យោធា​អាមេរិក​ចាប់ផ្តើម​សមយុទ្ធ​នៅ​ប៉ែក​ខាងកើត​នៃ​ប្លុក​អង្គការ​ណា​តូ​

3342
ចែករម្លែក

​ទាហាន​អាមេរិក​ប្រមាណ​១៨.០០០​នាក់ ភាគច្រើន​មកពី​សមាជិក​អង្គការ​ណា​តូ​១៩​ប្រទេស​បានចាប់ផ្តើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ដែល​ដឹកនាំ​ដោយ​អាមេរិក នៅក្នុង​​ប្រទេស​ប៉ូឡូញ និង​បណ្តា​រដ្ឋបាល់​ទិច​កាលពី​ថ្ងៃអាទិត្យ​ទី​៣​មិថុនា ដើម្បី​បង្កើន​ការត្រៀមខ្លួន​ប្រយុទ្ធ​នៅ​ប៉ែក​ខាងកើត​របស់​សម្ពន្ធភាព​យោធា​មួយ​នេះ ខណៈ​ខ្លួន​ប្រ​​ឈម​ជាមួយ​រុស្ស៊ី​កាន់តែខ្លាំង​ឡើង​។​

​សមយុទ្ធ​Saber Strike​លើក​ទី​៨ ដែល​នឹង​បន្តធ្វើ​រហូតដល់​ថ្ងៃ​១៥​មិថុនា ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​គេ​រាយការណ៍​ថា ប៉ូឡូញ​ពិចារណា​សំណើ​មួយ​ដើម្បី​ស្វាគមន៍​ការ​​ដាក់​ទ័ព​អាមេរិក​អចិន្ត្រៃយ៍​នៅក្នុង​ប្រទេស​នេះ​។​ឯកសារ​ក្រសួងការពារជាតិ​ប៉ូឡូញ​មួយ​ដែល​បាន​លេច​ធ្លាយ​នៅ​សប្តាហ៍​នេះ​បង្ហាញថា រដ្ឋាភិបាល​ក្រុង​វ៉ា​សូវី​អាច​​ចំណាយ​ប្រាក់​ពី​១,៥​ទៅ​២​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​រាប់​រង​ការចំណាយ​ថ្លៃ​ដាក់​កងរថក្រោះ​នៅ​ប៉ូឡូញ​។​

​សំណើ​នេះ​ត្រូវបាន​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​រិះគន់​ភ្លាម ដោយ​រដ្ឋា​ភិ​បាន​វិមាន​ក្រឹម​ឡាំង និយាយថា​ការដាក់​ទ័ព​ណាមួយ​នឹងមិន​មាន​ប្រយោជន៍​ចំពោះ​សន្តិសុខ​និង​ស្ថេរភាព​​តំបន់​នេះ​ទេ​។​

​សូមបញ្ជាក់ថា អាមេរិក​បាន​បង្កើន​វ​ត្ត​មាន​របស់ខ្លួន​នៅ​ប៉ែក​ខាងកើត​នៃ​ប្លុក​អង្គការ​ណា​តូ និង​ប៉ូឡូញ​ជាពិសេស​ចាប់តាំងពី​រុស្ស៊ី​ដាក់​តំបន់​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ជា​ឧ​ប​​សម្ពន្ធ​របស់ខ្លួន​។​យោធា​អាមេរិក​បង្កើត​ទីស្នាក់កា​រ​ប្រចាំ​អឺរ៉ុប​ថ្មី​មួយ​នៅ​ប៉ូឡូញ​កាលពី​ខែឧសភា​ឆ្នាំ​២០១៧ ដើម្បី​បញ្ជា​ទាហាន​របស់ខ្លួន​ប្រមាណ​៦​ពាន់​នាក់​ដែល​ត្រូវ​​បានដាក់​ពង្រាយ​នៅ​បណ្តា​ប្រទេស​ក្នុង​អង្គការ​ណា​តូ​និង​ប្រតិបត្តិការ​របស់​ក្រសួងការពារជាតិ​អាមេរិក​នៅក្នុង​តំបន់​នេះ​។​

​វា​ជាការ​ដាក់ពង្រាយ​កងក​ម្លាំ​ង​អាមេរិក​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមត្រជាក់​និង​ដើម្បី​ធានា​ដល់​សម្ពន្ធមិត្ត​ណា​តូ​នៅ​ចុង​ខាងកើត​បំផុត​។​

​ថ្លែង​នៅក្នុង​ទីក្រុង​វ៉ា​សូវី កាលពី​ថ្ងៃ​ចន្ទ អគ្គលេខា​អង្គការ​ណា​តូ លោក​ជេន​ស៍ ស្តុល​ថេ​ន​ប៊ឺ​ក បាន​និយាយថា លោក​រំពឹងថា ពួក​មេដឹកនាំ​នៅ​ជំនួប​កំពូល​ណា​តូ​នៅ​ខែ​កក្ក​​ដា​នៅ​ក្រុង​ព្រុ​ច​សែ​ល​នឹងធ្វើ​ការសំរេចចិត្ត​អំពី​ការបង្កើន​ចំនួន​កងទ័ព ការត្រៀមខ្លួន​និង​ការ​ចល័ត​ទ័ព​នៅ​អឺរ៉ុប ជាពិសេស​ពាក់ព័ន្ធ​ក្រុម​ប្រយុទ្ធ​ចំនួន​៤​ដែល​ត្រូវ​បានដាក់​​ពង្រាយ​កាលពី​ឆ្នាំ​២០១៦៕ដោយ៖វាសនា

​ទាហាន​ណា​តូ​ក្នុងអំឡុង​សមយុទ្ធ​យោធា​Saber Strike​នៅ​ប៉ូឡូញ​កាលពី​ឆ្នាំមុន​