យោធា​អង់គ្លេស​បង្ហាញ​កូន​រថក្រោះ​បាញ់កាំភ្លើង​ស៊ី​ប​បញ្ជា​តេ​ឡេ​ពី​ចម្ងាយ មិនចាំបាច់​យក​ជីវិត​ទាហាន​ទៅ​ប្រថុយ​

473

​កុំ​ច្រឡំ​ថា​នេះ​ជា​អាវុធ​នៅក្នុង​រឿង​មនុស្ស​យន្ត​លើ​កញ្ចក់​ទូរទស្សន៍ តាមពិត​វា​ជា​អាវុធ​ក្នុង​សមរភូមិ​ចុងក្រោយបង្អស់​របស់​យោធា​អង់គ្លេស​ទេ​។​

​កូន​រថក្រោះ​បញ្ជា​តេ​ឡេ​ពី​ចម្ងាយ​នេះ​អាច​ដឹក​កាំភ្លើង​ស៊ី​ប និង អាច​ប្រើ​ដើម្បី​វាយ​សត្រូវ​ដោយ​មិនចាំបាច់​ដាក់​ទាហាន​ទៅ​ប្រថុយ​ជីវិត​។

​ដោយមាន​ឈ្មោះថា Titan Strike រថក្រោះ​នេះ​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​ដំណាក់កាល​ដំបូងៗ​នៅ​តំបន់​ទំនាប​សាលី​ស្បឺ​រី​ក្នុង​ខេត្ត​វី​ល​សាយ​អឺ​របស់​អង់គ្លេស ដោយ​បាញ់​កាំរស្មីឡាស៊ែរ​ធ្វើ​ដូចជា​កំពុង​បាញ់​គ្រាប់កាំភ្លើង​ពិត​។

​រថក្រោះ​នេះ​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ​ដោយ​ទាហាន​ម្នាក់ ដែល​ប្រើ​ថេ​ប្លេ​ត​ដើម្បី​កំណត់​ទីតាំង​នៅលើ​ផែនទី និង​អាច​បញ្ជា​បើកបរ​ពី​ចម្ងាយ​ដោយ​ប្រើ​ឧបករណ៍ Joystick​។​

​កាមេរ៉ា​ច្រើន​គ្រាប់​អនុញ្ញាត​អ្នកបញ្ជា​មើលឃើញ​កាំភ្លើង ដូច្នេះ​ពួកគេ​អាច​សម្រេចចិត្តថា​ពេលណា​ត្រូវ​បាញ់​។

​រថក្រោះ Titan Strike ធ្វើការ​ទន្ទឹមគ្នា​ជាមួយ​រថក្រោះ​ស៊ើបការណ៍​មួយទៀត​ឈ្មោះ Titan Sentry ដែល​បំពាក់​កាមេរ៉ា​ចាប់​រូបភាព​ច្បាស់​ល្អ និង​ឧបករណ៍​រ៉ា​ដា​ចាប់​សញ្ញា​បាន​ឆ្ងាយ​។​

​រថក្រោះ Titan Sentry អនុញ្ញាតឱ្យ​កងកម្លាំង​ទាហាន​កំណត់​ទីតាំង​របស់​សត្រូវ ខណៈ​កំពុង​លាក់ខ្លួន​។ បន្ទាប់មក​គេ​អាច​បញ្ជូន​រថក្រោះ Titan Strike ដើម្បី​បាញ់ប្រហារ​លើ​គោលដៅ​៕ ដោយ៖ កញ្ញាដាលីស

រថក្រោះ Titan Strike អាច​បាញ់កាំភ្លើង​ស៊ី​ប​លើ​គោលដៅ​របស់​សត្រូវ​ដោយ​បញ្ជា​តេ​ឡេ​ពី​ចម្ងាយ