបាន​បិទ​ប្រវែង​៧០​ម៉ែត្រ​។​លោក​បន្តថា​ជា​ជំ​ហ៊ាន​ដំបូង​គឺ​ដោះ​បន្លា​លួស​កាត់​ទទឹងផ្លូវ​នោះ​ចេញ​សិន​ខ្លាច​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​មាន​គ្រោះថ្នាក់​។​ចំណែក​បង្គោល​ថ្ម​ដែល​បោះ​លើ​តួ​ផ្លូវ តាម​គោលការណ៍​លោក​អភិបាលក្រុង គឺ​ត្រូវឱ្យ​ម្ចាស់​ដី​មក​ដោះចេញ​វិញ ។​

​សូមបញ្ជាក់ថា​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះមក​ពិនិត្យ​និង​កាត់​លួស​បន្លា​ព័ទ្ធ​ទទឹងផ្លូវ​នោះ​ចេញ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​វិញ​នៅ​ថ្ងៃទី​១៤​តុលា​២០១៩​។​ក្រោយ​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ពុំ​អាច​ឆ្លងកាត់​ផ្លូវ​ខាងលើនេះ​បាន​។​លោក​ឡាវ​វ៉ាន់​ជា​ម្ចាស់​ដី​រស្មី​កម្ពុជា​ពុំ​អាច​ស្វែងរក​ការបញ្ជាក់​បានទេ​នា​ថ្ងៃ​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ​។​

​ទាក់ទិន​បញ្ហា​នេះ​សារព័ត៌មាន​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបញ្ជាក់​ពីសា​ម៉ី​ដាំ​បង្គោលរបង​ដើម្បី​ផ្សាយ​ជូន​នា​លេខ​ក្រោយ​ទៀត​៕S/